FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ចុះឈ្វេងយល់ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្ម ផលិតកម្មបន្លែ នៅសហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង នៅស្រុកកញ្ជ្រៀច

27-01-2026 15:21

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន បូរ៉ានី អញ្ជើញចុះទស្សនកិច្ចឈ្វេងយល់ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្ម ផលិតកម្មបន្លែ នៅសហគមន៍កសិកម្មទួលត្រពាំង ស្រស់បំព្រង នៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ការចុះជួបសំណេះសំណាលជាមួយកសិករដាំបន្លែនៅក្នុងសហគមន៍ត្រពាំងស្រស់បំព្រងនេះ បានធ្វើឡើងនៅថ្ងៃ២៥ ខែមករា ឆ្នាំ២០២៦ មានការចូលរួមពីលោក សំ សារុន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៊ុន សាខន ប្រធានការិយាល័យក្សេត្រសាស្រ្ដនិងផលិតភាពកសិកម្ម និងលោកស្រី អាត ឌីណា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្រ្តីរដ្ឋបាលសាលាខេត្ត អាជ្ញាធរស្រុកកញ្ជ្រៀច និងអាជ្ញាធរឃុំគោកគង់លិចផងដែរ។

មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា សហគមន៍កសិកម្មទួលត្រពាំងស្រស់បំព្រង ស្ថិតនៅភូមិត្រពាំងប្រស្រែលិច ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបង្កើតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ សហគមន៍មានសមាជិកសរុប ៨៣ នាក់ ស្រី២៧នាក់ មានផ្ទៃដីផលិតបន្លែសរុប ៧,៥០ហិកតា ដែលអាចផលិតបន្លែបាន២ទៅ៣តោនក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ រួមមានស្ពៃចង្កឹះ ស្ពៃគីមឆាយ ម្ទេសប្លោក ប៉េងបោះឈ័ររី សាឡាត់ ខ្ទឹមស្លឹកជាដើម។

ចំពោះទីផ្សារបន្លែវិញល្អ មិនមានបញ្ហាប្រឈមឡើយ។ រាល់ផលិតផលដែលផលិតបាន គឺមានអ្នកប្រមូលទិញមកដឹកជញ្ជូន និងទូទាត់ដល់ទីកន្លែង ភាគច្រើនបន្លែ គឺអ្នកប្រមូលទិញយកទៅផ្គត់ផ្គង់ទៅផ្សារនៅភ្នំពេញ ផ្សារអូរាំងឪ និងផ្សារសួង ខេត្តត្បូងឃ្មុំ៕