ប្រតិបត្តិការគៀងចាប់សត្វទន្សោង ជាប្រវត្តិសាស្រ្តទទួលបានជោគជ័យលើសពីការរំពឹងទុក
08-02-2026 15:23
(ស្ទឹងត្រែង)៖ ក្នុងប្រតិបត្តិការគៀងចាប់សត្វទន្សោងលើកទីពីរ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ គឺទទួលបានចំនួន ១៦ក្បាល (ឈ្មោលចំនួន ៩ក្បាល និងញីចំនួន ៧ក្បាល) ដោយបានយកចេញពីតំបន់មានហនិភ័យខ្ពស់ ទៅកាន់តំបន់សុវត្ថភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ស្ថិតក្នុងឃុំព្រែកមាស ស្រុកសៀមប៉ាង។
តាមការបញ្ជាក់ ហ្វូងសត្វទន្សោងនេះ គឺបានបម្លាស់ទីចេញមកពីដែនជម្រកសត្វព្រៃសៀមប៉ាង កាលពីកំឡុងដើមឆ្នាំ២០២៤ ដោយធ្វើដំណើរជាលក្ខណៈធម្មជាតិរបស់សត្វរហូតមកដល់តំបន់ដែលមានប្រជាជនរស់នៅ ជាពិសេស គឺជាតំបន់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបាន និងកំពុងធ្វើការវិនិយោគលើវិស័យកសិកម្ម។
សូមរំលឹកថា ប្រតិបត្តិការគៀងចាប់លើកទីមួយ កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គឺទទួលបានទន្សោងចំនួន ១៦ក្បាល (ឈ្មោលចំនួន ៥ក្បាល និងញីចំនួន ១១ក្បាល) ហើយដែលក្នុងចំណោម ១៦ក្បាលនេះ គឺមានកើតបានកូនថ្មីចំនួន ២ក្បាល បន្ថែមទៀត។ សរុបសត្វទន្សោងដែលគៀងចាប់បាន និងកើតថ្មីថែមមានចំនួន ៣៤ក្បាល កំពុងរស់នៅដោយសុវត្ថភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង។
តាមការបញ្ជាក់ពីលោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើមហេតុនៃការគៀងចាប់សត្វទន្សោងនេះ គឺដោយសារមានការបរបាញ់សត្វទន្សោងស្លាប់ចំនួន ២ក្បាល ព្រលះយកសាច់ទៅអស់ ដោយជនខិលខូចកាលពីកំឡុងខែមេសា ឆ្នាំ២០២៤ ទើបក្រុមល្បាតចល័តមួយដែលមានសមាសភាពមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថខេត្ត រដ្ឋបាលស្រុកបូរីអូរស្វាយសែនជ័យ ក្រោមកិច្ចគាំទ្របច្ចេកទេស និងថវិកាពីអង្គការអភិរក្សសៀមប៉ាង និងក្រុមហ៊ុនរ៉ាយហ្សីងហ្វូនិក ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីការពារហ្វូងសត្វទន្សោងទាំងនេះពីការបរបាញ់ ឬដាក់អន្ទាក់ដោយក្រុមជនខិលខូច ហើយស្វែងរកវិធីសាស្រ្តដើម្បីគៀងចាប់យកទៅដាក់នៅតំបន់ដែលមានសុវត្ថភាពវិញ។ ជាលទ្ធផល ក្រោយការចុះល្បាតចល័តដោយក្រុមការងារ គឺមិនមានទន្សោងណាមួយត្រូវបានសម្លាប់ទៀតនោះទេ។
សូមបញ្ជាក់ថា សត្វទន្សោងគឺជាពូជគោព្រៃគោពដ៏ស្រស់ស្អាតមួយហើយត្រូវបានគេចាត់ទុកជាបុព្វបុរសរបស់ពូជគោស្រុកប្រចាំតំបន់អាស៊ីអាគ្នេយ៍។ ដើម្បីធានានូវនិរន្តភាព សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំបរបាញ់ ឬដាក់អន្ទាក់យកទន្សោង ឬសត្វព្រៃដទៃៗទៀត ហើយត្រូវងាកមកចូលរួមទាំងអស់គ្នាដើម្បីថែរក្សា និងការពារនូវសត្វព្រៃគ្រប់ប្រភេទ ទុកសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត៕



















