រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចាត់តំណាងចុះសួរសុខទុក្ខ និងផ្តល់អំណោយជូនក្មេងស្រីពិការជើងដោយគ្រោះថ្នាក់ចរាចរណ៍ ហើយនាំទៅធ្វើអវយវៈជើងសិប្បនិម្មិត
30-01-2026 10:53
(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំពោះក្មួយស្រី សឿង សំរង ដែលមានពិការជើង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដែលរស់នៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជាមួយគ្នានេះលោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានទទួលអនុវត្តចាត់តាំងក្រុមការងារមន្ទីរដោយបញ្ជូនក្មួយស្រីទៅធ្វើអវយវៈជើងសិប្បនិម្មិត និងផ្តល់ឧបករណ៍ជំនួយនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទារាជធានីភ្នំពេញ។
មកដល់ពេលបច្ចុប្បន្ននេះករណីក្មេងស្រីពិការជើងម្នាក់ ឈ្មោះ សឿង សំរង អាយុ១០ឆ្នាំ បានទទួលការយកចិត្តទុកដាក់ និងជំនួយពីក្រុមការងារឯកទេស ក្នុងការធ្វើអវយវៈជើងសិប្បនិម្មិត និងផ្តល់ឧបករណ៍ជំនួយចាំបាច់រួចរាល់ហើយ។
ជាមួយគ្នានោះ មន្ទីរក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោក ជា សុមេធី និងលោកស្រី ជា ផល្គុន ទៅប្រគល់ជូនក្មួយស្រី និងគ្រួសាររួមមាន៖ រទេះជនពិការ ចំនួន ០១គ្រឿង សម្ភារសិក្សាមួយចំនួន សម្ភារៈឧបភោគបរិភោគ និងថវិកាចំនួន ៤០ម៉ឺនរៀល៕







