ក្រសួងពាណិជ្ជកម្ម ប្រកាសដកហូតត្រឡប់មកវិញ ផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1
27-01-2026 21:37
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានប្រកាសដល់ពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់ឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន កុងទ័រ ភើហ្វីក ហ្វាមេដ ឯ.ក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខលក់និងចែកចាយផលិតផលម៉ាក Babybio នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងថាអាចមានវត្តមាន TOXIN ឈ្មោះ Cereulide នៅក្នុងផលិតផលទឹកដោះគោម្សៅម៉ាក Babybio Optima 1 ចំនួន ៣ប្រភេទ ដែលកំពុងចរាចរលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជារួមមាន៖
១. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 894408 (Exp៖ 09/07/2027)
២. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 800g មានលេខឡូតិ៍ Lot 900035 (Exp: 12/08/2027)
៣. ទឹកដោះគោម្សៅ Babybio Optima 1 ចំណុះ 400g មានលេខឡូតិ៍ Lot 900932 (Exp: 18/08/2027)
ក្នុងគោលបំណងធានាសុវត្ថិភាពសុខភាពទារក និងកុមារ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដូចខាងក្រោម៖
* ចំពោះពាណិជ្ជករ អាជីវករធ្វើធុរកិច្ច ផលិតផលទឹកដោះគោម្សៅ៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជាបណ្តោះអាសន្ន និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីអនុវត្តនីតិវិធីនៃការដកហូត ត្រលប់មកវិញនូវផលិតផលទាំង ៣ប្រភេទខាងលើ។
* ចំពោះមាតាបិតា និងអ្នកប្រើប្រាស់៖ ជៀសវាងការទិញផលិតផលទឹកដោះគោម្សៅទាំង ៣ប្រភេទខាងលើ និង/ឬត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ហើយទំនាក់ទំនងមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីទទួលបានព័ត៌មានបន្ថែម ឬទំនាក់ទំនងទៅក្រុមហ៊ុន ដើម្បីប្តូរយកផលិតផលថ្មី។
អាស្រ័យហេតុនេះសូមពាណិជ្ជករ អាជីវករ មាតាបិតា និងអ្នកប្រើប្រាស់មេត្តាទទួលជ្រាប និងសហការផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម តាមរយៈលេខ ១២៦៦ (Commercial Call Center: 1266)៕

