ឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតទីម័រឡេស្តេ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី
29-01-2026 22:49
(កូរ៉េខាងត្បូង)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក António de Sá Benevides ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅស្ថានទូតទីម័រឡេស្តេ ក្នុងទីក្រុងសេអ៊ូល។
លោក ឯកអគ្គរាជទូតបានសម្តែងការអបអរសាទរសារជាថ្មីចំពោះសាធារណរដ្ឋទីម័រឡេស្តេដែលបានចូលជាសមាជិកអាស៊ានទី១១ កាលពីចុងខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដែលវាបានឆ្លុះបញ្ចាំងអំពី កិច្ចខិតខំប្រឹងប្រែងប្រកបដោយផ្លែផ្ការបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទីម័រឡេស្តេ។
ឆ្លៀតក្នុងឱកាសនៃជំនួប ភាគីទាំងពីរក៏បានពិភាក្សាអំពី ការពង្រឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងទីម័រឡេស្តេ ក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌអាស៊ាន និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េផងដែរ៕



