រដ្ឋមន្ត្រីបរិស្ថាន រំពឹងថា ភ្នំខ្នងផ្សារទាក់ទាញអ្នកទេសចរណ៍កាន់តែច្រើន ក្រោយការអភិវឌ្ឍន៍សម្រេចជាស្ថាពរតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី (Video inside)
01-02-2026 18:54
(កំពង់ស្ពឺ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបង្ហាញក្តីរំពឹងថា ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង នឹងទាក់ទាញអ្នកទេសចរណ៍កាន់តែច្រើន ក្រោយការអភិវឌ្ឍន៍សម្រេចជាស្ថាពរតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ខណៈពេលបច្ចុប្បន្នផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនហើយ ត្រូវបានសាងសង់ និងរៀបចំ។
កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលបលួចធ្វើដំណើរទៅកាន់ភ្នំខ្នងផ្សារ។ ដំណើរនេះ មិនមែនជាដំណើរ ដើម្បីតែគយគន់សម្រស់ភ្នំខ្នងផ្សារនោះទេ តែជាដំណើរមួយដើម្បីពិនិត្យពិច្ច័យកែខៃច្នៃឱ្យទីឋានធម្មជាតិដ៏ពិសិដ្ឋភ្នំខ្នងផ្សារឱ្យក្លាយទៅជាកន្លែងកម្សាន្ត និងទាញយកប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ។
ដំណើរអមដោយលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺផងនោះ សម្តេចមហាបវរធិបតី បានជ្រើសយកថ្មើរជើងចាប់ពីជើងភ្នំ រហូតដល់កំពូលភ្នំ។ ការជ្រើសយកការធ្វើដំណើរដោយថ្មើរជើងចាប់ពីជើងភ្នំ ដល់កំពូលភ្នំ ដើម្បីសម្តេចពិនិត្យពិច្ច័យ និងចាត់ចែងលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ រួមនិងកិច្ចការមួយចំនួន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់អ្នកទេសចរ និងការធានាបានផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
ក្រោយដំណើរទស្សនកិច្ចទៅកាន់ភ្នំខ្នងផ្សារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តកំពង់ស្ពឺ រៀបចំកែលំអហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវ ចំណតយានយន្ត បន្ទប់ទឹក ទីស្នាក់អាស្រ័យ និងដំឡើងប្រព័ន្ធចាប់សេវាទូរស័ព្ទជាដើម។ ជាពិសេសសម្តេចមហាបវរធិបតី បានដកហូតសិទ្ធិក្រុមហ៊ុនឯកជន ដែលមានបំណងវិនិយោគនៅតំបន់នោះ ធ្វើឱ្យបាត់ប្រយោជន៍ប្រជាសហគមន៍ ហើយជំនួសដោយការពង្រឹងសមត្ថភាពបដិសណ្ឋារកិច្ចជូនប្រជាសហគមន៍វិញ ដើម្បីរួមចំណែកលើកកម្ពស់របស់ប្រជាសហគមន៍។
ក្រោយពីដាក់ចេញនូវផែនការដ៏ច្បាស់លាស់របស់ប្រមុខរាជរដ្ឋាភិបាលហើយនោះ ក្រសួងទាំង៣ និងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបំពេញកិច្ចការរបស់ខ្លួនរៀងៗខ្លួន ដោយមិនបង្អង់នោះឡើយ។ ៦៦ថ្ងៃក្រោយដំណើររបស់សម្តេចមហាបវរធិបតី ពោលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបើកការដ្ឋានសាងសង់ផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានចាប់ផ្តើមសាងសង់ជាបន្តបន្ទាប់ផងដែរ។
រយៈពេលជិត៣០០ថ្ងៃ មកដល់ត្រឹមដើមខែមករា ឆ្នាំ២០២៦នេះ មានសមិទ្ធផលជាច្រើននៅទីតាំងជើងភ្នំខ្នងផ្សារ ដែលគេហៅថា ដំណាក់ដំរីនោះ បានសាងសង់រួចរាល់ និងជួយបង្កើនការទាក់ទាញអ្នកទេសចរណ៍បន្ថែមមួយកម្រិតទៀតឱ្យទៅលេងភ្នំខ្នងផ្សារ។
នៅថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ និងមន្ត្រីនៃក្រសួងបរិស្ថាន, ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើដំណើរចុះទៅដល់ភ្នំខ្នងផ្សារ ដើម្បីពិនិត្យសមិទ្ធផលដែលសម្រេចបាន ព្រមទាំងបានធ្វើដំណើរដោយថ្មើរជើងឡើងភ្នំខ្នងផ្សារ ដើម្បីពិនិត្យផែនការដែលត្រូវអភិវឌ្ឍបន្ត។
