សាលាចំនួន២ ស្ថិតក្នុងតំបន់ទឹកលិចកំពុងរងហានិភ័យ, គណៈគ្រប់គ្រងសាលា ស្នើសប្បុរសជនជួយសង្គ្រោះអគារសិក្សា
03-02-2026 10:57
(កំពង់ឆ្នាំង)៖ គណៈគ្រប់គ្រងសាលា នៅភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានស្នើសុំសប្បុរសធម៌ជួយឧបត្ថម្ភថវិកា ឬសម្ភារៈ ដើម្បីប្តូរសសរសាលារៀនពីឈើ ទៅជាសរសរបេតុង (ទំហំ 20cm x 20cm កម្ពស់ ៥.៥ម៉ែត្រ) និងចាក់ក្រវាត់បេតុង សម្រាប់សាលាបឋមសិក្សាពាមខ្នង និងអនុវិទ្យាល័យផ្លូវទូក។
បើតាមលិខិតស្នើសុំ បច្ចុប្បន្នសាលារៀនទាំងពីរ ដែលជាប់បឹងទន្លេសាប កំពុងជួបប្រទះការលំបាកខ្លាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ រួមមាន៖
*សាលាបឋមសិក្សាពាមខ្នង៖ មានអគារ ១ខ្នង ៣បន្ទប់ (២៣ម x ៩ម) ទទួលបន្ទុកសិស្សមត្តេយ្យ ៤៤នាក់ និងបឋម ២១៣នាក់ (សរុប ២៥៧នាក់)។
*អនុវិទ្យាល័យផ្លូវទូក៖ មានអគារ ១ខ្នង ៣បន្ទប់ (១៧.៥ម x ១០.២៥ម) ទទួលបន្ទុកសិស្ស ១៥០នាក់។
លិខិតស្នើសុំរបស់ គណៈគ្រប់គ្រងសាលា បានឲ្យដឹងបន្ថែមថា ដោយសារទីតាំងសាលាស្ថិតក្នុងតំបន់ទឹកលិចនៃបឹងទន្លេសាប នៅរដូវវស្សាទឹកឡើងខ្លាំងបណ្តាលឱ្យសសរឈើត្រាំទឹកយូរ រលួយ និងពុកផុយ ដែលជាហានិភ័យខ្ពស់អាចបង្កគ្រោះថ្នាក់ដួលរលំអគារជាយថាហេតុ។ ដើម្បីរក្សានិរន្តរភាព និងសុវត្ថិភាព សាលាមានតម្រូវការប្តូរសសរឈើមកជា សរសរបេតុងអាមេ ចំនួន ៧២ដើម (ទំហំ 20cm x 20cm កម្ពស់ ៥.៥ម៉ែត្រ) ដោយមានចាក់ក្រវាត់បេតុងទាំងខាងលើ និងខាងក្រោម ដើម្បីពង្រឹងគ្រឹះឱ្យជាប់រឹងមាំ។
«អាស្រ័យហេតុនេះ សូម លោក លោកស្រី សប្បុរសជន និងថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ និងផ្តល់ការឧបត្ថម្ភតាមកម្លាំងសទ្ធា ដើម្បីជួយសង្គ្រោះអគារសិក្សា និងផ្តល់សេចក្តីសុខដល់កុមារៗជិត ៤០០នាក់ ក្នុងតំបន់ដាច់ស្រយាលនេះ»។ នេះបើតាមលិខិតស្នើសុំ៕





