ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរ ក្រុងអរិយក្សត្រ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល
27-01-2026 21:52
(កណ្តាល)៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃុំសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅក្រុងអរិយក្សត្រ ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល សរុបចំនួន ៣២១នាក់។
លោក ម៉ម ប៊ុននាង ប្រធានក្រុម បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់មូលដ្ឋានដោយក្តីនឹករលឹកបំផុត និងបានជម្រាបជូនអំពីគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ទាក់ទងនឹងវិវាទគ្រួសារ និងផ្សព្វផ្សាយអំពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភាក្នុងឆ្នាំ២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាពនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកស្រី សួស សារ៉ាម សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានជម្រាបជូនថា ព្រឹទ្ធសភានីតិកាលទី៥នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តោតសំខាន់លើកការងារអាទិភាពពីរ៖ ទី១- ការប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងទី២- ការអនុវត្តការទូតសភា ព្រមទាំងផ្សព្វផ្សាយអំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៥ ដូចជាសេចក្តីស្នើច្បាប់ និងសេចក្តីព្រាងច្បាប់ដែលព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់បានចំនួន ៤៤ច្បាប់។
ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់ថា គណៈកម្មការជំនាញនានានៃព្រឹទ្ធសភា បានបំពេញបេសកកម្មតាមដានការអនុវត្តច្បាប់ តាមរយៈការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនានា នៅរាជធានី និងតាមបណ្តាខេត្តនានា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមសមាជិកាព្រឹទ្ធសភា បានជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយអាជ្ញាធរនៅតាមភូមិភាគរបស់ខ្លួន ដើម្បីរួមប្រាស្រ័យទាក់ទងឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម និងសំណូមពរនៅក្នុងមូលដ្ឋាន។
បន្ទាប់មក លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានធ្វើបទបង្ហាញអំពីតួនាទីរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការជួយសម្របសម្រួលទាក់ទងនឹងវិវាទក្នុងគ្រួសារ ក្នុងគោលបំណងពង្រឹងសមត្ថភាពផ្នែកច្បាប់បន្ថែមទៀតជូនក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួននៅក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានជំរុញឱ្យអាជ្ញាធរ ក្រុមប្រឹក្សាឃុំ សង្កាត់ លើកកម្ពស់សមត្ថភាពរបស់ខ្លួនជាប្រចាំ ដើម្បីបម្រើផលប្រយោជន៍ និងផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ បង្កើតជំនឿទុកចិត្តបន្ថែមទៀតពីប្រជាពលរដ្ឋ។
ជាកិច្ចបន្ត លោកប្រធានក្រុម បានជម្រាបជូនអង្គពិធីអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយជំរុញឱ្យអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវរួមសហការគ្នា ធ្វើយ៉ាងណាក្តាប់ឱ្យជាប់ចំពោះមនុស្សចំណូលថ្មី ជាពិសេសជនជាតិបរទេស ដែលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលអាជ្ញាធរទូទាំងប្រទេសបានបើកប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឈានទៅបង្រ្កាបមុខសញ្ញាក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដល់ឬសគល់ និងបានទាន់ពេលវេលា។
លោក បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានគិតគូរ និងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយអនុវត្តវិធានការច្បាស់លាស់ និងតឹងរឹងក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពខុសច្បាប់ទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់។
បន្ទាប់ពីបានពិភាក្សាគ្នារួចមក លោក ម៉ម ប៊ុននាង បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនថា ការធ្វើពហិការបស់ប្រជាពលរដ្ឋមិនប្រើប្រាស់ផលិតផល និងទំនិញថៃនេះ បានលើកស្ទួយសេដ្ឋកិច្ចកម្ពុជា ដោយប្រជាពលរដ្ឋបានគាំទ្រប្រើប្រាស់ទំនិញ និងផលិតផលរបស់ខ្មែរយើងកាន់តែច្រើនឡើង។
ជាមួយគ្នានេះ លោក បានអំពាវនាវដល់អង្គពិធីទាំងមូល និងប្រជាពលរដ្ឋគ្រប់រូបបន្តសាមគ្គីភាពគ្នា ដើម្បីក្លាយជាកម្លាំងស្មារតីសាមគ្គីជាតិជាធ្នុងមួយ គាំទ្រដល់វីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូប ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ ជាពិសេស សូមអំពាវនាវឱ្យកម្លាំងមហាសាមគ្គីភាពនេះ បន្តគាំទ្ររាជរដ្ឋាភិបាល ដែលកំពុងប្រយុទ្ធតាមរយៈការទូតប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា។
សាមគ្គីរស់! សាមគ្គីឈ្នះ!
ក្នុងឱកាសនេះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធីចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ១៩,៥២២,០០០រៀល៕