លោក អ៊ាង សុផល្លែត បានឱ្យដឹងថា ក្រោយពេលទទួលបានផែនការពីសម្តេចប្រមុខរាជរដ្ឋាភិបាល ក្រសួងបរិស្ថានដែលជាអ្នកមុខការលើកិច្ចអភិវឌ្ឍន៍នៅភ្នំខ្នងផ្សារ បានអនុវត្តន៍ការងារជាបន្តបន្ទាប់មិនបង្អង់នោះឡើយ។
បើតាមលោករដ្ឋមន្ត្រី សមិទ្ធផលដែលសម្រេចបាននាពេលនេះ រួមមាន ផ្លូវលំក្រាលគ្រួសតភ្ជាប់ពីភូមិតាំងបំពង់ ទៅកាន់ជើងភ្នំ ដែលពីមុនផ្លូវនេះលំបាកធ្វើដំណើរខ្លាំង ហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរ។ ប៉ុន្តែបច្ចុប្បន្នអាចបើករថយន្តបាន ហើយធ្វើដំណើរបានលឿន។ នៅពេលខាងមុខផ្លូវនេះ នឹងបន្តក្រាលកៅស៊ូដោយក្រសួងអភិវឌ្ឍន៍ជនបទ។
នៅជើងភ្នំបានរៀបចំទីសំចត រួមមានមណ្ឌលព័ត៌មានជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាងកាហ្វេសសហគមន៍ ចំណតរថយន្តក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធទឹកអណ្ដូងអនាម័យដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍ដែលជាអ្នកគ្រប់គ្រងគោលដៅលម្ហែបៃតង។
លោករដ្ឋមន្ត្រីបរិស្ថាន បានឱ្យដឹងទៀតថា ក្រៅពីនេះ ក្រសួងក៏បានរៀបចំផ្លូវថ្មើរជើងឡើងភ្នំថ្មី ពីជើងភ្នំ ទៅដល់ទីតាំងដានព្រះអង្គចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ដោយមានកន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាមដងផ្លូវក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃផងដែរ។
លោក អ៊ាង សុផល្លែត បានឱ្យដឹងផងដែរថា ក្រៅពីសមិទ្ធផលដែលបានរៀបរាប់នេះទៅ ជាជំហានបន្ទាប់ ក្រសួងបរិស្ថាន នឹងចាប់ផ្តើមអភិវឌ្ឍនៅទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នងផ្សារ) ដោយបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមានមណ្ឌលព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណតរថយន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យប្រុស-ស្រី-ជនពិការ និងជាពិសេសកន្លែងអង្គុយលម្ហែ បណ្តែតអារម្មណ៍គយគន់ទេសភាព និងស្រូបខ្យល់អាកាសដ៏ល្អបរិសុទ្ធពីធម្មជាតិបៃតង។
បើតាមលោក អ៊ាង សុផល្លែត ក្រៅពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា សម្រួលដល់ការទៅលេងកម្សាន្ត និងលំហែរបស់អ្នកទេសចរណ៍ហើយនោះ លោកក៏នឹងយកអ្នកជំនាញលើវិស័យទេសចរណ៍ចុះអប់រំ បណ្តុះបណ្តាលលើការបដិសណ្ឋារកិច្ចជូនដល់ប្រជាសហគមន៍ ដើម្បីពួកគាត់អាចផ្តល់សេវាបានកាន់តែប្រសើរដល់អ្នកទេសចរណ៍ ហើយអាចទាញយកចំណូលទ្រទ្រង់ដល់ជីវភាព។
លោក អ៊ាង សុផល្លែត បានបង្ហាញសុទិដ្ឋិនិយមថា បន្ទាប់ពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រេចជាស្ថាពរតាមផែនការ តំបន់ទេសចរណ៍ធម្មជាតិភ្នំខ្នងផ្សារនឹងទទួលបានអ្នកទេសចរណ៍កាន់តែច្រើន ហើយប្រជាសហគមន៍នឹងត្រូវបានលើកកម្ពស់ជីវភាព ស្របតាមបំណងប្រាថ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយសាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រង។ ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ មានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ភ្នំខ្នងផ្សារជាទីឋានធម្មជាតិ ដែលបានអន្ទងដួងចិត្តអ្នកទេសចរជិតឆ្ងាយឱ្យទៅលេងកម្សាន្តមិនចេះជិនណាយនោះឡើយ៕











































































































































