ពីសាលាក្លាយជាជំរុំ៖ តង់តូចចង្អៀត តែពន្លឺនៃវិជ្ជានៅតែរះត្រដែត (Video inside)
30-01-2026 13:01
(បន្ទាយមានជ័យ)៖ ឃ្លាតផ្ទះ ឃ្លាតសាលារៀន ឃ្លាតលោកគ្រូអ្នកគ្រូ ឃ្លាតតុ សៀវភៅ និងមិត្តរួមថ្នាក់ កុមារមកពីតំបន់បឹងត្រកួន នៃខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងបញ្ហាជាច្រើន ដោយសារសកម្មភាពឈ្លានពាន និងអមនុស្សធម៌របស់យោធាថៃ ដែលបានបង្ខំឱ្យពួកគេភៀសខ្លួនចេញពីលំនៅដ្ឋាន និងបរិយាកាសសិក្សាដែលធ្លាប់ស្គាល់។
ទោះជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក្តី ការអប់រំមិនអាចត្រូវបានបង្អាក់ដោយអំពើហិង្សានោះឡើយ។ អំឡុងពេលភៀសសឹក ដែលកុមារមិនទាន់អាចវិលត្រឡប់ទៅសាលារៀនដើមវិញបាន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសាលាបណ្ដោះអាសន្ននៅតាមទីតាំងជម្លៀស ដើម្បីធានាថា «ទំពាំង» របស់ជាតិ នៅតែបន្តទទួលបានចំណេះដឹង និងអនាគត ទោះស្ថិតក្រោមលក្ខខណ្ឌលំបាកកម្រិតណាក៏ដោយ។
ចំណែកលោកគ្រូអ្នកគ្រូនៅសាលាបណ្ដោះអាសន្ន បានរៀបចំការបង្រៀនក្នុងលក្ខខណ្ឌកំណត់ ដោយខិតខំអស់ពីសមត្ថភាព ដើម្បីផ្ដល់ចំណេះដឹង និងលើកទឹកចិត្តផ្លូវចិត្តដល់សិស្សានុសិស្ស ដែលកំពុងរងរបួសទាំងផ្លូវកាយ និងផ្លូវចិត្ត។
ក្រៅពីជំនួយផ្នែកអប់រំទាំងផ្លូវកាយ និងផ្លូវចិត្ត រាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្ត នៅតែបន្តជួយសម្របសម្រួលផ្នែកស្បៀងអាហារចែកជូនដល់ជនភៀសសឹកមិនអាក់ខាន។ បន្ថែមពីលើនេះ ក្រុមការងារ ក៏បានរៀបចំជាកន្លែងរោងបន្លែនៅក្បែងជំរុំ ដើម្បីបង្កើតនូវសកម្មភាពការងារ កាត់បន្ថយភាពតានតឹងផ្នែកផ្លូវអារម្មណ៍ជូនបងប្អូនផងដែរ។
អំណឹះនេះទៅមុខ រាជរដ្ឋាភិបាល បាននិងកំពុងគិតគូររៀបចំទីតាំងសមរម្យណាមួយជូនបងប្អូនភៀសសឹកនៅតំបន់នេះ បង្កើតជាភូមិករណ៍ណាមួយ ដ្បិតថាដំណោះស្រាយអាចប្រើប្រាស់ពេលវេលាបន្ដិច ទំរាំស្ថានភាពធូរស្រាលអាចអនុញ្ញាតឱ្យបងប្អូនត្រឡប់ទៅកាន់គេហដ្ឋានវិញបាន។
សំឡេងកុមារកម្ពុជា ប្រហែលមិនពិរោះរណ្ដំដូចតន្ត្រី ប៉ុន្តែវាជាសំឡេងដែលពោរពេញដោយការតស៊ូ ការអត់ធ្មត់ និងក្តីសង្ឃឹម ក្នុងសម័យសង្គ្រាមទំនើបមួយនេះ។ ពួកគេគ្រាន់តែចង់បានសន្តិភាព សន្តិភាពផ្លូវកាយ និងផ្លូវចិត្ត សន្តិភាពដែលអាចឱ្យពួកគេបន្តសិក្សា រស់នៅជាមួយស្នាមញញឹម ក្តីសង្ឃឹម និងអនាគតភ្លឺស្វាង។
តាមរយៈសំឡេងដ៏ទន់ខ្សោយតែពោរពេញដោយអត្ថន័យនេះ កុមារកម្ពុជា សូមអំពាវនាវយ៉ាងទទូចដល់សហគមន៍ និងអង្គការអន្តរជាតិ មេត្តាជួយរកយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា ដើម្បីឱ្យពួកគេអាចវិលត្រឡប់ទៅលំនៅដ្ឋាន និងជួបជុំគ្រួសាររបស់ខ្លួនវិញ ដោយសុខសាន្ត និងសុវត្ថិភាព៕
