FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ ក្នុងគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

03-02-2026 19:20

(ឧត្តរមានជ័យ)៖ អង្គការសមាហរណកម្មអភិវឌ្ឍន៍សហគមន៍ (ស៊ីដូ) ខេត្តឧត្តរមានជ័យ បានសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ៦បន្ទប់ និងផ្តល់គម្រោងសាងសង់ អគារសិក្សា២ខ្នង ស្មើនឹង១២បន្ទប់ និងផ្តល់ស្រូវពូជដល់កសិករចំនួន៩៤គ្រួសារ ក្នុងគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ»។

ពិធីនេះស្ថិតក្រោមវត្តមានលោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្ដរមានជ័យ តំណាងលោក មាន ចាន់យ៉ាដា អភិបាលខេត្ត និងលោក ភីត ម៉ាស៍ (Mr. Piet Mars) អគ្គនាយកមូលនិធិហ្វារ៉ូស ដែលពិធីប្រព្រឹត្តិធ្វើឡើងស្ថិតនៅភូមិម៉ាលីស្រោង ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

លោក អឿន រតនា ប្រធានអង្គការ CIDO បានបញ្ជាក់ថា ក្រៅពីការសម្ពោធអគារសិក្សា ១ខ្នង ៦បន្ទប់នាពេលនេះ អង្គការក៏បានប្រកាសផ្ដល់គម្រោងសាងសង់អគារសិក្សាបន្ថែមចំនួន ២ខ្នងទៀត (ស្មើនឹង ១២បន្ទប់) ព្រមទាំងបានចែកស្រូវពូជដល់កសិករចំនួន ៩៤គ្រួសារផងដែរ។

លោកថាសកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃគម្រោង «លើកស្ទួយជីវភាព និងការកែលម្អស្ថានភាពទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យ» ដែលទទួលបានកញ្ចប់ថវិកាជំនួយសរុបចំនួន ១,០០៧,១៨៩ ដុល្លារអាមេរិក ពីមូលនិធិហ្វារ៉ូស នៃប្រទេសហូឡង់។គម្រោងនេះមានរយៈពេលអនុវត្ត ៣ឆ្នាំ (២០២៥-២០២៧) ក្នុងគោលបំណងដើម្បីលើកស្ទួយជីវភាព បង្កើនប្រាក់ចំណូល កែលម្អអនាម័យ និងទឹកស្អាត និងឆ្លើយតបបន្ទាន់នៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋអំឡុងពេលនិងក្រោយពេលមានវិបត្តិសង្គ្រាមព្រំដែន។

លោកស្រី មុំ ពុទ្ធីតា អភិបាលរងខេត្តឧត្តរមានជ័យ បានថ្លែងថា៖ «ការវិនិយោគលើវិស័យអប់រំ តាមរយៈការផ្ដល់អគារសិក្សាដែលមានស្ដង់ដារនាពេលនេះ គឺជាការបណ្ដុះគ្រាប់ពូជបញ្ញាដ៏សំខាន់សម្រាប់កុមារនៅក្នុងតំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដើម្បីឱ្យពួកគេមានអនាគតភ្លឺស្វាង និងក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ»។

លោកស្រីអភិបាលរងខេត្ត ក៏បានថ្លែងផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋក្នុងសហគមន៍ ត្រូវរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្ស ដើម្បីបម្រើដល់ការសិក្សារបស់កូនចៅយើងបានយូរអង្វែង និងបានជំរុញឱ្យកសិករដែលទទួលបានពូជស្រូវ ត្រូវខិតខំបង្កបង្កើនផល ដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើងផងដែរ៕