លិខិតមិត្តអ្នកអាន ! មរតកផែនទី៖ ហេតុអ្វីយើងបាន «អង្គរ និងព្រះវិហារ» មកវិញ តែបាត់បង់ «កម្ពុជាក្រោម»? (ពាក្យពិតដែលត្រូវដឹងដើម្បីសន្តិភាពផ្លូវចិត្ត)
03-02-2026 12:13
(ភ្នំពេញ)៖ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាច្បាប់អន្តរជាតិជួយយើងនៅទិសខាងលិច (ថៃ) ប៉ុន្តែហាក់ដូចជាបិទផ្លូវយើងនៅទិសខាងកើត (វៀតណាម)?
ប្រវត្តិសាស្ត្រមិនមែនគ្រាន់តែជារឿងឈឺចាប់នោះទេ តែវាជាមេរៀនច្បាប់។ ដើម្បីកុំឱ្យយើងចាញ់បោកការញុះញង់ និងដើម្បីរក្សាសន្តិភាពផ្លូវចិត្ត យើងត្រូវដឹងការពិតពីអតីតកាល រហូតដល់បច្ចុប្បន្ន។
តស់! មកមើលខ្សែភាពយន្តប្រវត្តិសាស្ត្រខ្លីៗទាំង ៣ វគ្គនេះ៖
វគ្គទី១៖ ការបាត់បង់ និងការវាយបកយកមកវិញ (ទិសខាងលិច-ថៃ)
នៅឆ្នាំ១៧៩៤ (មុនបារាំងមកដល់) សៀមបានឆ្លៀតឱកាសពេលខ្មែរចុះខ្សោយ យកខេត្តបាត់ដំបង និងសៀមរាប (រួមទាំងអង្គរវត្ត) ទៅគ្រប់គ្រងអស់ជាង ១០០ឆ្នាំ។ ប៉ុន្តែនៅពេលបារាំងមកដល់ ដើម្បីកំណត់ព្រំដែនឱ្យច្បាស់លាស់ បារាំងបានបង្ខំឱ្យសៀមចុះ សន្ធិសញ្ញាឆ្នាំ ១៩០៤ និង ១៩០៧។ លទ្ធផលគឺ៖ សៀមត្រូវប្រគល់ខេត្តទាំងនោះមកឱ្យខ្មែរវិញ។ នេះគឺជាកំណើតនៃផែនទីឧបសម្ព័ន្ធ១ (Annex I Map) ដែលដាក់ប្រាសាទព្រះវិហារក្នុងទឹកដីខ្មែរ។
ចំណុចដែលមនុស្សភាគច្រើនមិនដឹង (រឿងឆ្នាំ ១៩៤១-១៩៤៦)៖
ក្នុងសង្គ្រាមលោកលើកទី២ ពេលជប៉ុនមានអំណាច ថៃបានឃុបឃិតជាមួយជប៉ុនបង្ខំឱ្យបារាំងចុះអនុសញ្ញាទីក្រុងតូក្យូ ១៩៤១ ដើម្បីយកខេត្តបាត់ដំបង និងសៀមរាបត្រឡប់ទៅវិញ។
ប៉ុន្តែក្រោយចប់សង្គ្រាមលោកនៅឆ្នាំ១៩៤៦ បារាំង និងសហរដ្ឋអាមេរិក បានរួមដៃគ្នាសង្កត់ថៃ។ អាមេរិកបានប្រកាសមិនទទួលស្គាល់ការកាត់ទឹកដីនោះទេ ហើយបារាំងបានបង្ខំឱ្យថៃចុះកិច្ចព្រមព្រៀងដោះស្រាយ ឆ្នាំ១៩៤៦ (Settlement Agreement 1946)។
លទ្ធផល៖ កិច្ចព្រមព្រៀងនេះបាន លុបចោល (Annul) អនុសញ្ញាទីក្រុងតូក្យូទាំងស្រុង ហើយថៃត្រូវប្រគល់ដីមកឱ្យខ្មែរវិញ។ នេះជាមូលដ្ឋានច្បាប់ដ៏រឹងមាំដែលធ្វើឱ្យថៃមិនអាចអាងរឿងសម័យសង្គ្រាមបានទៀតឡើយ។
វគ្គទី ២៖ ការឈឺចាប់ដែលមិនអាចកែប្រែបាន (ទិសខាងកើត-វៀតណាម)
ខុសពីទិសខាងលិច នៅទិសខាងកើតបារាំងបានអនុវត្តច្បាប់ផ្សេង។ បារាំងចាត់ទុកកម្ពុជាកណ្តាលជារដ្ឋក្រោមអាណាព្យាបាល តែចាត់ទុក កម្ពុជាក្រោម (កូសាំងស៊ីន) ជាដែនដីអាណានិគមពេញលេញ របស់បារាំង។
នៅថ្ងៃទី៤ មិថុនា ១៩៤៩ (មុនកម្ពុជាបានឯករាជ្យ៤ឆ្នាំ) ប្រធានាធិបតីបារាំងបានចុះហត្ថលេខាលើច្បាប់មួយ កាត់ដែនដីកម្ពុជាក្រោមទៅឱ្យរដ្ឋវៀតណាម (សម័យស្ដេច បាវ ដាយ) ដើម្បីទប់ទល់នឹងចលនាកុម្មុយនីស្ត។ នាពេលនោះ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ និងគណៈប្រតិភូកម្ពុជា បានធ្វើការតវ៉ាយ៉ាងខ្លាំងក្លានៅទីក្រុងប៉ារីស ប៉ុន្តែបារាំងមិនទទួលយក ដោយសំអាងលើផលប្រយោជន៍យុទ្ធសាស្ត្ររបស់គេនៅឥណ្ឌូចិន។
ហេតុអ្វីយើងទាមទារមកវិញមិនបាន?
