កម្មវិធីជួបជុំអតីតនិស្សិត និស្សិត និងសាស្ត្រាចារ្យ អបអរសាទរនិស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ (ជំនាន់១៣) និងថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន (ជំនាន់៣) ដែលរៀបចំមហាវិទ្យាល័យរដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស.)
08-02-2026 16:12
(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ០៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចបានរៀបចំកម្មវិធី អបអរសាទរកម្មវិធីជួបជុំអតីតនិស្សិត និស្សិត និងសាស្ត្រាចារ្យ អបអរសាទរនិស្សិតជ័យលាភីដែលបានបញ្ចប់ការសិក្សានៃមហាវិទ្យាល័យរដ្ឋបាលសាធារណៈ ថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ (ជំនាន់១៣) និងថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន(ជំនាន់៣) ក្រោមអធិបតីភាព លោក ថោង ចន្ត្រា សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
សូមជម្រាបថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ មហាវិទ្យាល័យរដ្ឋបាលសាធារណៈ មួយឆ្នាំម្តង។ ឆ្នាំនេះគឺជារដូវកាលទី៤ ក្នុងគោលបំណងជួបជុំនិស្សិត អតីតនិស្សិត និងសាស្ត្រាចារ្យ ដើម្បីបង្កើតនូវសាមគ្គីភាព រក្សាទុកនូវអនុស្សាវរីយ៍ល្អៗតាមរយៈការប្រកួតទេពកោសល្យសម្តែងសិល្បៈរបស់និស្សិតបរិញ្ញាបត្រនៅក្នុងមហាវិទ្យាល័យរដ្ឋបាលសាធារណៈនេះ។
នៅក្នុងមហាវិទ្យាល័យរដ្ឋបាលសាធារណៈមានបរិញ្ញាបត្រចំនួន៣គឺ បរិញ្ញាបត្ររដ្ឋបាលសាធារណៈ បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ និងបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន។ សម្រាប់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិសិក្សាជាភាសាអង់គ្លេសដែលបានបង្កើតឡើងតាំងឆ្នាំ២០១០ មាននិស្សិតខ្មែរនិងនិស្សិតបរទេស ដែលមានដូចជានិស្សិតជនជាតិឡាវ ជនជាតិបារាំងបានចុះឈ្មោះចូលរៀនឬក្រោមគម្រោងកម្មវិធីផ្លាស់ប្ដូរកម្មវិធីសិក្សា។ ចំពោះបរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន(២+២)បានបង្កើតឡើងនៅឆ្នាំ២០១៩សិក្សាជាភាសាខ្មែរនិងចិន និស្សិតខ្មែរសិក្សា២ឆ្នាំនៅស.ភ.ន.វ.ស. និង២ឆ្នាំសាកលវិទ្យាល័យវិទ្យាសាស្ត្រនយោបាយនិងនីតិសាស្ត្រភាគនិរតី នៅទីក្រុងឆុងឈីងប្រទេសចិន។
ចំពោះរបៀបវារៈនៃកម្មវិធីពេញមួយរសៀលនេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងបំផុត ដែលដំបូងឡើយគឺការថ្លែងនូវរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងការលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ ដោយលោកសាស្ត្រាចារ្យជំនួយបណ្ឌិត ព្រុំ រិទ្ធី ប្រធានដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ។ បន្ទាប់មក កម្មវិធីក៏បានឈានដល់មតិសំណេះសំណាលប្រកបដោយអត្ថន័យពីសំណាក់ លោកបណ្ឌិត ឃឹម គីរី ព្រឹទ្ធបុរសរងមហាវិទ្យាល័យរដ្ឋបាលសាធារណៈ រួមជាមួយការប្រកាសបើកកម្មវិធីជាផ្លូវការដោយ លោក ថោង ចន្ត្រា សាកលវិទ្យាធិការរង។ ក្នុងឱកាសនោះដែរ តំណាងនិស្សិតជ័យលាភីគឺ លោក ណាន សុវណ្ណវិរៈបុត្រ និង កញ្ញា អេងថង កេសីយ៉ា ក៏បានឡើងថ្លែងសុន្ទរកថាបង្ហាញពីចំណាប់អារម្មណ៍ និងការតាំងចិត្តបន្ទាប់ពីបញ្ចប់ការសិក្សាពីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន និងបរិញ្ញបត្រទំនាក់ទំនងអន្តរជាតិ។ កាន់តែពិសេសជាងនេះទៅទៀត សាកលវិទ្យាល័យក៏បានអញ្ជើញ ឯកឧត្តមបណ្ឌិត ធិន វុត្ថា នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ដើម្បីផ្តល់កិត្តិយសចែករំលែកនូវចំណេះដឹង បទពិសោធន៍សិក្សា និងវិថីអាជីពការងារក្នុងវិស័យច្បាប់ និងទំនាក់ទំនងអន្តរជាតិ ជូនដល់ប្អូនៗនិស្សិតទុកជាទុនសម្រាប់ការងារទៅថ្ងៃអនាគត។
លើសពីនេះ កម្មវិធីក៏បានញ៉ាំងឱ្យបរិយាកាសកាន់តែអធិកអធម និងសប្បាយរីករាយតាមរយៈផ្ទាំងទស្សនីយភាពសិល្បៈជាច្រើន ដែលសម្តែងដោយនិស្សិតនៃដេប៉ាតឺម៉ង់ទាំងពីរ រួមមាន៖ ការដើរម៉ូតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ៧ថ្ងៃ ការបកស្រាយចម្រៀង និងរបាំប្រពៃណីឡាវ (ដោយនិស្សិតឡាវ) ការសម្តែងឈុតឆាករឿង "កុលាបប៉ៃលិន" ការសម្តែងហនុមាន ការបកស្រាយចម្រៀងសម័យ ការសម្តែងរឿង "ទុំទាវ ២០២៦" និងការបង្ហាញក្បាច់គុនល្បុក្កតោ ដែលសុទ្ធសឹងតែបង្ហាញពីភាពច្នៃប្រឌិតខ្ពស់របស់និស្សិត។
និស្សិតជ័យលាភីទទួលបានលិខិតបញ្ជាក់ការសិក្សាដែលបានបញ្ចប់ការសិក្សាពីថ្នាក់បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ (ជំនាន់១៣) និងថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រខ្មែរ-ចិន (ជំនាន់៣)។ ទន្ទឹមនឹងនោះ គណៈអធិបតីក៏បានប្រគល់លិខិតថ្លែងអំណរគុណ និងរង្វាន់លើកទឹកចិត្តជូនដល់ក្រុមសម្តែង ក្រុមស្នូល និងក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការរៀបចំកម្មវិធីទាំងមូលឱ្យទទួលបានជោគជ័យ និងប្រព្រឹត្តទៅយ៉ាងរលូនគួរជាទីមោទនក្រៃលែង៕








