ប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់, លោក អ៊ុក រក្សា ជំនួសលោក ឡាច ផេងលី ដែលត្រូវចូលនិវត្តន៍
30-01-2026 11:54
(ពោធិ៍សាត់)៖ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ ដោយលោក អ៊ុក រក្សា ត្រូវបានតែងតាំងជាប្រធានថ្មី ជំនួសលោក ឡាច ផេងលី ដែលត្រូវបានចូលនិវត្តន៍។
ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួមពី លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, លោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត, អភិបាលរងនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត, លោកអភិបាលក្រុងស្រុក និងមន្រ្តីរាជការ ប្រមាណជាង២០០នាក់។
បន្ទាប់ពីទទួលបានអនុក្រឹត្យ តែងតាំងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មី ខេត្តពោធិ៍សាត់, លោក អ៊ុក រក្សា បានធ្វើការប្តេជ្ញាចិត្តដូចតទៅ៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ៖ ប្តេជ្ញាគោរពតាមរដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនឱ្យអស់ពីកម្លាំងកាយចិត្ត។ ប្តេជ្ញាជំរុញការងារចុះបញ្ជីសារពើភណ្ឌ ការការពារ និងការថែរក្សាសម្បត្តិវប្បធម៌ទាំង បេតិកភណ្ឌរូបី (ប្រាសាទ វត្ថុសិល្បៈ) និងបេតិកភណ្ឌអរូបី (សិល្បៈទស្សនីយភាព ទំនៀមទម្លាប់) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ឱ្យបានគង់វង្ស។ ប្តេជ្ញាដឹកនាំដោយប្រកាន់ខ្ជាប់នូវគោលការណ៍ "សាមគ្គីភាព និងលទ្ធិប្រជាធិបតេយ្យ" ក្នុងអង្គភាព ពង្រឹងរបៀបរបបធ្វើការងារជាក្រុម និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការក្រោមឱវាទ។ ប្តេជ្ញាលើកកម្ពស់តម្លៃវប្បធម៌ជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍សិល្បៈ ការអប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងការសហការជាមួយវិស័យទេសចរណ៍ ដើម្បីប្រែក្លាយវប្បធម៌ទៅជាកម្លាំងចលករនៃសេដ្ឋកិច្ច។ ប្តេជ្ញាអនុវត្តការងារដោយមានតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក ឡាច ផេងលី ប្រធានមន្ទីរចាស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការដឹកនាំមន្ទីរកន្លងមក សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការអភិរក្ស និងអភិវឌ្ឍន៍វិស័យវប្បធម៌ក្នុងខេត្តរបស់យើង។
ថ្នាក់ដឹកនាំទាំង២ បានលើកឡើងថា ការតែងតាំង និងផ្លាស់ប្តូរមុខតំណែងនាពេលនេះ គឺជាដង្ហើមរដ្ឋបាលធម្មតា ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងផ្តល់ឱកាសដល់មន្ត្រីដែលមានសមត្ថភាព បន្តវេនដឹកនាំក្នុងស្មារតីទទួលខុសត្រូវខ្ពស់។ ពិតណាស់វិស័យវប្បធម៌ គឺជា "ព្រលឹង និងជាអត្តសញ្ញាណជាតិ"។ ក្នុងបរិបទដែលពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ទាំងផ្នែកបច្ចេកវិទ្យា និងឥទ្ធិពលវប្បធម៌បរទេស តួនាទីរបស់ប្រធានមន្ទីរវប្បធម៌ គឺកាន់តែមានសារៈសំខាន់ខ្លាំងឡើង។
លោក ខូយ រីដា និងលោកស្រី ភឿង សកុណា សូមឱ្យលោក អ៊ុក រក្សា ប្រធានមន្ទីរដែលទើបតែងតាំងថ្មី ត្រូវធ្វើជាស្នូលនៃសាមគ្គីភាព ដឹកនាំដោយតម្លាភាព យុត្តិធម៌ និងចេះសហការល្អជាមួយមន្ត្រីក្រោមឱវាទ ក៏ដូចជាមន្ទីរជុំវិញខេត្ត, បន្តយកចិត្តទុកដាក់ចុះបញ្ជី និងការពាររមណីយដ្ឋានប្រវត្តិសាស្ត្រ បុរាណវត្ថុ និងវប្បធម៌អរូបី (ដូចជាសិល្បៈទម្រង់ផ្សេងៗ) ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យជៀសផុតពីការរំលោភបំពាន ឬការបាត់បង់, ជំរុញការបណ្តុះបណ្តាលសិល្បៈដល់យុវជនជំនាន់ក្រោយ និងរៀបចំព្រឹត្តិការណ៍វប្បធម៌នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យសាធារណជន ជាពិសេសយុវជន បានយល់ដឹង និងស្រឡាញ់តម្លៃវប្បធម៌ខ្មែរ កាន់តែស៊ីជម្រៅ។
ថ្នាក់ដឹកនាំទាំង២ បានគូសបញ្ជាក់ថា នៅពេលមានសង្គ្រាម វប្បធម៌មិនមែនគ្រាន់តែជាការកម្សាន្តនោះទេ ប៉ុន្តែវាគឺជា "ព្រលឹងជាតិ"ហើយការតែងតាំងថ្នាក់ដឹកនាំផ្នែកវប្បធម៌ ក្នុងស្ថានភាពបែបនេះ បង្ហាញពីឆន្ទៈរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការរក្សាអត្តសញ្ញាណជាតិ មិនឱ្យរលាយបាត់បង់ តាមរយៈការឈ្លានពានពីខាងក្រៅ។ ចំពោះការរៀបចំពិធីប្រកាសមុខតំណែងជាផ្លូវការនេះផងដែរ បង្ហាញថាប្រព័ន្ធរដ្ឋបាលនៅតែរឹងមាំ និងដំណើរការជាធម្មតា ទោះបីជាមានការគំរាមកំហែងពីសង្គ្រាមក៏ដោយ វាបានបង្ហាញទៅកាន់សត្រូវថា "យើងមិនចុះចាញ់ ហើយយើងនៅតែការពារតម្លៃនៃវប្បធម៌របស់យើង"៕

















































