អភិបាលស្រុកតាំងគោក៖ វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចខ្វះមួយណាបានឡើយក្នុងការចូលរួមជួយអភិវឌ្ឍន៍នៅតាមមូលដ្ឋាន
30-01-2026 12:10
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូ ខេត្តានុរ័ក្ខ ព្រះអនុគណស្រុកតាំងគោក នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញ និងនិមន្ត ជាអធិបតីផ្សព្វផ្សាយពីសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជា ឆ្នាំ២០២៦នេះ និងដើម្បីរិះរកវិធីជួយបំពេញគ្នាទៅវិញទៅមក បន្តសហការគ្នាសំដៅបម្រើប្រយោជន៍ជាតិ និងប្រជាជនក្នុងមូលដ្ឋាន ដោយមានការចូលរួមពីលោកឃុំ ព្រះគ្រូចៅអធិការវត្ត លោកអាចារ្យ គណៈកម្មាធិការវត្ត ព្រះសង្ឃ និងលោកតា លោកយាយ ជាច្រើននាក់ផងដែរ។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី មានសង្ឃដីការបញ្ជាក់ថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ហើយប្រទេសដែលកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំពុំដែលខាន។ ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរំលឹកដល់អភិលក្ខិតសម័យដែលប្រកបដោយគុណតម្លៃដ៏មហស្ចារ្យកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃ គឺថ្ងៃប្រជុំចតុរង្គសន្និបាតសម្តែងឱវាទប្បាតិមោក្ខ និងថ្ងៃដែលព្រះអង្គប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ។ ជារៀងរាល់ឆ្នាំ ពុទ្ធសាសនិកជនខ្មែរ តែងតែប្រារព្ធធ្វើបុណ្យមាឃបូជានៅគ្រប់វត្តអារាមទូទាំងប្រទេស ដោយចាត់ទុកថា ជាការបំពេញបុណ្យកុសលដ៏ថ្លៃថ្លាបំផុតនិងធ្វើនូវកតញ្ញូកតវេទីដល់ព្រះសាស្តាបរមគ្រូ។
ព្រះមង្គលសីលវ័ន្ត លីម វុឌ្ឍី មានសង្ឃដីកា ទៀតថា ក្នុងឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យរយៈពេល ២ថ្ងៃ គឺថ្ងៃចន្ទ ១៥កើត និងថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២ និងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ថ្លែងនាឱកាសនោះដែរលោក ហាក់ ម៉ុងហួត បានបញ្ជាក់ឱ្យដឹងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ជាមាគ៌ាតែមួយក្នុងការដឹកនាំប្រជាពលរដ្ឋឱ្យដេីរលេីផ្លូវដ៏ល្អប្រសេីរ ដូចនេះទាំងវិស័យពុទ្ធចក្រ និងអាណាចក្រនៅតាមមូលដ្ឋាន ត្រូវតែចូលរួមសហការគ្នា ដើម្បីជួយបំពេញគ្នាទៅវិញទៅមក ទាំងកម្មវិធីបុណ្យទានផ្សេងៗ និងការចូលរួមអភិវឌ្ឍនៅមូលដ្ឋានជាដើម ត្រូវតែចូលរួមសហការគ្នា វិញជាធ្លុងតែមួយ ដើម្បីឱ្យវិស័យទាំងពីរនេះ មានការអភិវឌ្ឍឡើងទទឹមគ្នា ប្រកបដោយតុល្យភាព ក្នុងបរិបទប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋផងដែរ។
ជាមួយគ្នានោះបន្ទាប់ពីឃើញមានការចូលរួមពីព្រះសង្ឃ ក្នុងការចូលរួមអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានជាបន្តបន្ទាប់នោះ លោក ហាក់ ម៉ុងហួត ក្នុងនាមរដ្ឋបាលស្រុក ក៏បានថ្លែងអរគុណដល់ព្រះសង្ឃ លោកអាចារ្យ គណៈកម្មាធិការវត្ត ដែលបានចូលរួមជួយក្នុងការអភិវឌ្ឍន៍នៅមូលដ្ឋាន ដែលជាក់ស្តែងនាពេលកន្លងមក ក្រៅពីការអភិវឌ្ឍន៍នៅក្នុងវត្តអារាមហើយនោះ ព្រះអង្គ ក៏បានចំណាយនូវថវិកា ក្នុងចូលការរួមអភិវឌ្ឍន៍ផ្សេងៗនៅមូលដ្ឋាន ដូចជាការជួយសាងសង់ផ្លូវ និងរួមចំណែកជួយដល់ជនភៀសសឹក ក៏ដូចជាជួយដល់វីរកងនៅសមរភូមិមុខផងដែរ។
លោកអភិបាលស្រុកតាំងគោក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនមកដល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ជាខ្លាំងទៅលើវិស័យពុទ្ធសាសនានេះ, នាពេលកន្លងមករាជរដ្ឋាភិបាលបានរួមចំណែកជាច្រើនក្នុងការចូលរួមកសាងវត្តអារាម និងសមិទ្ធផលផ្សេងៗជាច្រើនទៀត នៅក្នុងវិស័យព្រះពុទ្ធសាសនា ជាក់ស្តែង នាពេលដ៏ខ្លីខាងមុខនេះ ជាពិធីបុណ្យមាឃបូជា ដែលជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ក៏រាជរដ្ឋាភិបាល បានចាត់ចែងឱ្យមានការរៀបចំឱ្យបានមហោឡាឫក ផងដែរ ដែលនេះសបញ្ជាក់យ៉ាងច្បាស់ថា វិស័យពុទ្ធចក្រ និងអាណាចក្រ គឺមានការរីកចម្រើនជាមួយគ្នា មិនអាចខ្វះមួយណាបានឡើយ។
បន្ថែមពីនេះពាក់ព័ន្ធនឹងពិធីបុណ្យមាឃបូជានេះដែរ លោក ហាក់ ម៉ុងហួត បានជំរុញឱ្យគ្រប់វត្តអារាមរៀបចំពិធីបុណ្យ មាឃបូជា ឱ្យបានមហោឡារិក ស្របតាមទំនៀមទម្លាប់ ប្រពៃណីជាតិ និងបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចូលរួមសហការជាមួយអាចារ្យ គណៈកម្មាធិការវត្ត ដើម្បីរៀបចំពិធីនេះឱ្យទទួលបានជោគជ័យ ដើម្បីជាគុណប្រយោជន៍ដល់ការថែរក្សានូវអត្តសញ្ញាណជាតិ ប្រពៃណីព្រះពុទ្ធសាសនា និងលើកកម្ពស់សីលធម៌សង្គមផងដែរ៕




















