FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារចម្រុះ ចុះបង្ក្រាបទីតាំងប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូដែលពុំមានអាជ្ញាបណ្ណ នៅតំបន់កោះពេជ្រ

04-02-2026 15:11

(ភ្នំពេញ)៖ ក្រុមការងារចម្រុះដែលរួមមានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធនាគារជាតិនៃកម្ពុជា និយ័តករមូលបត្រកម្ពុជា, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះបង្ក្រាបទីតាំងនៅតំបន់កោះពេជ្រដែលត្រូវបានសង្ស័យថា កំពុងប្រកបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណនេះ បានធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

ជាលទ្ធផល សមត្ថកិច្ចបានបិទទីតាំងអាជីវកម្មចំនួន៣នៅតំបន់កោះពេជ្រ និងរឹបអូសវត្ថុតាងយកទៅរក្សាទុក នៅក្រោមការគ្រប់គ្រងរបស់កម្លាំងជំនាញ​ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីកសាងសំណុំរឿងទៅតុលាការ។

ដើម្បីចូលរួមរឹតបន្ដឹងច្បាប់ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានយកប្រព័ន្ធនៃការប្តូរប្រាក់ អេឡិចត្រូនិកនេះ ជាមធ្យោបាយនៃការប្រព្រឹត្តបទល្មើស និងការសម្អាតប្រាក់ ក្រុមការងារចម្រុះ និងអាជ្ញាធរពាក់ព័ន្ធប្ដេជ្ញាចិត្តថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះបុគ្គល និងនីតិបុគ្គលដែលប្រកបអាជីវកម្មប្ដូរប្រាក់ និងជួញដូររូបិយបណ្ណគ្រីបតូ ឬកាសអេឡិចត្រូនិក (USDT) ដោយពុំមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