ដំណឹងមរណភាព! ឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាល បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ៨៤ឆ្នាំ
05-02-2026 13:15
(ភ្នំពេញ)៖ លោកជំទាវ ម៉ម គីមណៃ សំសារិត និងក្រុមគ្រួសារមានទុក្ខជាទម្ងន់ដោយឯកឧត្តម សំ សារិត ទីប្រឹក្សារាជរដ្ឋាភិបាលបានទទួលមរណភាព (នៅបរទេស) នៅថ្ងៃ៣រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៦ វេលាម៉ោង ២៖៥០នាទីព្រឹក (ម៉ោងនៅប្រទេសកម្ពុជា) ក្នុងជន្មាយុ៨៤ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តមនឹងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅផ្ទះលេខ២៦៣ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កម្មវិធីនិងពេលវេលាបុណ្យសពរបស់ឯកឧត្តម សំ សារិត គ្រួសារនៃសព នឹងជូនដំណឹងនៅវេលាក្រោយទៀត។
តាមរយៈដំណឹងរមណភាពនេះសូមទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ទទួលជ្រាប និងអញ្ជើញចូលរួមក្នុងពិធីបុណ្យសពនេះ។ ទំនាក់ទំនងលេខទូរស័ព្ទក្រុមគ្រួសារសព៖ 012232382 (លោក ចាន់ ប្រុស) 012627554 (លោក ពក សាង)។
ជីវប្រវត្តិ ឯកឧត្តម សំ សារិត កើតថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤២ ត្រូវនឹងថ្ងៃ៦រោច ខែបុស្ស ឆ្នាំរោង ព.ស.២៤៨៥ នៅភូមិទួលចំការ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ សំ ម៉េស និងម្តាយឈ្មោះ ម៉ែន ឡុង។ ឯកឧត្តម ជាកូនទី១ ក្នុងចំណោមបងប្អូន៥នាក់ ស្រី២នាក់។
ឯកឧត្តម បានរៀបអាពាហ៍ពិពាហ៍ លើកទី១ ជាមួយលោកស្រី សួន ស៊ាន មានបុត្រា បុត្រីចំនួន៤នាក់ ស្រី៣នាក់ ភរិយារបស់ឯកឧត្តម បានទទួលមរណៈភាព។
នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧៩ ឯកឧត្តម បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកជំទាវ ម៉ម គឹមណៃ ត្រូវជាកូនស្រីច្បង ឯកឧត្តម ម៉ម សាប៊ុន អតីតរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ទូច សាខន។ ឯកឧត្តម និងលោកជំទាវ មានបុត្រា បុត្រី ចំនួន២នាក់ (ស្រី១នាក់)
ទី១៖ ឯកឧត្តម សំ តុលា (បច្ចុប្បន្នជាមេបញ្ជាកាបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកណ្តាល)
ទី២៖ លោកស្រី សំ ណារ៉ា។
ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ១៩៧០ ឯកឧត្តម បានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ (សួង) ខេត្តកំពង់ចាម។
ក្នុងដំណាក់កាលសង្រ្គាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ឯកឧត្តមស្ថិតនៅក្នុងតំបន់រំដោះ ស្រុកកំណើត និងក្រោយមកប្រទេសជាតិ ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារបានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។
ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការ ស្នេហាជាតិ ឯកឧត្តមត្រូវបានតែងតាំងមុខនាទី ជាបន្តបន្ទាប់ ក្នុងជួររាជរដ្ឋាភិបាល ចាប់ពីឆ្នាំ១៩៧៩ ដល់រហូតមកដល់បច្ចុប្បន្ន រួមមាន៖
* គណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តកំពង់ចាម
* អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តកំពង់ចាម
* អនុប្រធានអគ្គនាយកដ្ឋានចំការកៅស៊ូ (ជាអនុរដ្ឋមន្ត្រី)
* រដ្ឋមន្រ្តីទទួលផ្ទាល់អគ្គនាយកដ្ឋានចំការកៅស៊ូ
* ជំនួយការឯកឧត្តមប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (ឋានៈស្មើរដ្ឋមន្ត្រី)
* ទីប្រឹក្សាសម្ដេចនាយករដ្ឋមន្ត្រីទី២ (ឋានៈស្មើរដ្ឋមន្ត្រី) ទទួលបន្ទុកកិច្ចការកៅស៊ូ
* អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម
* រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម
* បច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល។
ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោស ព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាច្រើន ជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ។
ពេញមួយជីវិតរបស់ ឯកឧត្តម សំ សារិត ពិសេសពេលវេលា ដែលឯកឧត្តមបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលារៀន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឲ្យឯកឧត្តម ទទួលបាននូវការគោរពស្រឡាញ់ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន៕

