FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្លិបអ្នកកាសែតកម្ពុជា សហការជាមួយក្រសួងសុខាភិបាល រៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន (Video inside)

05-02-2026 15:56

(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងសុខាភិបាល និងផ្ទះយុវជនដើម្បីមិត្តភាព កម្ពុជា-ចិន នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំវគ្គបណ្តុះបណ្តាលពិសេសស្តីពី «ការសង្គ្រោះបឋមដល់ជនរងគ្រោះ ឬអ្នកជំងឺភ្លាមៗ» សម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកដែលទៅយកព័ត៌មាននៅតំបន់គ្រោះថ្នាក់ ដើម្បីបង្កើនចំណេះដឹង បន្ថែមលើវិធីជួយសង្គ្រោះបឋមមុនពេលបញ្ជូនជនរងគ្រោះ ឬអ្នកជំងឺទៅមន្ទីរពេទ្យ។

វាមិនមែនជារឿងសាមញ្ញ ពេកទេក្នុងពេលដែលមនុស្សម្នាក់ជួបនឹងគ្រោះថ្នាក់ ឬកើតជំងឺភ្លាមៗជាយថាហេតុហើយត្រូវការការសង្គ្រោះ បឋមបន្ទាន់ភ្លាមៗមុនពេលបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។ ដូច្នេះការបណ្តុះបណ្តាលឱ្យ អ្នកសារព័ត៌មានបានយល់ដឹងពីវិធីជួយសង្គ្រោះបឋមពិតជាមានសារសំខាន់ ព្រោះពួកគាត់អាចនឹងជួបប្រទះ ករណីដែលត្រូវសង្គ្រោះបឋមញឹកញាប់ ដែលរួមទាំងគ្រោះថ្នាក់ចរាចរណ៍ផង ហើយអ្នកដែលរងគ្រោះអាចនឹង ប្រឈមគ្រោះថ្នាក់ដល់ជីវិត។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានឱ្យដឹងថា ការសង្គ្រោះបឋមជារឿងចាំបាច់ ដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែស្វែងយល់បន្ថែមឱ្យកាន់តែស៊ីជម្រៅ។ ខណៈដែលប្រទេសជាតិកំពុងរង់ការគំរាមកំហែងផងនោះ ការសង្គ្រោះបឋមរឹតតែសំខាន់ក្នុងការសង្គ្រោះជនរងគ្រោះដែលរងរបួសភ្លាមៗ ហើយអ្នកសារព័ត៌មានក៏អាចប្រឈមនឹងហានិភ័យនេះផងដែរ នៅពេលដែលចុះទៅយកព័ត៌មានក្បែរសមរភូមិ។

វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងសម្រាប់អ្នកសារព័ត៌មាន។ លោក ជិន ធារ៉ាត់ អ្នកសារព័ត៌មាន មកពីអង្គភាពសារព័ត៌មានត្រយង បានបង្ហាញពីចំណាប់អារម្មណ៍ក្រោយលោកទទួលបានការបណ្ដុះបណ្ដាល ដែលអាចឱ្យលោកប្រើប្រាស់វិធីសង្គ្រោះបឋមនេះតាមលទ្ធភាពបាន។ លោក ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ ស្វែងយល់ឱ្យបានទូលំទូលាយចំពោះរបៀបក្នុងការសង្គ្រោះបឋម ដើម្បីជាប្រយោជន៍នៅពេលណាមួយ៕