អភិបាលរងរាជធានីភ្នំពេញ៖ ការអប់រំ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
27-01-2026 20:39
(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ការអប់រំ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ព្រោះថា ឧត្តមភាពប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យទៅលើការកសាងធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជម្រៅក្នុងបរិបទនៃទំនើបកម្ម ក្នុងវិស័យបច្ចេកវិទ្យា ដោយឈរលើមូលដ្ឋាននៃចំណេះដឹង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ឆ្ពោះទៅរកការកសាងសង្គមកម្ពុជាមួយ សុខសន្តិភាព និងសម្បូររុងរឿង។
ការលើកឡើងរបស់លោក ហួត ហៃ បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទសន្និបាតការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។
លោក ហួត ហៃ បានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តថែរក្សានូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នាំឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យអប់រំ ដែលជាវិស័យអាទិភាពដ៏សំខាន់ ដោយហេតុថាវិស័យអប់រំ គឺជាឆ្អឹងខ្នងសម្រាប់ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងការអភិវឌ្ឍវិស័យដទៃៗទៀត ។
លោក ហួត ហៃ បានបន្តថា សន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងជាឱកាសសម្រាប់ឱ្យមន្ត្រីអប់រំ និងអ្នកពាក់ព័ន្ធសំខាន់ៗនៅថ្នាក់មូលដ្ឋានសាលារៀនបានមកជួបជុំគ្នា ប្រមូលនូវបញ្ញាញាណ ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍ ក្នុងគោលបំណងដោះស្រាយបញ្ហា និងរិះរកវិធានការបន្ត សម្រាប់កំណត់ទិសដៅឱ្យបានត្រឹមត្រូវ សម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាបន្ត។
បន្ថែមពីនេះ លោក ហួត ហៃ បានណែនាំឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ទប់ស្កាត់ការប្រើប្រាស់ភេសជ្ជៈផ្អែម ភេសជ្ជៈប៉ូវកម្លាំង នៅតាមសាលា។ ចូលរួមចលនា «យើងរួមគ្នាដើម្បីជាតិ» ដែលផ្តួចផ្តើមគំនិតដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដោយបំផុសសកម្មភាពដាំបន្លែ ដែលអាចឆាប់ប្រមូលផលបាននៅតាមសាលារៀន ផ្ទះសំបែង វត្តអារាម និងដីសហគមន៍ សំដៅកសាងកសិផលជាតិ ដើម្បីរួមចំណែកទ្រទ្រង់ដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ដោយសារការឈ្លានពានពីប្រទេសថៃ។ បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យសិស្សានុសិស្សភៀសសឹកគ្រប់កម្រិត ដែលមករស់នៅរាជធានីភ្នំពេញ អាចចុះឈ្មោះចូលរៀនបាន។
លោក ហួត ហៃ ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ព្រមទាំងគ្រួសារ ដែលបានចូលរួមចំណែកជាថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ ដើម្បីជួយដល់វីរកងទ័ព វីរនគរបាលជួរមុខការពារព្រំដែន និងជនភៀសសឹក ក្នុងអំឡុងពេលសង្គ្រាមឈ្លានពានពីប្រទេសថៃ មកលើខេត្តនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានលើកឡើងថា រយៈពេលមួយថ្ងៃកន្លងទៅនេះ អង្គសន្និបាតបានស្តាប់នូវខ្លឹមសារសុន្ទរកថា និងរបាយការណ៍របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងសុន្ទរកថា បើកដោយលោកបណ្ឌិត ជា ជាតិ តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា របាយការណ៍សង្ខេប និងទិសដៅឆ្នាំបន្ត អានដោយលោកអនុប្រធានមន្ទីររអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។
អង្គសន្និបាតបានដំណើរការពិភាក្សារួមគ្នាលើសេចក្តីព្រាងរបាយការណ៍ ទិសដៅ និងពិភាក្សាប្រធានបទសំខាន់ៗចំនួន៦ ទៅតាមអនុវិស័យទាំង៦ គឺអនុវិស័យអប់រំកុមារតូច អនុវិស័យបឋមសិក្សា អនុវិស័យមធ្យមសិក្សា និងអប់រំបច្ចេកទេស អនុវិស័យ អប់រំក្រៅប្រព័ន្ធ អនុវិស័យអប់រំកាយ និងកីឡា និងអនុវិស័យការអភិវឌ្ឍយុវជន ដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចសេសសល់ ដែលបានអនុវត្តកន្លងមក ដើម្បីជាមូលដ្ឋានលើកទិសដៅអនុវត្តបន្ត ដោយបើកទូលាយជូនមន្ត្រីគ្រប់គ្រងអប់រំគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ បានចូលរួមផ្តល់យោបល់ និងសម្រេចជាវិធានការ៕


























