FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី៖ «គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»

01-02-2026 13:25

(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការបក្សសង្កាត់ព្រះស្រែ ដោយមានវត្តមានចូលរួមពីសំណាក់ក្រុមការងារចុះជួយខេត្ត ក្រុង និងសង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ព្រមទាំងសមាជិកថ្មីសរុប៥៨៥នាក់។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ព្រះស្រែ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី លោក ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រះស្រែ ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរ ចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ ប៉ុន្តែជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្តារសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរហូតមក។

សូមជម្រាបថា ក្នុងចំណោមសមាជិក សមាជិកាបញ្ចូលថ្មី ទាំង៥៨៥នាក់ នៅសង្កាត់ព្រះស្រែ នាឱកាសនេះ រួមមាន កម្មករ កម្មការិនី ចំនួន៣១៨នាក់, សិស្សនិស្សិត ចំនួន២៦នាក់, គ្រូពេទ្យ ចំនួន២នាក់ និងគ្រូបង្រៀន ចំនួន៣នាក់ ក្រោយពីបានពិនិត្យឃើញនូវប្រវត្តិ សមិទ្ធផល និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនជារៀងរហូតមក។ នេះជាការលើកឡើងក្នុងពាក្យស្នើសុំចូលជាសមាជិក ដែលបានអានដោយតំណាងសមាជិកសុំចូលថ្មី៕