FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ខ្មែរ ប៊ែវើរីជីស សង់អគារសិក្សាថ្មី២ខ្នង នៅតំបន់ប៉ះពាល់នៅឧត្តរមានជ័យ

01-02-2026 14:28

(ភ្នំពេញ)៖ «ការអប់រំបង្កើតគ្រឹះមួយ ពិតប្រាកដសម្រាប់ក្មេងបន្តវេនជំនាន់ក្រោយ» ជាប្រសាសន៍របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានផ្តួចផ្តើម និងរៀបចំគម្រោងសាងសង់មុនគេ ផ្តល់នូវអគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់៖ បឋមសិក្សាគោកប្រាសាទ ស្ថិតនៅក្រុងសំរោង ចំនួន ១ខ្នង និងបឋមសិក្សាគូរ ស្ថិតនៅស្រុកបន្ទាយអំពិល ចំនួន១ខ្នង ព្រមទាំងសាងសង់លេណដ្ឋានសុវត្តិភាព ជូនសិស្សានុសិស្សនៅទីតាំងសាលាទាំងពីរ ហើយក៏បានជួសជុលវត្តគិរីសីមាតេជោអូរទឹកចោល នៅក្រុងសំរោងដែរ។

ស្របតាមស្មារតីខ្មែររួបរួមគ្នា ខ្មែរ ប៊ែវើរីជីស បានចូលរួមចំណែកជាចលករសំខាន់ ក្នុងការដោះស្រាយពីក្តីបារម្ភទៅលើផលប៉ះពាល់នៃការអប់រំ តាមរយៈការស្តារឡើងវិញនូវសាលារៀន ដែលរងការខូចខាតនៅតំបន់ព្រំដែន ឱ្យបានលឿនតាមតែអាចធ្វើបាន ព្រោះការអប់រំជាក្តីសង្ឃឹមនៃការអភិវឌ្ឍប្រទេសជាតិ។

ផ្សារភ្ជាប់នឹងការចុះឧបត្ថម្ភដោយផ្ទាល់ ទាំងថវិកា ស្បៀងអាហារភេសជ្ជៈ តង់ស្នាក់នៅ សម្ភារៈប្រើប្រាស់ចាំបាច់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក សរុបជិត ៧ លានដុល្លារ ថែមទាំងចុះមកធ្វើម្ហូបឆ្ងាញ់ៗ និងកាត់សក់ជូនជនភៀសសឹក ជីប ម៉ុង ក៏បានបញ្ជូនក្រុមការងារទៅជ្រើសរើសបុគ្គលិកដល់ទីតាំងជំរុំភៀសសឹកផ្ទាល់ សម្ភាសន៍ភ្លាមៗ ផ្តល់ការងារជូនភ្លាមៗ ដល់បងប្អូនភៀសសឹក។

ពិធីបញ្ចុះបឋមសិលាសាងសង់នៅក្នុងថ្ងៃនេះ ជានិមិត្តរូបនៃ ឯកភាព ភាពអត់ធ្មត់ និងទំនួលខុសត្រូវរួម ដែលបានពីការចូលរួមរបស់បងប្អូនខ្មែរ តាមរយៈព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៍ ធ្វើឡើងដើម្បីចូលរួមជួសជុល ឬកសាងសាលារៀននៅតាមបន្ទាត់ព្រំដែន។ សកម្មភាពនេះ កំពុងបញ្ជាក់យ៉ាងច្បាស់ថា កុមារគ្រប់រូប គួរតែមានឱកាសទទួលបានការអប់រំ ដោយមិនគិតពីស្ថានភាពណាមួយឡើង៕

ខ្មែរស្រលាញ់ខ្មែរ ខ្មែរ ប៊ែវើរីជីស!