អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើទីក្រុងបាងកកអាចប្រើលេសបណ្ដឹងនយោបាយមកបិទបាំងសង្រ្គាមឈ្លានពានដ៏ឃោរឃៅមកលើកម្ពុជាបានឬទេ?
01-02-2026 16:07
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ស្ថិតក្រោមមហិច្ឆតាសង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់ទីក្រុងបាងកកមកលើកម្ពុជា, បើនិយាយអំពីទង្វើរបស់ទីក្រុងបាងកក ដែលបានប្រកាសក្ដែងៗថា ទីក្រុងបាងកកនឹងចាត់វិធានការបណ្តឹងផ្លូវច្បាប់ទៅតុលាការខ្លួនមកលើកម្ពុជាទាក់ទង និងសង្រ្គាមតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាង៨០០គីទ្បូម៉ែត្រក្នុងឆ្នាំ២០២៥ កន្លងមកនេះគឺទីក្រុងបាងកកមិនអាចប្រើលេសបណ្ដឹងនយោបាយ មកបិទបាំងសង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់ខ្លួនមកលើកម្ពុជាបានទេ។
ពីព្រោះសង្គ្រាមឈ្លានពានដ៏ឃោរឃៅរបស់ទីក្រុងបាងកកមកលើកម្ពុជា មិនមែនជាការប៉ះទង្គិចអាវុធទ្បើយ។ ប៉ុន្តែជាសង្រ្គាមឈ្លានពានរបស់ទីក្រុងបាងកកមកលើកម្ពុជាទាំងកំរោលព្រៃផ្សៃ ដោយប្រើប្រាស់កម្លាំងទ័ពខុសច្បាប់រំលោភលើដែនអធិបតេយ្យទឹកដី, រំលោភលើដែនអាកាស និងរំលោភសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជាដ៏ស្លូតត្រង់យ៉ាងសាហាវ យង់ឃ្នង ដើម្បីបម្រើមហិច្ឆតា មនោគមវិជ្ជាជ្រុលនិយមរបស់ទីក្រុងបាងកកប្រចាំស.វទី២១សម័យទំនើបនេះ។
លោក រ័ត្ន សណ្តាប់ បន្ដថាចំពោះបណ្ដឹងនយោបាយតាមផ្លូវតុលាការខ្លួនរបស់ទីក្រុងបាងកកនេះ វាមិនមែនជាការអនុវត្តច្បាប់ទ្បើយ ប៉ុន្តែវាគ្រាន់តែជាការបំភាន់ ដើម្បីបិទបាំងមហិច្ឆតាឈ្លានពានដ៏ឃោរឃៅរបស់ខ្លួនមកលើកម្ពុជា ធ្វើជាសម្ដែងប្រទេសរងគ្រោះប៉ុណ្ណោះ។
ពីព្រោះយើងត្រូវចោទសួរទៅពួកគេវិញថា តើពួកគេប្រើភស្តុតាងផែនទី ដែលទទួលស្គាល់ជាអន្ដរជាតិឬយ៉ាងណា?
ក្នុងប្រវត្តិសង្រ្គាមឈ្លានពានដ៏ឃោរឃៅរបស់ទីក្រុងបាងកកមកលើកម្ពុជាកន្លងមក គឺកម្ពុជាជាអ្នកឈ្នះក្តីកាលពីឆ្នាំ ១៩៦២ ពិសេសសង្រ្គាមនៅឆ្នាំ ២០០៨-២០១១និងការបកស្រាយសាលក្រមឡើងវិញនៅឆ្នាំ ២០១៣ ដោយតុលាការយុត្ដិធម៌អន្តរជាតិ ICJ បានសម្រេចជាស្ថាពរឲ្យកម្ពុជា មានអធិបតេយ្យភាពលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទដោយផ្អែកលើផែនទីទទួលស្គាល់ជាអន្ដរជាតិខ្នាតលើ ១/២០០.០០០។ ហេតុនេះចំពោះទីក្រុងបាងកកបញ្ជូនទ័ពចូលមកឈ្លានពានទំាងកំរោលតំបន់ដែលតុលាការយុត្ដិធម៌អន្ដរជាតិកាត់ក្ដីឲ្យកម្ពុជាឈ្នះដោយផ្អែកលើផែនទីអន្ដរជាតិ គឺជាទង្វើខុសច្បាប់អន្តរជាតិទាំងស្រុង។
សាលក្រមតុលាការអន្តរជាតិឆ្នាំ ១៩៦២ និង ២០១៣ គឺជាសាលក្រមបិទផ្លូវតវ៉ាច្បាប់អន្ដរជាតិ កម្ពុជាមានសិទ្ធិពេញលេញក្នុងការការពារទឹកដីខ្លួនឯង តាមចរិកលក្ខណៈនៃមាត្រា៥១ នៃធម្មនុញ្ញអ.ស.ប.។ ដូច្នេះក្នុងទង្វើរបស់ទីក្រុងបាងកកដែលប្រើលេសបណ្ដឹងនយោបាយមកបិទបាំងសង្រ្គាមឈ្លានពានដ៏ឃោរឃៅមកលើកម្ពុជា, ប្រាកដណាស់! ពិភពលោកគេចាត់ទុកសង្គមថៃ ថា " ជាសង្គមអ្នកលេងល្បិច " ជាន់ឈ្លីច្បាប់អន្តរជាតិ ដែលជាគម្រូអាក្រក់និងគ្រោះថ្នាក់បំផុតដល់តំបន់និងពិភពលោក ធ្វើឲ្យអាប់យសដល់ជាតិខ្លួនអស់កល្ប៕
