អភិបាលខេត្តឧត្តរមានជ័យ៖ អតីតយុទ្ធជន ឬនិវត្តជន គឺជាគ្រឹះនៃសន្តិភាព ការយកចិត្តទុកដាក់ចំពោះពួកគាត់ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
08-02-2026 19:08
(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តរមានជ័យ បានថ្លែងថា អតីតយុទ្ធជនឬនិវត្តជន គឺជាគ្រឹះនៃសន្តិភាព ការយកចិត្តទុកដាក់ចំពោះពួកគាត់ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដូច្នេះត្រូវលើកកម្ពស់តួនាទី និងពង្រឹងរចនាសម្ព័ន្ធដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនទូទាំងខេត្តឱ្យបានរឹងមាំ។
ការថ្លែងលើកឡើងរបស់លោកអភិបាលឧត្តរមានជ័យ ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោកកិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង ស្រុកទាំង០៥ និងសាខាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាឃុំ សង្កាត់ទាំង២៤ក្នុងខេត្តឧត្ដរមានជ័យ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក មាន ចាន់យ៉ាដា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃផងដែរ។
លោកប្រធានគណៈកម្មាធិការ អ.ន.ក ខេត្ត ក៏បានថ្លែងផ្ដាំផ្ញើឱ្យថ្នាក់ដឹកនាំសមាគមដែលទើបទទួលបានការតែងតាំងទាំងអស់ ត្រូវតែដើរតួជាសេនាធិការដ៏សកម្ម ក្នុងការតាមដាន រាយការណ៍ និងជួយដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យបានទាន់ពេលវេលាបំផុត «ដោយយើងមិនត្រូវទុកឱ្យបងប្អូនណាម្នាក់នៅឯកោ ឬជួបការលំបាកដោយគ្មានការដឹងឮពីយើងនោះឡើយ»៕
















