FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសង្គមកិច្ច ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ស្ថាប័ន នៅភ្នំពេញ និងខេត្តមួយចំនួនទៀត

30-01-2026 12:57

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១១ ដែលមាន ថវិកាសរុប ចំនួនជាង១៩លានដុល្លារ ដែលអនុវត្តគម្រោង និងចំណាយដោយផ្ទាល់ដោយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ស៊ូនីវង្សវិសិដ្ឋ រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច តំណាងលោក ជា សុមេធី រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហការីផងដែរ។

គម្រោងទាំងនេះអនុវត្តនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនដូចជា ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពត ខេត្តស្វាយរៀង ដល់ក្រុមគោល ដៅជាជនរងគ្រោះ និងងាយរងគ្រោះ ដូចជាកុមារ ចាស់ជរា ជនក្រីក្រ និងជនមានពិការភាព។

លោកបណ្ឌិត បានថ្លែងអំណរគុណដល់អង្គការ ដែលមានកិច្ចសហការជាមួយក្រសួងក្នុងការ អនុវត្តសកម្មភាព ជួយដល់ក្រុមគោលដៅក្នុងវិស័យសង្គមកិច្ចនៅកម្ពុជា និងស្នើសុំដល់សមាគម និងអង្គការមិនមែន រដ្ឋាភិបាលបន្ត និងផ្តល់អត្ថប្រយោជន៍អោយចំក្រុមគោលដៅ។

លោកបណ្ឌិត បានផ្តល់ជាមតិ និងអនុសាសន៍ដល់មន្ត្រីក្រសួង និងអង្គការ ដោយស្នើសុំឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជ្រើសរើសបុគ្គលិកជាជនមានពិការភាព ដើម្បីចូលរួមបម្រើការងារ ទៅតាមលទ្ធភាព និងជួយផ្សព្វផ្សាយដល់កុមារ ដែលស្ថិតក្នុងគ្រួសារក្រីក្រមានបណ្ណសមធម៌ ក្រោយពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍ អាចទាក់ទងទៅខាងឃុំ សង្កាត់ ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាអាហារូបករណ៍ និងប្រាក់ឧបត្ថម្ភជាដើម៕