FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជំរុញអ្នកពាក់ព័ន្ធចូលរួមអនុវត្តការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតឲ្យមាននិរន្តរភាព ជូនពលរដ្ឋនៅតាមតំបន់ជនបទ

27-01-2026 14:58

(កំពង់ចាម)៖ លោក បណ្ឌិត សាន វិសាល រដ្ឋលេខាធិការ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជំរុញបន្ថែមឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តចូលរួមអនុវត្ត ក្នុងគោលដៅផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលធន់ នឹងការប្រែប្រួលអាកាសធាតុជូនពលរដ្ឋនៅតាមតំបន់ជនបទប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

ការថ្លែងបែបនេះ របស់លោកបណ្ឌិត សាន វិសាល រដ្ឋលេខាធិការ តំណាងដ៍លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ។

កិច្ចប្រជុំនេះ មានកាតអញ្ជើញចូលរួមពីសំណាក់ លោក អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ និងលោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរអង្គភាព និងមេឃុំសង្កាត់ ស្មៀនឃុំ សង្កាត់ ទាំង១០៩ឃុំទូទាំងខេត្តកំពង់ចាម។

លោកបណ្ឌិត សាន វិសាល បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជាមួយនឹងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេស ដែលបានខិតខំប្រឹងប្រែងរៀបចំឯកសារដ៏មានសារសំខាន់នេះ សម្រាប់ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត ក្នុងគោលដៅផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ជូនប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន និងមាននិរន្តរភាព។

ជាមួយគ្នានោះលោកបណ្ឌិត សាន វិសាល បន្ថែមទៀតថា ដើម្បីរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលបានអនុម័តដាក់ចេញនូវគោលនយោបាយជាតិនេះ ដោយកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព» និងមានគោលបំណង ធ្វើឱ្យប្រជាជននៅតំបន់ជនបទ មានជីវភាពរស់នៅសមរម្យប្រកបដោយភាពធន់ មានសុខភាពមាំមួន រស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាព និងមានសេចក្តីថ្លៃថ្នូរ។

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៍បានផ្សព្វផ្សាយពីគោលនយោបាយជាតិ សម្រាប់រយៈពេលវែងនេះទៀតសោធ គឺជាផែនទីបង្ហាញផ្លូវដ៏ទូលំទូលាយមួយ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជនបទនៅកម្ពុជា និងជាសសរស្តម្ភដ៏សំខាន់មួយ សម្រាប់គាំទ្រ ដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានគ្រឹះបន្ថែមទៀត ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបណ្ឌិត សាន វិសាល បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចមានក្នុងគោលនយោបាយជាតិនេះ នឹងចូលរួមសហការគ្នាជាសហថាមពល ស្របតាមអភិក្រម (ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ) ដើម្បីរួមគ្នាអនុវត្តតាមតួនាទី ភារកិច្ច ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអភិវឌ្ឍន៍ជនបទ ឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា៕