ច្បាប់អន្តរជាតិមួយឈ្មោះថា Uti Possidetis Juris ចែងថា៖ នៅពេលរដ្ឋមួយទទួលបានឯករាជ្យ រដ្ឋនោះត្រូវទទួលយកព្រំដែនដែលមានជាក់ស្តែងនៅថ្ងៃនោះ។
*កម្ពុជាបានឯករាជ្យនៅឆ្នាំ ១៩៥៣។
*តែដីកម្ពុជាក្រោមត្រូវបានកាត់ទៅឱ្យវៀតណាមតាំងពីឆ្នាំ១៩៤៩។
*ដូច្នេះ តាមផ្លូវច្បាប់ ដីនោះបានទៅបាត់ មុនពេលយើងកើតជារដ្ឋឯករាជ្យពេញលេញទៅទៀត។ នេះជាការពិតដ៏ជូរចត់ដែលយើងត្រូវទទួលស្គាល់។
វគ្គទី៣៖ ស្ថានការណ៍បច្ចុប្បន្ន និងអនាគត (២០២៥+)
មកដល់បច្ចុប្បន្ន ថៃនៅតែព្យាយាមគូសផែនទីឯកតោភាគីខ្លួនឯង ដោយមិនទទួលស្គាល់ផែនទីបារាំង និងបានបង្កបញ្ហាយោធាថ្មីៗនៅឆ្នាំ ២០២៥។
ជំហរកម្ពុជា៖ យើងមិនចាំបាច់ទៅឈ្លោះប្រកែកដោយប្រើកម្លាំងទេ។ យើងមានសាលដីកា ICJ ១៩៦២ និង ២០១៣ នៅក្នុងដៃ។ តុលាការពិភពលោកបានសម្រេចហើយថា ផែនទីសន្ធិសញ្ញាបារាំង (Annex I) មានតម្លៃខ្ពស់ជាងផែនទីដែលថៃគូសខ្លួនឯង ហើយថៃត្រូវដកទ័ពចេញពីបរិវេណប្រាសាទ។
សារជូនបងប្អូនខ្មែរយើង៖ ឈប់ឈឺចាប់ ហើយងាកមកកសាងអនាគត !!!
ការដែលយើងទទួលស្គាល់សន្ធិសញ្ញាបារាំង វាប្រៀបដូចជាដាវមុខពីរ៖
*១. វាកាត់កម្ពុជាក្រោមចេញពីយើង (ឈឺចាប់)។
*២. ប៉ុន្តែវាជាកំពែងដែក ការពារ បាត់ដំបង សៀមរាប អង្គរវត្ត និងព្រះវិហារ មិនឱ្យធ្លាក់ទៅដៃថៃវិញ។
បើថ្ងៃណាមួយ យើងបដិសេធសន្ធិសញ្ញានេះ ដើម្បីចង់បានកម្ពុជាក្រោមមកវិញ នោះមានន័យថា យើងកំពុងវាយបំបែកកំពែងដែកខ្លួនឯង។
ពេលនោះ ថៃនឹងមានលេសទាមទារខេត្តប៉ែកខាងលិចរបស់យើងវិញភ្លាម។ តើយើងចង់បានសង្គ្រាមមិនចេះចប់បែបនេះឬ?
* ផ្លូវដែលយើងគួរដើរ
កុំបណ្តោយឱ្យក្រុមណាមួយ យករឿងប្រវត្តិសាស្ត្រមកដុតកំហឹងជាតិសាសន៍ បំបែកបំបាក់ឯកភាពជាតិយើង។ អឺរ៉ុបធ្លាប់កាប់សម្លាប់គ្នា រាប់លាននាក់ក្នុងសង្គ្រាមលោក តែឥឡូវពួកគេបង្កើតសហគមន៍អឺរ៉ុប (EU) ដើរហើររកស៊ីដោយសេរី គ្មានព្រំដែន។
កម្ពុជា ថៃ វៀតណាម និងអាស៊ាន កំពុងដើរទៅរកចំណុចនោះ។ ថ្ងៃមុខ យើងអាចនឹងមានសញ្ជាតិអាស៊ាន ឬសញ្ជាតិអាស៊ីតែមួយ រស់នៅត្រង់ណាក៏បាន រកស៊ីត្រង់ណាក៏បាន។ ចូរយកភាពឈឺចាប់នៃប្រវត្តិសាស្ត្រ មកធ្វើជាកម្លាំងចលករដើម្បីអភិវឌ្ឍខ្លួនយើងឱ្យខ្លាំង។ ពេលយើងខ្លាំង យើងនឹងមានគេគោរព។
សន្តិភាពកើតចេញពីការយល់ដឹង មិនមែនកើតចេញពីកំហឹងនោះទេ៕
ឯកសារយោងផ្លូវច្បាប់៖
1. Franco-Siamese Treaty of 1904 & 1907 (កំណត់ព្រំដែនកម្ពុជា-ថៃ).
2. Settlement Agreement of 1946 (លុបចោលអនុសញ្ញាទីក្រុងតូក្យូ ១៩៤១).
3. Loi du 4 juin 1949 (ច្បាប់បារាំងកាត់កម្ពុជាក្រោមឱ្យវៀតណាម).
4. ICJ Judgment 1962 & 2013 (សាលដីកាប្រាសាទព្រះវិហារ).
5. Uti Possidetis Juris (គោលការណ៍ច្បាប់អន្តរជាតិស្តីពីមរតកព្រំដែន).
ដោយ៖ ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល










