FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដីឧទ្យានជាតិគិរីរម្យ រងការទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជនជាបន្តបន្ទាប់, ការទន្ទ្រានកាន់កាប់ដីឧទ្យានជាតិជាទង្វើខុសច្បាប់

11-02-2026 14:28

(កំពង់ស្ពឺ)៖ ដីឧទ្យានជាតិជាតិគិរីរម្យដីលម្ហែកម្សាន្តដ៏ទាក់ទាញមួយនៅឃុំចំបក់ ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ កំពុងមានជនខិលខូចលួចកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធិឯកជនជា​បន្ត​បន្ទាប់។

កាលពីខែកញ្ញា ឆ្នាំ២០២៥ សំណង់ជាច្រើនត្រូវបានមន្ត្រីឧទ្យានុរក្សប្រទះឃើញមានការ​លួចសាងសង់នៅឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យនេះ ហើយក៏ត្រូវបានរុះរើចេញ​វិញ​។ មកដល់ពេលនេះ គេមិនទាន់ដឹងថា តើជនដែលលួចសាងសង់សំណង់បំណង​កាន់កាប់ជាកម្មសិទ្ធិឯកជននេះត្រូវបានវែកមុខ ឬចាត់វិធានការច្បាប់យ៉ាងណានោះទេ?

លុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សនៃឧទ្យានជាតិព្រះសិរាម្រឹត​កុសុមៈ​គិរី​រម្យ ពេលចុះល្បាតបានប្រទះឃើញការបោះបង្គោលរបងហ៊ុមព័ទ្ធយកដីនៅឧទ្យានេះបន្ត​ទៀត ក្នុងគោល​បំណង​​យកធ្វើជាកម្មសិទ្ធិដោយគ្មានការអនុញ្ញាតនៅចំណុច​ព្រហ្មមុខបួន ត្រង់និយាមកា ៣៩៦១៩៣-១២៥៣០៨៦។

មន្ត្រីឧទ្យានុរក្ស បានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងតិ៍ ចំនួន​១៣​បេ ធុងទឹកចំណុះ៥,០០០លីត្រចំនួន១ កាមេរ៉ាសុវត្ថិភាពចំនួន៤គ្រាប់ សូឡាចំនួន​៣​ផ្ទាំង និងដែកវែងខ្លីជិត៤០០ដើមទៀត។ វត្ថុតាងទាំងអស់ ត្រូវបានមន្ត្រីឧទ្យានុរក្សយក​ ទៅរក្សាទុកនៅទីស្នាក់ការ និងកំពុងបន្តស្រាវជ្រាវរកជនដែលប្រព្រឹត្តចាត់ការតាមនីតិវិធី ក្រមបរិស្ថាន និងធនធានធម្មជាតិ។

បើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងបរិស្ថាន បានឱ្យដឹងថា នៅឧទ្យានជាតិព្រះសិរាម្រឹត​កុសុមៈ​គិរីនេះ ក្រៅពីការលប​លួច​កាន់​កាប់​ដោយ​ជនខិលខូចហើយនោះ បច្ចុប្បន្ន​ក៏មាន​ក្រុមហ៊ុនកំពុងគ្រប់គ្រងដោយ​ខុស​ច្បាប់​ផងដែរ។

ឧទ្យានជាតិ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី​ភារកិច្ច​គ្រប់​​គ្រងដោយក្រសួងបរិស្ថាន។ ឧទ្យានជាតិ មិនអនុញ្ញាតឱ្យជនណាកាប់​ទន្ទ្រាន​យក​ទៅ​ធ្វើ​ជាកម្មសិទ្ធិឯកជននោះឡើយ។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ឆ្នាំ២០២៣ បុគ្គលទាំងឡាយណាដែលធ្វើ​សកម្មភាពទន្ទ្រានកាន់កាប់លើដីតំបន់ការពារធម្មជាតិនឹងត្រូវផ្តន្ទាទោសដាក់ពន្ធ និង​ពិន័យ​ជាប្រាក់ថែមទៀតផង។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រាប់ Fresh News ថា លោក​បាន​ចាត់ឱ្យមន្ត្រីរបស់ក្រសួង ព្រមទាំងស្នើទៅសមត្ថកិច្ចនៅក្នុងខេត្តកំពង់ស្ពឺ តាមវែករកមុខ​ជនដែលបានលបលួចធ្វើសកម្មភាពកាន់កាប់ដោយខុសច្បាប់នៅឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ហើយនឹងចាត់វិធានការទៅច្បាប់ដោយគ្មានលើកលែងនោះឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំឱ្យធ្វើសកម្មភាពទន្ទ្រាន​កាន់កាប់ដីឧទ្យានជាតិ ឬតំបន់ការពារធម្មជាតិដទៃទៀត ព្រោះជាទង្វើខុសច្បាប់ ហើយនាំឱ្យប្រឈមនឹងផ្លូវច្បាប់ និងមានទោសទណ្ឌ៕