មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ចិន ដើម្បីជំរុញភ្ញៀវចិនមកកម្ពុជាបន្ថែម
29-01-2026 22:27
(ហ្វីលីពីន)៖ នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ជួបពិភាក្សាការងារទ្វេភាគី នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសេប៊ូ ប្រទេសហ្វីលីពីន។
ជាកិច្ចចាប់ផ្តើម, លោករដ្ឋមន្ត្រី ថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលបានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបណ្តុះបណ្តាល, ការរៀបចំ FAM TRIP និងការជំរុញនាំភ្ញៀវចិនមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍របស់ចិន។
ជាមួយគ្នានេះ, រដ្ឋមន្ត្រី ហួត ហាក់ បានជម្រាបជូនភាគីចិន អំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ ខែ (ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំមជ្ឈមណ្ឌលចិនអាស៊ាន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ និងឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦ ឱ្យបានជោគជ័យ។
ជាការឆ្លើយតប, លោកអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បន្តបេ្តជ្ញាជួយលើកកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា មានជាអាទិ៍ ការជួយកៀរគរវិនិយោគិននិងទេសចរចិនបន្ថែមទៀតមកកម្ពុជា, ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទេសក៍ទេសចរណ៍ និងការបណ្តុះបណ្តាលផ្សេងៗទៀតតាមតម្រូវការរបស់កម្ពុជា, ការគាំទ្រដល់ការអនុវត្តសកម្មភាពនានាដែលស្ថិតនៅក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦, ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរនៅតាមបណ្តាញសង្គម។
ក្នុងន័យនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន បានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខទេសចរណ៍ ដែលនឹងរៀបចំឡើងនៅប្រទេសចិនក្នុងឆ្នាំ២០២៦នេះ។
កម្ពុជា រីករាយស្វាគមន៍ចំពោះការអញ្ជើញនេះ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាតំបន់នេះ, កម្ពុជា នឹងលើកកម្ពស់ការផ្សព្វផ្សាយបន្ថែមទៀតឱ្យបានទូលំទូលាយទៅកាន់ទីផ្សារចិន និងទីផ្សារតំបន់ ក៏ដូចជាពិភពលោក ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងមានសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្វាគមន៍ទេសចរពីគ្រប់ទិសទីមកកម្ពុជា៕












