FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីសុខាភិបាល៖ ការស្រាវជ្រាវរកអ្នកជំងឺមហារីក និងការមកទទួលការព្យាបាលទាន់ពេលវេលាមានការកើនឡើងនៅក្នុងឆ្នាំ២០២៥ (Video inside)

27-01-2026 21:21

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជាយើងបានកត់ត្រា ស្រាវជ្រាវ ស្វែងរកអ្នកជំងឺមហារីក ដើម្បីឱ្យមកទទួលបានការព្យាបាលទាន់ពេលវេលា មានការកើនឡើង ដែលនេះជាផលបានមកពីការប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្ត ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ក្នុងខែឧសភា ឆ្នាំ២០២៥កន្លងទៅ។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្រ្តាចារ្យ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន សន្និបាតសុខាភិបាលលើកទី៤៥ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

រដ្ឋមន្ត្រីសុខាភិបាល បានថ្លែងថា «ជំងឺមហារីកមិនងាយនឹងព្យាបាលនោះទេ ដូច្នេះការស្វែងរកឱ្យឃើញអ្នកជំងឺមកឱ្យទទួលសេវាទាន់ពេលវេលា ឬកម្រិតដំបូងអត្រាព្យាបាលក៏បានល្អប្រសើរទៅតាមហ្នឹងផងដែរ ។ជាក់ស្ដែងនៅបណ្តាលប្រទេសជឿនលឿនមានអត្រាអ្នកកើតមហារីកច្រើន ជាងប្រទេសមិនជឿនលឿន ដោយសារការស្រាវជ្រាវស្វែងរកអ្នកជំងឺបានច្រើនជាងប្រទេសមិនជឿនលឿន ហើយលទ្ធផលនៃការព្យាបាលជាសះស្បើយពីជំងឺមហារីកក៏មានខ្ពស់»។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីបានបន្ដទៀតថា «ដូចនេះការដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្រ្ត ប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ក្នុងខែឧសភា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា គឺជាផ្លែផ្កាដែលជួយជំរុញឱ្យការរកឃើញអ្នកកើតជំងឺមហារីក ដើម្បីឱ្យមកទទួលសេវាព្យាបាលទាន់ពេលវេលា និងមានប្រសិទ្ធខ្ពស់ផងដែរ»។

សូមជម្រាបថា អ្នកជំងឺមហារីកបានមកទទួលសេវាព្យាបាលក្នុងឆ្នាំ២០២៥ មានចំនួន ៣៥,៩២១នាក់ កើនឡើង១៣,៩% បើធៀបនឹងឆ្នាំ២០២៤ ហើយក្នុងនោះអ្នកជំងឺ ១៥៥នាក់ បានស្លាប់៕