មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» អនុស្សរណៈនៃការយោគយល់គ្នាជាមួយ CBC ពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)
27-01-2026 21:54
(ភ្នំពេញ)៖ បណ្ឌិត គង់ ម៉ារីរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) និងលោក រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនក្រេឌីតប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC-ស៊ីប៊ីស៊ី) នៅរសៀលថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ម.ធ.ត. ដែលជាប្រតិបត្តិករនៃថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) និង ក្រុមហ៊ុន ស៊ីប៊ីស៊ី ។
ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និង តំណាង ពីក្រសួងពាណិជ្ជកម្ម,ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, ម.ធ.ត.និង ក្រុមហ៊ុន ស៊ីប៊ីស៊ី។
ក្នុងពិធីនេះ បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ ម.ធ.ត. និង លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ស៊ីប៊ីស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើការប្រើប្រាស់ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)” ដើម្បីជំរុញការប្រើប្រាស់សេវា e-KYB និង ការធ្វើបរិវត្តកម្មឌីជីថល ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និង វិស័យឯកជន ផងដែរ។
សូមជម្រាបជូនថា ប្រព័ន្ធ e-KYBគឺជាឧបករណ៍ឌីជីថលដែលគាំទ្រដល់ការផ្ទៀងផ្ទាត់ទិន្នន័យសហគ្រាស និង អនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុ និង ក្រុមហ៊ុនឯកជន ទទួលបានការផ្ទៀងផ្ទាត់ទិន្នន័យសហគ្រាសដែលអាចទុកចិត្តបាន តាមរយៈថ្នាល CamDX ដោយធានាបាននូវសុវត្ថិភាព និង ឯកជនភាពនៃទិន្នន័យ។ គួរបញ្ជាក់ដែរថាក្រុមហ៊ុន ស៊ីប៊ីស៊ី ជាការិយាល័យឥណទានដ៏ធំមួយនៅកម្ពុជា ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា, សមាគមធនាគារ, សមាគមមីក្រូហិរញ្ញវត្ថុ ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀតនៅកម្ពុជា និង មានដៃគូសហការក្នុងស្រុកប្រមាណជិត ២០០ ស្ថាប័ន និង ដៃគូ សហការក្រៅប្រទេសជាច្រើនទៀត ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទាក់ទាញឱ្យមានការប្រើប្រាស់សេវា e-KYB កាន់តែច្រើន។
បណ្ឌិត គង់ ម៉ារី បានផ្ដល់អនុសាសន៍ និង សំណូមពរមួយចំនួន សំដៅជួយសម្រួច, ជំរុញ និង តម្រង់ទិសដៅក្នុងការពង្រីកការប្រើប្រាស់ប្រព័ន្ធ e-KYB ដូចជា ៖ (១) បន្តសហការជិតស្និទ្ធរវាងក្រសួង ស្ថាប័ន និង ប្រតិបត្តិករថ្នាល CamDX, (២) លើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមជាសមាជិកថ្នាល CamDX និង ចូលរួមធ្វើបរិវត្តកម្មឌីជីថល, និង (៣) បន្តពង្រឹង និង ពង្រីកយន្ដការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ធុរជន តាមគ្រប់មធ្យោបាយ។
លោក រ័ត្ន សុវណ្ណនរៈ ក៏បានលើកឡើងដែរថា នេះជាជំហ៊ានចាប់ផ្ដើមមួយដ៏សំខាន់លើការកំណត់អត្តសញ្ញាណសហគ្រាស ដែលក្រុមហ៊ុនជាតិ និង អន្តរជាតិអាចផ្ទៀងផ្ទាត់ទិន្នន័យសហគ្រាសបានប្រកបដោយទំនុកចិត្ត តម្លាភាព និង សង្គតិភាព។ ឯកឧត្តម បានបង្ហាញពីចក្ខុវិស័យលើកិច្ចសហការនេះ ដែលអាចនាំឱ្យមានកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលមានវិសាលភាពកាន់តែធំ រវាង ម.ធ.ត., ក្រុមហ៊ុន ស៊ីប៊ីស៊ីនិង ក្រសួង ស្ថាប័នពាក់ព័ន្ធដទៃទៀត ក្នុងការផ្ទៀងផ្ទាត់ទិន្នន័យ សំដៅពង្រឹងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុកម្ពុជា និង លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែប្រសើរឡើង។
កិច្ចសហការប្រតិបត្តិការរវាងរវាង ម.ធ.ត. និង ក្រុមហ៊ុន ស៊ីប៊ីស៊ីសបញ្ជាក់អំពីការប្តេជ្ញាចិត្តរួមគ្នារវាងស្ថាប័នទាំង ២ ដោយនឹងបន្តនាំមកនូវឱកាសថ្មីៗសម្រាប់ការធ្វើសមាហរណកម្មទិន្នន័យ ដែលមានប្រសិទ្ធភាពកាន់តែប្រសើរឡើងនៅទូទាំងវិស័យនានា និង សំខាន់បំផុត សម្រាប់ការផ្តល់សេវាល្អប្រសើរដល់ប្រជាជនកម្ពុជា និង សហគមន៍ធុរកិច្ច៕

