ក្រុមគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក២០០គ្រួសារ ទទួលអំណោយពីព្រះសង្ឃខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដើមកំណើតខ្មែរក្រោម
27-01-2026 15:23
(បន្ទាយមានជ័យ)៖ ព្រះសង្ឃខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដើមកំណើតខ្មែរក្រោម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់គ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក សរុបចំនួន២០០គ្រួសារ ស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
អំណោយរួមមាន៖ អង្ករចំនួន៤តោន ថវិកាចំនួន៤លានរៀល មីចំនួន២០០កេស ទឹកត្រី២០០យូរ ដើម្បីសម្រាលទុក្ខលំបាក និងលើកទឹកចិត្តដល់បងប្អូន ដែលកំពុងជួបការលំបាក។
ពិធីនេះដឹកនាំដោយក្រុមគ្រួសារ លោកស្រី អ៊ុង គឹមតៀង ប្រធានសមាគមខ្មែរក្រោម តំបន់ញូវអ៊ីងឡែន សហរដ្ឋអាមេរិក រួមជាមួយគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម ដែលមានសមាគមខ្មែរក្រោមចំនួន៦ ជាសមាជិកដឹកនាំដោយ លោក គីម វ៉ាន់ឆេង ប្រធានគណៈកម្មាធិការសម្របសម្រួលខ្មែរក្រោម។
លើសពីនេះ ក៏មានការចូលរួមពីលេខាធិការដ្ឋាន នៃអង្គការសមាគមខ្មែរក្រោម ដែលមានសមាគមចំនួន៩ជាសមាជិក តំណាងដោយលោក ញឹម រិទ្ធី ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ និងព្រះសង្ឃខ្មែរ ដើមកំណើតខ្មែរក្រោម ចំនួន១៣អង្គ ដែលនិមន្តមកពី វត្តសាមគ្គីរង្សី វត្តតាំងក្រសាំងខាងជើង វត្តព្រែកប្រា វត្តបុទុមវត្តី និងវត្តនាគវ័ន្ត។
ពិធីចែកអំណោយមនុស្សធម៌ របស់ព្រះសង្ឃខ្មែរ និងបងប្អូនខ្មែរ ដើមកំណើតខ្មែរក្រោមនាពេលនេះ ត្រូវបានសម្របសម្រួលដោយលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកកម្ពុជា និងមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក សាន សាង បានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលមានវត្តមាននៅទីនេះ។
លោកថា «អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីអាណិតអាសូរ និងការចងក្រងបេះដូងរបស់បងប្អូនខ្មែរក្រោម ទាំងនៅក្នុង និងក្រៅប្រទេស ដែលតែងតែ យកចិត្តទុកដាក់ និងគាំទ្រដល់ប្រទេសជាតិ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីស្ថានការណ៍អសន្តិសុខ ដោយសារសៀមឈ្លានពានទឹកដី»។
លោកបានបន្ថែមថា សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋ ដោយបង្ហាញពីសាមគ្គីភាពជាតិតែមួយ និងសេចក្តីស្រឡាញ់ជាតិយ៉ាងជ្រាលជ្រៅ។
លោកថា «ខ្មែរកណ្តាល ខ្មែរក្រោម គឺជាខ្មែរតែមួយ បេះដូងតែមួយ ឈាមជ័រតែមួយ ទុក្ខលំបាករបស់បងប្អូនខ្មែរកណ្តាល ក៏ជាទុក្ខលំបាករបស់បងប្អូនខ្មែរក្រោមផងដែរ»។ លោកក៏បានថ្លែងបញ្ជាក់ថា ការចែកជូនអំណោយ និងជំនួយនានា ត្រូវបានអនុវត្តដោយត្រឹមត្រូវ ស្មើភាព និងមានប្រសិទ្ធភាពខ្ពស់។
អំណោយមនុស្សធម៌ ដែលបានចែកជូនក្នុងឱកាសនេះ គឺក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម និងថវិកាចំនួន ២ម៉ឺនរៀល មី១កេស ទឹកត្រី១យួ ជាសក្ខីភាពបញ្ជាក់ពីស្មារតី សាមគ្គីភាព រវាងខ្មែរនៅក្នុងប្រទេស និងខ្មែរក្រៅប្រទេស៕






























