មន្ដ្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ ស្រុកចំការលើ ជំរុញសមាជិកទាំងអស់ បន្ដរក្សាសាមគ្គីជាធ្លុងមួយ ដើម្បីជ័យជម្នះ និងសេចក្ដីសុខពលរដ្ឋ
08-02-2026 18:10
(កំពង់ចាម)៖ លោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ បានលើកឡើងថា ភាពរឹងមាំ នៃគណបក្សនៅថ្នាក់ជាតិ គឺអាស្រ័យលើភាពរឹងមាំនៃសកម្មជន និងសមាជិកនៅថ្នាក់មូលដ្ឋាន។ ដូច្នេះត្រូវបន្តសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីជ័យជម្នះរបស់គណបក្ស សេចក្តីសុខរបស់ប្រជាជន និងភាពរុងរឿងនៃប្រទេសជាតិយើង។
ការលើកឡើងរបស់លោកបណ្ឌិត ងួន វិទូ ក្នុងឱកាសអញ្ជើញជាតំណាងលោក ឌួង ឧត្តម អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកចំការលើ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំបុសខ្នុរ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៦ របស់គណបក្សប្រជាជនឃុំបុសខ្នុរ។
ក្នុងនាមសមាជិកម្នាក់នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំបុសខ្នុរ លោក ងួន វិទូ បានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា និងលើកទិសដៅបន្តសម្រាប់ខែកុម្ភៈនេះ។ តាមរយៈរបាយការណ៍បូកសរុប លោកបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវរបស់បងប្អូន។
ដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តទិសដៅបន្ត លោកបណ្ឌិត ងួន វិទូ បានសង្កត់ធ្ងន់លើចំណុចសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*ទី១៖ ការពង្រឹងសតិអារម្មណ៍ និងស្មារតីស្នេហាជាតិ៖ សន្តិភាព និងការអភិវឌ្ឍដែលយើងមានសព្វថ្ងៃ គឺជាសមិទ្ធផលដ៏ធំធេងដែលគណបក្សប្រជាជនកម្ពុជាបានសម្រេចជូនប្រទេសជាតិ។ ក្នុងនាមជាសកម្មជនបក្សនៅមូលដ្ឋាន ត្រូវមានជំហរនយោបាយរឹងមាំ ដើម្បីការពារសន្តិភាព និងបន្តអភិវឌ្ឍន៍ ប្រទេសជាតិ យើងឲ្យកាន់តែរីកចម្រើន។
*ទី២៖ ការងារគ្រប់គ្រងសមាជិក និងអត្តសញ្ញាណប័ណ្ណ៖ យោងតាមរបៀបវារៈដែលបានលើកឡើង ជំរុញឲ្យពិនិត្យមើលឲ្យបានច្បាស់លាស់លើសមាជិកបក្សដែលហួសសុពលភាពអត្តសញ្ញាណប័ណ្ណ ឬមិនទាន់មានអត្តសញ្ញាណប័ណ្ណ និងយុវជនដែលទើបគ្រប់អាយុ១៨ឆ្នាំ។ នេះគឺជាកិច្ចការងារចាត់តាំងដ៏សំខាន់ ដើម្បីធានាបាននូវជ័យជម្នះក្នុងគ្រប់សមរភូមិបោះឆ្នោត សម្រាប់បន្តដឹកនាំ ប្រទេសជាតិ។
*ទី៣៖ ការបម្រើសេវាសាធារណៈជូនប្រជាជន៖ ត្រូវចុះឲ្យដល់ខ្នងផ្ទះ យល់ឲ្យច្បាស់ពីទុក្ខលំបាករបស់ពលរដ្ឋ និងជួយដោះស្រាយឲ្យបានទាន់ពេលវេលា។ ការបម្រើប្រជាជនដោយស្មោះត្រង់ គឺជាការបម្រើប្រទេសជាតិដោយផ្ទាល់៕
















