ជនភៀសសឹក ស្នាក់នៅតាមផ្ទះសាច់ញាតិ ក្នុងសង្កាត់គោកចក ទទួលបានស្បៀងអាហារ និងបន្លែ ពីព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក
01-02-2026 15:44
(សៀមរាប)៖ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្នុងក្រុងសៀមរាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចែកស្បៀងអាហារ និងបន្លែដល់បងប្អូនជនភៀសសឹក ចំនួន៦៥គ្រួសារ ដែលកំពុងស្នាក់នៅតាមផ្ទះសាច់ញាតិ ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាថា ការចែកនេះ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃមកលើជនភៀសសឹក និងបង្ហាញថា វត្តអារាមមិនមែនគ្រាន់តែជាកន្លែងសម្រាប់សក្ការបូជាព្រះធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាជម្រកសុវត្ថិភាពសម្រាប់អ្នកដែលកំពុងមានទុក្ខអាសន្នបំផុតផងដែរ។
ព្រះគ្រូវិចិត្រវង្សា មានថេរដីកាបន្តថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះ គឺ «មេត្តា» ការប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ និង«ករុណា» ការជួយសង្គ្រោះអ្នកដទៃឱ្យរួចផុតពីទុក្ខ គឺជាការផ្សារភ្ជាប់ធម៌វិន័យ ទៅនឹងការដោះស្រាយបញ្ហាសង្គម។
ព្រះអង្គ មានថេរដីកាបន្តទៀតថា ព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផង នឹងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀង ដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែង មានស្បៀងអាហារហូបគ្រប់គ្រាន់។ ត្រកួនដែលចែកដល់បងប្អូនជនភៀសសឹកនាពេលនេះ គឺព្រះអង្គ និងបងប្អូនជនភៀសសឹក ដែលបានដាំនាពេលកន្លងមក។
ព្រះគ្រូចៅអធិការ មានថេរដីកាបន្ថែមថា បងប្អូនជនភៀសសឹកដែលជួបប្រទះនូវភាពភ័យខ្លាច ការបាត់បង់ទ្រព្យសម្បត្តិ និងមានភាពឯកោ ហើយបានមកស្នាក់នៅក្នុងវត្ត និងផ្ទះបងប្អូន គឺមានអាជ្ញាធរមូលដ្ឋាន ក៏ដូចជាព្រះសង្ឃ បាននាំយកនូវស្បៀងអាហារធ្វើការចែកជូន ព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្ត ដើម្បីឱ្យពួកគាត់មានអារម្មណ៍ថា ពួកគាត់មិនត្រូវបានគេបោះបង់ចោល មានសុវត្ថិភាពផ្លូវចិត្ត និងភាពកក់ក្ដៅ ព្រមទាំងមានកម្លាំងចិត្តក្នុងការតស៊ូជាមួយស្ថានភាពលំបាកនេះផងដែរ។
ព្រះអង្គមានថេរដីកាបន្ថែមថា ការចែកទាននេះ គឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឱ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមានដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តម ដែលនាំឱ្យសង្គមមានសុខដុមរមនា ហើយសកម្មភាពនេះ គឺជាការចែករំលែកដោយគ្មានការរើសអើង មិនថាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា។
ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន មានថេរដីកាបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១ខែកុម្ភៈនេះ នៅក្នុងវត្តប្រាសាទគោកចក មានបងប្អូនជនភៀសសឹកបានស្នាក់នៅចំនួន២៧គ្រួសារ ដែលពុំទាន់បានវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញ ដោយរងចាំការអនុញាតិពីអាជ្ញាធរមូលដ្ឋាន ដែលនៅក្នុងភូមិលំនៅដ្ឋានរបស់ពួកគាត់អនុញាតិឲ្យទៅទើបពួកគាត់អាចទៅបាន៕




















