FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិចារណកថា៖ ចំណុចកម្ដៅ (Hotspot) និងអ័ព្ទផ្សែង (Haze)

06-02-2026 09:33

(ភ្នំពេញ)៖ ចំណុចកម្តៅ (Hotspots) និងផ្សែងអ័ព្ទ (Haze) គឺជាសូចនាករពីរដែលត្រូវបានប្រើប្រាស់ជាទូទៅក្នុងការតាមដានបញ្ហាភ្លើងឆេះព្រៃ និងការឆេះដីធ្លី។ ទោះបីជាមានទំនាក់ទំនងគ្នាក៏ដោយ ប៉ុន្តែសូចនាករទាំងពីរនេះតំណាងឱ្យទិដ្ឋភាពខុសគ្នានៃសកម្មភាពភ្លើង ហើយមិនគួរត្រូវបានបកស្រាយថាជាខ្នាតរង្វាស់ដែលមានតម្លៃស្មើគ្នានោះទេ។

១. ចំណុចកម្ដៅ (Hotspots)

ចំណុចកម្តៅ គឺជាទិន្នន័យដែលរកឃើញដោយផ្កាយរណប នៅពេលផ្ទៃដីមានសីតុណ្ហភាពខ្ពស់ខុសធម្មតា ដែលបញ្ជាក់ថាមានភ្លើងកំពុងឆេះនៅទីតាំងនោះ។ ទិន្នន័យចំណុចកម្តៅត្រូវបានប្រើប្រាស់ជាចម្បងដើម្បីកំណត់ចំនួន និងភូមិសាស្ត្រនៃទីតាំងឆេះ។ ចំណុចសំខាន់ដែលត្រូវកត់សម្គាល់គឺ ចំណុចកម្តៅមិនមែនជារង្វាស់នៃទំហំ អាំងតង់ស៊ីតេ (កម្រិតនៃការឆេះខ្លាំង ឬតិច) ឬរយៈពេលនៃភ្លើងឆេះនោះទេ។ ចំនួនចំណុចកម្តៅខ្ពស់ បង្ហាញថាមានការឆេះច្រើនកន្លែង ប៉ុន្តែមិនមែនមានន័យថាជាការឆេះក្នុងទ្រង់ទ្រាយធំ ឬមានសភាពធ្ងន់ធ្ងរជានិច្ចនោះទេ។

២. អ័ព្ទផ្សែង (Haze)

ផ្សែងអ័ព្ទ សំដៅលើការបំពុលខ្យល់ដែលបង្កឡើងដោយភាគល្អិតផ្សែងដែលភាយចេញពីការឆេះ ហើយអណ្តែតក្នុងបរិយាកាស។ វាគឺជាផលវិបាកនៃការឆេះ និងឆ្លុះបញ្ចាំងពីផលប៉ះពាល់ដល់បរិស្ថាន ព្រមទាំងសុខភាពសាធារណៈដែលបណ្តាលមកពីសកម្មភាពភ្លើង។ កម្រិតភាពធ្ងន់ធ្ងរនៃផ្សែងអ័ព្ទ អាស្រ័យលើកត្តាជាច្រើនដូចជាប្រភេទឥន្ធនៈ រយៈពេលនៃភ្លើង ព្រមទាំងលក្ខខណ្ឌអាកាសធាតុ រួមមានខ្យល់ និងទឹកភ្លៀងជាដើម។ ផ្សែងអ័ព្ទកម្រិតធ្ងន់ធ្ងរអាចកើតមានឡើង សូម្បីតែក្នុងករណីដែលចំនួនចំណុចកម្តៅមានកម្រិតទាបក៏ដោយ។

៣. ចំណុចសំខាន់នៃភាពខុសគ្នារវាងចំណុចកម្ដៅ (Hotspot) នឹង អ័ព្ទផ្សែង (Haze)

ចំណុចកម្តៅបង្ហាញពី «កន្លែងដែលភ្លើងត្រូវបានរកឃើញ» ចំណែកឯផ្សែងអ័ព្ទ បង្ហាញពី «របៀបដែលភ្លើងជះឥទ្ធិពលដល់គុណភាពខ្យល់ និងការមើលឃើញ»។ វត្តមាននៃចំណុចកម្តៅ មិនឆ្លុះបញ្ចាំងដោយផ្ទាល់ពីកម្រិតធ្ងន់ធ្ងរនៃផ្សែងអ័ព្ទនោះទេ ហើយសូចនាករទាំងពីរនេះត្រូវតែវិភាគរួមគ្នា ដើម្បីទទួលបានការវាយតម្លៃពីស្ថានភាពភ្លើងឆេះឱ្យបានត្រឹមត្រូវ។

៤. សេចក្ដីសន្និដ្ឋាន ចំណុចកម្តៅ និងផ្សែងអ័ព្ទ គឺជាសូចនាករបំពេញឱ្យគ្នាទៅវិញទៅមក។ ចំណុចកម្តៅមានសារៈសំខាន់សម្រាប់ការស្វែងរក និងតាមដានបញ្ហាភ្លើងឆេះ ខណៈពេលដែលផ្សែងអ័ព្ទមានសារៈសំខាន់សម្រាប់ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន និងសុខភាព។ ការយល់ដឹងច្បាស់ពីភាពខុសគ្នារវាងសូចនាករទាំងពីរ ជួយឱ្យការរាយការណ៍មានភាពសុក្រឹត និងបង្កើនប្រសិទ្ធភាពក្នុងការរៀបចំផែនការឆ្លើយតប។ ចំណុចកម្តៅជួយក្នុងការតាមដាន ចំណែកផ្សែងអ័ព្ទជួយក្នុងការ វាយតម្លៃផលប៉ះពាល់៕