អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាដល់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធឱ្យបន្តពង្រឹងសន្តិសុខ និងរួមគ្នាបង្ក្រាបបទល្មើសបច្ចេកវិទ្យា ឱ្យខាងតែបានដាច់ខាត
30-01-2026 14:25
(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានដាក់ចេញបទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុកទាំង៦ កងកម្លាំងទាំង៣ រួមទាំងមន្ត្រីពាក់ព័ន្ធ បន្តខិតខំពង្រឹងសន្តិសុខ និងរួមគ្នាបង្ក្រាបបទល្មើសបច្ចេកវិទ្យា (Online Scam) ឱ្យខាងតែបានដាច់ខាត។
ការដាក់ចេញវិធានការក្តៅ និងបទបញ្ជាដ៏តឹងរឹងរបស់អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ខណៈលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង។ កិច្ចប្រជុំពង្រឹងសន្តិសុខក្នុងខេត្តនេះ ក៏មានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្តផងដែរ។
កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់នៅទូទាំងខេត្ត ពិសេសការកម្ចាត់បទល្មើសបច្ចេកវិទ្យា (Online Scam)។
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានថ្លែងថា ស្មារតីនៃកិច្ចប្រជុំនាពេលនេះ គឺឆ្ពោះទៅរកការរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តស្ទឹងត្រែង ទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោក សរ សុពុត្រា បានដាក់ចេញនូវបទបញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៦ កងកម្លាំងទាំង៣ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស និងការទប់ស្កាត់ បង្ក្រាបសកម្មភាពជួញដូរមនុស្ស និង Online Scam ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោក សរ សុពុត្រា បានចាត់ទុកការងាររក្សាសន្តិសុខ សុវត្ថិភាព ជាកិច្ចការងារអាទិភាព និងបានជំរុញ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក រួមទាំងកងកម្លាំងពាក់ព័ន្ធ ត្រូវអះអាង និងធានាថា នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង មិនត្រូវឱ្យមានជាដាច់ខាត នូវសកម្មភាពបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗទៀតដែលពាក់ព័ន្ធ។ លោកបានបញ្ជាក់ថា រាល់ទីតាំងសង្ស័យទាំងអស់ ត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ ដើម្បីធានាថា គ្មានការបង្កប់នូវសកម្មភាពខុសច្បាប់ទាំងនេះឡើយ។
ជាសក្ខីភាព និងដើម្បីបង្ហាញការឆ្លើយតបបទបញ្ជារបស់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកទាំង៦ រួមទាំងអង្គភាពនៃកងកម្លាំងទាំង៣ បានប្តេជ្ញាចិត្តរួមគ្នាយ៉ាងមុតមាំ ក្នុងការទប់ស្កាត់ និងមិនអនុញ្ញាតឱ្យមានបទល្មើស Online Scam ល្បែងហ្គេមអនឡាញ ឬល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចដែលខ្លួនគ្រប់គ្រងឡើយ ដើម្បីបាននូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕




























