គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះឈ្វេងយល់អំពីការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួននៅខេត្តស្វាយរៀង
05-02-2026 13:30
(ស្វាយរៀង)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដឹកនាំដោយលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដើម្បីឈ្វេងយល់អំពីប្រសិទ្ធភាព និងបញ្ហាប្រឈមនានានៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងការអភិវឌ្ឍមូលដ្ឋាន នៅសាលាខេត្តស្វាយរៀង កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង។
លោកប្រធានគណៈប្រតិភូ បានជម្រាបជូនអង្គប្រជុំអំពីការងារជាអាទិភាព និងការបំពេញមុខងារស្នូលរបស់ព្រឹទ្ធសភានីតិកាលទី៥ ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ព្រឹទ្ធសភាបានកំណត់យកអាទិភាពការងារចម្បងចំនួនពីរ គឺមួយ ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត តាមរយៈការចុះគាំទ្រកិច្ចអភិវឌ្ឍនៅមូលដ្ឋាន និងទីពីរ ការពង្រឹងកិច្ចអនុវត្តការទូតសភា។ ព្រឹទ្ធសភាមានមុខងារស្នូលចំនួនបីទៀត គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ថ្នាក់ដឹកនាំ និងរួមជាមួយសមាជិក សមាជិកាព្រឹទ្ធសភា តែងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តការងារជាអាទិភាព និងការងារស្នូលរបស់ខ្លួនប្រកបដោយបុរេសកម្ម ដើម្បីបុព្វហេតុការពារផលប្រយោជន៍ និងកិត្យានុភាពជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ជាពិសេសក្នុងពេលមានសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា។
ទន្ទឹមនឹងនោះដែរ សមាជិក សមាជិកាព្រឹទ្ធសភា តាមរយៈយន្តការ គណៈកម្មការជំនាញ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំងប្រាំបី និងក្រុមសមាជិកាព្រឹទ្ធសភា តែងបានចុះជួបពិភាក្សាការងារជាមួយក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ប្រសិទ្ធភាព និងបញ្ហាប្រឈមនានា ដើម្បីចូលរួមដោះស្រាយឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព និងបានចុះជួបប្រាស្រ័យជាញឹកញាប់ប្រជាជន និងនាពេលថ្មីៗនេះបាននាំយកជំនួយមនុស្សធម៌ដែលរួមមាន៖ គ្រឿងឧបភោគ បរិភោគ ឱសថ សម្ភារៈចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជូនដល់វីរៈកងទ័ព និងប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជាថៃ និងជនងាយរងគ្រោះផងដែរ។
ក្នុងឳកាសនោះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងទឹកដីនៃខេត្តស្វាយរៀង និងបានធ្វើសេចក្តីរាយការណ៍អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ វឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សក្តានុពលផ្នែកកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម សុខាភិបាល និងអបរំ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
លោកមអភិបាលខេត្ត បានបន្តគូសបញ្ជាក់ថា រដ្ឋបាលខេត្តស្វាយរៀង បេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយយ៉ាងសកម្ម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ តាមរយៈវិធានការអប់រំ បង្ការទប់ស្កាត់ និងចូលរួមអនុវត្តច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយឱ្យបានម៉ឺងម៉ាត់។ ជាក់ស្តែង សម្រាប់មន្ត្រីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងគណៈអភិបាលខេត្ត ក្រុង ស្រុក ចំនួន ៤០១នាក់ នៃចំនួនសរុប ៧០០នាក់ បានធ្វើការប្រកាសរួចរាល់ មួយរយភាគរយ ហើយបានរៀបចំសំណុំឯកសារ និងផ្ញើជូនអង្គភាពប្រឆាំងអំពើពុករលួយរួចរាល់។ ថ្នាក់ដឹកនាំខេត្ត តែងបានផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយក្នុងប្រជុំប្រចាំខែ ត្រីមាស ឆមាស និងកិច្ចប្រជុំប្រចាំឆ្នាំ ក៏ដូចជាកម្មវិធីផ្សេងៗនៅតាមមូលដ្ឋានសំដៅផ្តល់សេវានានាជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់ លោកអភិបាលខេត្ត និងពិភាក្សាយ៉ាងផុសផុលរួចមក លោកប្រធានគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលខេត្ត ថ្នាក់នាំខេត្ត មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងល្អប្រសើរ រហូតសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរឱ្យកត់សម្គាល់។
លោកប្រធាន បានអំពាវនាវដល់រដ្ឋបាលខេត្ត ឱ្យបន្តអប់រំច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ឱ្យបានទូលំទូលាយ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ ធានាបាននូវសេវាល្អ សមធម៌សង្គម ភាពស្អាតស្អំ និងយុត្តិធម៌ ដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព។ ថ្នាក់ដឹកនាំខេត្ត និង អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមលើកកម្ពស់ស្មារតីប្រយុទ្ធប្រឆាំងអំពើពុករលួយគ្រប់រូបភាព គ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់ បន្តលើកកម្ពស់ការអនុវត្ត អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅចូលរួមពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ គ្រប់គ្រង ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អ ងាយស្រួល និងប្រសើរឡើងជាលំដាប់៕



















