ក្រុមការងារតំណាងរាស្ត្រមណ្ឌលស្វាយរៀង នាំថវិការបស់សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ជូនគ្រួសារវីរៈកងទ័ពជួរមុខ ដែលបានពលីជីវិត និងវីរៈកងទ័ពដែលថៃចាប់ខ្លួន ហើយត្រូវដោះលែងត្រឡប់មកវិញ
11-02-2026 15:20
(ស្វាយរៀង)៖ ក្រុមការងារតំណាងរាស្ត្រមណ្ឌលស្វាយរៀងនៅនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំថវិការបស់សម្ដេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាចំនួន ៥លានរៀល មកប្រគល់ជូនគ្រួសារ វីរៈកងទ័ពជួរមុខ ដែលបានពលីនៅសមរភូមិមុខ និងវីរៈកងទ័ពកងទ័ពដែលថៃចាប់ខ្លួន ហើយបានបញ្ជូនមកមាតុភូមិវិញ។
ក្នុងឱកាសនោះក្រុមការងារតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ជូនក្រុមគ្រួសារវីរៈកងទ័ព ដោយក្តីនឹករលឹក។
ក្រុមការងារតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចាត់ទុកការពលីជីវិតរបស់វីរៈកងទ័ពនៅសមរភូមិមុខ គឺជាការបាត់បង់នូវវីរយុទ្ធជនប្រកបដោយមានសិកាស្នេហាជាតិមាតុភូមិ តស៊ូប្រយុទ្ធយ៉ាងអង់អាចក្លាហានក្នុងការការពារ បូរណភាពទឹកដី រហូតដល់ថ្ងៃអវសាននៃជីវិត។ អំពើល្អ និងការតស៊ូបង្ហាញឆន្ទៈដ៏មុតមាំដល់នាទីចុងក្រោយរបស់វីរៈកងទ័ព នឹងនៅតែស្ថិតក្នុងការចងចាំសម្រាប់ក្រុមគ្រួសារ និងជនរួមជាតិខ្មែរទាំងអស់គ្នា។
រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ចំពោះគ្រួសារវីរកងទ័ពជួរមុខជានិច្ច ដោយមិនទុកបងប្អូនចោលឡើយ តែងតែមើលថែឧបត្ថម្ភទំនុកបម្រុងមិនឱ្យជួបការខ្វះខាតឡើយ។
វីរៈយុទ្ធជនដែលបានពលីជីវិត និងវីរៈកងទ័ព ថៃចាប់ខ្លួនហើយបានបញ្ជូនមកប្រទេសកម្ពុជាវិញ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃរួមមាន៖
*ទី១៖ លោកព្រឹន្ទបាលឯក តែម សុខជា ដែលបានពលីក្នុងសមរភូមិ មានស្រុកកំណើតនៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ខេត្តស្វាយរៀង
*ទី២៖ លោកអនុសេនីយ៍ឯក ញឹក ប៊ុនសោន រស់នៅឃុំសំឡី ស្រុកកំពង់រោទិ៍ តែសព្វថ្ងៃគ្មានប្រពន្ធកូនទេ មានតែម្តាយ មានទីលំនៅក្នុងស្រុកកំពង់រោទិ៍
*ទី៣៖ លោកវរសេនីយ៍ត្រី ស្រី ធឿន ជាកងទ័ពជួរមុខ នៅភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង
*ទី៤៖ លោកព្រឹន្ទបាលឯក រ័ត្ន វណ្ណៈ នាយក្រុម២ អនុសេនាធំលេខ២ កាំភ្លើងដេកាហ្សិត៨២ វរសេនាតូច អន្តរាគមន៍លេខ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ដែលបានពលីជីវីត ដោយសារផ្សែងពុលរបស់ទាហានឈ្លានពានថៃ រស់នៅភូមិតាប៉ ឃុំ តាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
*ទី៥៖ លោក នៃ សុភ័ក្រ ដែលកងទ័ពថៃចាប់ខ្លួន បានបញ្ជូនមកប្រទេសកម្ពុជាវិញនាពេលថ្មីៗនេះ មានស្រុកកំណើត ស្ថិតនៅភូមិព្រៃត្រុំ ឃុំញ័រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោកបណ្ឌិត សម តារា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានឧបត្ថម្ភបន្ថែមចំនួន៥៥ម៉ឺនរៀល និងលោកស្រី ឯក សុវណ្ណភារៈ តំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានឧបត្ថម្ភបន្ថែម ថវិកា៥៥ម៉ឺនរៀលដល់ក្រុមគ្រួសារវីរៈកងទ័ពដែលពលី និងវីរៈកងទ័ពដែលថៃចាប់ខ្លួនផងដែរ៕














