លោក ជា ធីរិទ្ធ៖ មេដឹកនាំកម្ពុជា វៀតណាម ឡាវ ពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែនសន្តិភាព នៃប្រទេសទាំងបី (Video inside)
08-02-2026 11:25
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានលើកឡើងថា មេដឹកនាំប្រទេសទាំងបីកម្ពុជា វៀតណាម និងឡាវ ពោលគឺសម្ដេចតេជោ ហ៊ុន សែន, លោក តូ ឡឹម និងលោក ថងលុន ស៊ីសូលីត បានបង្ហាញការពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះការដោះស្រាយបញ្ហាព្រំដែន បែបសន្តិភាពនៃប្រទេសទាំងបី។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសដែល លោក សួស យ៉ារ៉ា និងលោក ជា ធីរិទ្ធ ធ្វើសន្និសីទសារព័ត៌មានស្ដីពី៖ លទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគី ថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី០៦-០៧ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ជា ធីរិទ្ធ បញ្ជាក់យ៉ាងដូច្នេះថា «ចំណុចគោលដៅរួមនោះគឺ សន្តិសុខនៅតាមព្រំដែនដែល លោក សួស យ៉ារ៉ា លើកឡើងបញ្ជាក់យ៉ាងច្បាស់ហើយថា ប្រមុខមេដឹកនាំនៃគណបក្សទាំងបី គឺបានផ្ដល់តម្លៃខ្ពស់ និងពេញចិត្តយ៉ាងខ្លាំងចំពោះសន្តិសុខនៅតាមព្រំដែនរវាងកម្ពុជា ឡាវ និងវៀតណាម ដែលជាចំណុចស្នូលនៃការអភិវឌ្ឍទាំងការទូត នយោបាយ ការពារជាតិ ទៅជាមួយគ្នា»។
ក្នុងន័យនេះ លោក ជា ធីរិទ្ធ បានគូសរំលេចថា ការសហការគ្នា ការដោះស្រាយនៅតាមព្រំដែន ជារួមដោយសន្តិវិធីនេះ គឺជាប្រពៃណីមួយដ៏ល្អ និងជាយន្តការមួយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានខិតខំប្រឹងប្រែង និងជំរុញឲ្យឈរលើស្មារតី និងគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានគូសបញ្ជាក់បន្ថែមថា កិច្ចប្រជុំទ្វេភាគី និងត្រីភាគី រវាងថ្នាក់ដឹកនាំកម្ពុជា-ឡាវ-វៀតណាម លើកនេះ បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈនយោបាយរួម និងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំនៃគណបក្ស និងប្រទេសទាំងបី ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដោយឈរលើគោលការណ៍មិត្តភាពប្រពៃណី ការគោរពអធិបតេយ្យភាព និងអត្ថប្រយោជន៍រួម។
បើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ, លទ្ធផលនៃកិច្ចប្រជុំលើកនេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យនៃការទំនាក់ទំនងរវាងគណបក្ស និងរដ្ឋទាំងបីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសារបញ្ជាក់ដល់សហគមន៍អន្តរជាតិ អំពីការប្តេជ្ញារួមរបស់កម្ពុជា ឡាវ និងវៀតណាម ក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព នៅក្នុងតំបន់ផងដែរ៕












