FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ និងផ្សព្វផ្សាយប្រសាសន៍ណែនាំនាយឧត្តមសេនីយ៍ សៅ សុខា

30-01-2026 13:04

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍លទ្ធផលការងារ កងរាជអាវុធហត្ថឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ និងផ្សព្វផ្សាយនូវប្រសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ, លោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុកទាំង៩ លោកប្រធានស្នាក់ការសន្តិសុខ និងកម្លាំងកងរាជអាវុធហត្ថទាំងអស់ដែលកំពុងបំរើការងារនៅសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន១៥៥នាក់។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយនាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំងជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដីនាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី ក៏បានណែនាំដល់ការិយាល័យជំនាញទាំងអស់ ជាពិសេសតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ សម្រាប់ឆ្នាំ២០២៦ ត្រូវពង្រឹងយន្តការប្រមូលផ្តុំ និងការគ្រប់គ្រងព័ត៌មាន បម្រើឱ្យព្រឹត្តិការណ៍សំខាន់ៗ និងក្តាប់ឱ្យជាប់នូវរាល់មហិច្ឆតាប៉ុនប៉ងបង្កអសន្តិសុខ ចលាចល ដែលនាំឱ្យប៉ះពាល់ដល់ស្ថិរភាព សណ្តាប់ធ្នាប់ និងអំពើភេវរកម្ម ការញុះញង់ធ្វើបដិវត្តន៍ពណ៌ផ្ដួលរំលំរាជរដ្ឋាភិបាល និងពង្រឹងយន្តការស្រាវជ្រាវបង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ (ប្លន់ ឃាតកម្ម ចាប់មនុស្សជំរិតទារប្រាក់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស រំលោភសេពសន្ថវៈ) និងបណ្ដាបទល្មើសផ្សេងៗ។ ទទួលនិងចាត់ការតាមនិតិវិធីនូវរាល់បណ្ដឹង ដីការបស់តុលាការ ជាពិសេសពង្រឹងការកសាងនីតិវិធីផ្នែកនគរបាលយុត្តិធម៌ បច្ចេកវិទ្យាទំនើប និងរៀបចំបន្ទប់ឃាត់ខ្លួនបណ្តោះអាសន្ន (ប្រុស-ស្រី)ឱ្យបានសមរម្យ។ ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈបំពាក់អនុវត្តបទបញ្ជាដើម្បីជួយគាំទ្រ និងការពារសន្តិសុខដល់ប្រជាពលរដ្ឋតាមភូមិសាស្ត្ររៀងៗខ្លួន៕