ដំណើរឡើងភ្នំខ្នងផ្សារកាន់តែលឿន និងងាយស្រួល ក្រោយផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗត្រូវបានសាងសង់ និងរៀបចំ
01-02-2026 15:07
(កំពង់ស្ពឺ)៖ ការធ្វើដំណើរឡើងភ្នំខ្នងផ្សារដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងនៅចំណុចប្រសប់នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់នោះ មានភាពកាន់តែងាយស្រួល និងលឿនជាងពេលមុន បន្ទាប់ពីផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ត្រូវបានសាងសង់។
ពីមុនគេត្រូវចំណាយពេលជាច្រើនម៉ោងពីភូមិឋានប្រជាពលរដ្ឋភូមិតាំងបំពង់ ទៅកាន់ជើងភ្នំ ព្រោះផ្លូវលំបាកខ្លាំង។ តែពេលបច្ចុប្បន្នផ្លូវពីភូមិតាំងបំពង់ទៅជើងភ្នំ ត្រូវបានឈូសឆាយរួចរាល់ គេអាចជិះរថយន្តពីភូមិ ទៅកាន់ជើងភ្នំក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅពេលខាងមុខកំណាត់ផ្លូវនេះ បន្តក្រាលកៅស៊ូដោយក្រសួងអភិវឌ្ឍន៍ជនបទថែមទៀតផង។
នៅជើងភ្នំឯណោះវិញ ក៏មានការរៀបចំជាទីសំចតសម្រាប់អ្នកទេសចរណ៍ រួមមានមណ្ឌលព័ត៌មានជាមួយទីសង្គ្រោះបន្ទាន់ ផ្សារសហគមន៍ ហាងកាហ្វេសសហគមន៍ ចំណតរថយន្តក្រុង រថយន្តទេសចរណ៍ ទោចក្រយានយន្ត ប្រព័ន្ធទឹកអណ្ដូងអនាម័យដើរដោយថាមពលពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ សួនច្បារ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យ ប្រុស-ស្រី-ជនពិការ ផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍ដែលជាអ្នកគ្រប់គ្រងគោលដៅលម្ភៃបៃតងផងដែរ។
បន្ថែមពីលើនេះ ក្រសួងបរិស្ថាន ក៏បានរៀបចំផ្លូវថ្មើរជើងថ្មី ឡើងទៅលើភ្នំ ដោយមានកន្លែងដាក់សំរាម និងកន្លែងអង្គុយសម្រាកតាមដងផ្លូវក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ។ ចម្ងាយពីជើងភ្នំ ទៅដល់ទីតាំងដានព្រះអង្គ មានចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ហើយផ្លូវមិនសូវជាចោទខ្លាំងនោះឡើយ សម្រួលដល់ការដើរមិនថា ក្មេង ឬមនុស្សមានវ័យច្រើនបន្តិច ក៏អាចដើរបានផងដែរ។
ក្រៅពីសមិទ្ធផលខាងលើនេះទៅ ជាជំហានបន្ទាប់ ក្រសួងបរិស្ថាន នឹងចាប់ផ្តើមអភិវឌ្ឍនៅទីតាំងដានព្រះអង្គ (ចង្កេះភ្នំខ្នង ផ្សារ) នឹងបើកការដ្ឋានគម្រោងដើម្បីបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ រួមមានមណ្ឌលព័ត៌មានជាមួយនឹងទីសង្គ្រោះបន្ទាន់ ហាងលក់វត្ថុអនុស្សាវរីយ៍ ភោជនីយដ្ឋាន ចំណតរថយន្តទេសចរណ៍-ទោចក្រយានយន្ត អាងស្តុកទឹក អណ្តូងទឹកសម្រាប់អ្នកថ្មើរជើងប្រើប្រាស់ បន្ទប់ងូតទឹកប្រុស-ស្រី បន្ទប់អនាម័យប្រុស-ស្រី-ជនពិការ និងជាពិសេសកន្លែងអង្គុយលម្ហែ បណ្តែតអារម្មណ៍គយគន់ទេសភាព និងស្រូបខ្យល់អាកាសដ៏ល្អបរិសុទ្ធពីធម្មជាតិបៃតង។
សមិទ្ធផលដែលសម្រេចបានខាងលើនេះ កើតមានឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់កាលពីខែមីនា ឆ្នាំ២០២៥។ ក្រោយដំណើរពិនិត្យដោយថ្មើរជើងកាលពីពេលនោះ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានដាក់ចេញផែនការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិនេះ ដើម្បីទាក់ទាញអ្នកទេសចរណ៍ ហើយផលប្រយោជន៍ត្រូវធ្លាក់ទៅដល់ដៃរបស់ប្រជាសហគមន៍នៅតំបន់នោះជាអាទិភាព។
សូមបញ្ជាក់ថា ភ្នំខ្នងផ្សារតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បាញល្បីនាទឹកដីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយសាងភាពល្បីរន្ទឺគ្រប់ទីកន្លែងព្រោះតែសម្រស់ដងគិរីបព្វតាដ៏ស្រស់បំព្រង។ ភ្នំខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុម៣ នៃខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ សម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំទាបខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ មានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ភ្នំខ្នងផ្សារជាទីឋានធម្មជាតិ ដែលបានអន្ទងដួងចិត្តអ្នកទេសចរជិតឆ្ងាយឱ្យទៅលេងកម្សាន្តមិនចេះជិនណាយនោះឡើយ៕

















































































