FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទូតអង់គ្លេសប្រចាំកម្ពុជា ចុះឈ្វេងយល់សក្តានុពល នៅខេត្តបាត់ដំបង, អភិបាលខេត្តប្រាប់ថា ខេត្តនៅខ្វះការវិនិយោគផ្នែកឧស្សាហកម្ម និងកែច្នៃវេចខ្ចប់កសិផល

10-02-2026 10:07

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងឈ្វេងយល់ពីសក្តានុពលនៅខេត្តបាត់ដំបង។

ជាកិច្ចចាប់ផ្តើមលោក សុខ លូ បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ជូនចំពោះឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។ ក្នុងឱកាសនេះលោកអភិបាលខេត្ត បានជម្រាបជូន កអគ្គរាជទូត ពីសក្តានុពលរបស់ខេត្តបាត់ដំបងថា បាត់ដំបងជាខេត្តស្ថិតនៅភាគពាយ័ព្យនៃប្រទេស កម្ពុជា មានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង ១៤៤,៨គីឡូម៉ែត្រ មានច្រកអន្តរជាតិ២ និងច្រកតំបន់៣ ជាមួយប្រទេសថៃ។

ខេត្តបាត់ដំបង ជាខេត្តដែលមានសក្ដានុពល លេីវិស័យកសិកម្ម និងទេសចរណ៍ និងសេវាកម្ម មានប្រជាជនជាង ១ លាន ៣សែននាក់ មាន១៤ ក្រុង-ស្រុក ភាគច្រើន បងប្អូនប្រជាពលរដ្ឋប្រកបរបរកសិកម្ម ហើយខេត្តបាត់ដំបងគឺជាខេត្តដែល កំពុងអភិវឌ្ឍ មិនត្រឹមតែមានសក្ដានុពលខាងផ្នែកកសិកម្មប៉ុណ្ណោះទេ ថែមទាំងមានសក្តានុពលខាងផ្នែកទេសចរណ៍ផងដែរ ដោយក្នុងក្រុងបាត់ដំបងមានសំណង់បុរាណជាង ៨០០ ខ្នងផ្ទះ និងមានវត្តបុរាណជាច្រើនដែលមានវ័យចំណាស់ជាង ១០០ឆ្នាំត្រូវបានថែរក្សា អភិរក្ស និងមានតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសប្រវត្តិសាស្ត្រជាច្រើនផងដែរ។

និយាយជារួម ខេត្តបាត់ដំបង នៅខ្វះការវិនិយោគផ្នែកឧស្សាហកម្ម និងកែច្នៃ វេចខ្ចប់កសិផលផ្សេងៗ។ ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនផ្នែក ដោយទាមទារឱ្យអ្នកវិនិយោគិនក្នុងស្រុក និងក្រៅស្រុកចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគផ្នែក កសិ-ឧស្សាហកម្ម ក្នុងការកែច្នៃ កសិផល ដើម្បីធ្វើការផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅក្រៅប្រទេស។

ឆ្លៀតក្នុងឱកាសនេះលោក អភិបាលខេត្ត បានស្នេីឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ជួយកៀរគរ អ្នកវិនិយោគ ចក្រភពអង់គ្លេសមក បណ្ដាក់ទុនរកស៉ីនៅ កម្ពុជាជាពិសេសខេត្តបាត់ដំបង លេីការកែច្នៃ ផលិតផល កសិកម្ម ដ៏សំបូរបែបក្នុងខេត្តបាត់ដំបង ដើម្បីបង្កើតឱកាសធ្វើពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងថ្លែងអំណរគុណដល់ភាគីចក្រភពអង់គ្លេស ដែលកន្លងមកតែងតែមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជាលើគ្រប់វិស័យ មានវិស័យសុខាភិបាល វិស័យអប់រំ វិស័យពាណិជ្ជកម្ម រួមទាំងវិស័យផ្សេងៗជាច្រើនទៀតបានយ៉ាងល្អប្រសើរ។

ពាក់ព័ន្ធ​បញ្ហាព្រំដែន​កម្ពុជា-ថៃ ដែលធ្វើឱ្យកម្ពុជារងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសខេត្តបាត់ដំបង រងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងពលរដ្ឋ វត្តអារាម រំខានដល់ការរស់នៅ ការធ្វើអាជីវកម្មរបស់ពលរដ្ឋកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនជាដើម។

លោក សុខ​ លូ​ បានថ្លែងថា កម្ពុជាមិនចង់មានសង្គ្រាមជាមួយប្រទេសជិតខាងណាមួយឡើយ គឺកម្ពុជាចង់បានសន្តិភាពតែប៉ុណ្ណោះ ដូច្នេះសូមឱ្យ ឯកអគ្គរាជទូត ជួយអំពាវនាវ ឱ្យអន្តរជាតិទទួលស្គាល់នូវការខិតខំតប្រឹងប្រែងរបស់កម្ពុជាដើម្បីទទួលបាននូវសុខសន្តិភាព និងព្រំប្រទល់មានការទទួលស្គាល់ដោយអន្តរជាតិ​។

ជាការឆ្លេីយតប លោក Dominic Williams បានទទួលយកនូវអ្វីដែល លោក អភិបាលខេត្ត បានលេីកឡេីង។ ឯកអគ្គរាជទូត ក៏បានយល់ពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃផងដែរ ។

ក្នុងឱកាសនេះ លោក ឯកអគ្គរាជទូតបានបង្ហាញនូវការសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្តេជ្ញាចិត្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ (online scams) ដែលជាបញ្ហាមួយបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គម និងវិនិយោគិន។

លោក អភិបាលខេត្តបានបង្ហាញការប្តេជ្ញាចិត្តជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ(onlinescams) ឱ្យអស់ពីមូលដ្ឋានខេត្តបាត់ដំបង។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាកាងានេះដែរ លោក Dominic Williams ក៏បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ និងបានផ្តល់ឱកាសបានសិក្សាស្វែងយល់ពីសក្តានុពលនិងស្វែង
យល់អំពីឱកាសវិនិយោគ និងតម្រូវការរបស់ខេត្តបាត់ដំបង ដែលជាខេត្តដ៏ល្អមួយនេះ ក្នុងឆន្ទៈដូចគ្នា គឺជួយអភិវឌ្ឍកំណើនសេដ្ឋកិច្ចប្រទេសជាតិទាំងពីរកាន់តែរីកចម្រើនបន្ថែម៕