FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា ជំរុញក្របខ័ណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីធ្លី ប្រកបដោយចីរភាពគ្មានផ្សែងអ័ព្ទ

27-01-2026 14:58

(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានធ្វើជំហានដ៏សំខាន់មួយទៅរកការដោះស្រាយបញ្ហាអ័ព្ទ និងកែលម្អការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាព ដោយបានប្រមូលផ្តុំដៃគូជាតិ និងអន្តរជាតិសំខាន់ៗសម្រាប់សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីជួយរៀបចំក្របខ័ណ្ឌវិនិយោគ សម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាពគ្មានអ័ព្ទ កំពុងមកដល់។

ក្របខ័ណ្ឌនេះ មានគោលបំណងណែនាំការវិនិយោគនាពេលអនាគត ដែលការពារបរិស្ថាន គាំទ្រសហគមន៍ និងពង្រឹងភាពធន់របស់ប្រទេសកម្ពុជាប្រឆាំងនឹងអ័ព្ទ និងការរិចរិលដីធ្លី។
ដោយមានការគាំទ្រពី មូលនិធិផ្លាស់ប្តូរប្រព័ន្ធអាស៊ាន-ចក្រភពអង់គ្លេស (ASEAN-UK Green Transition Fund) សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគម្រោង «គាំទ្រការអនុវត្តក្របខ័ណ្ឌវិនិយោគអាស៊ានសម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាពគ្មានអ័ព្ទ (AIF-HFSLM)» និង សម្របសម្រួលដោយមជ្ឈមណ្ឌលបរិស្ថានសកល (GEC) និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)។

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានលើកឡើងថា៖ «ខណៈពេលដែលយើងចូលដល់ឆ្នាំទីប្រាំនៃភាពជាដៃគូសន្ទនារវាងចក្រភពអង់គ្លេស និងអាស៊ាន ខ្ញុំមានសេចក្តីរំភើបរីករាយដែលយើងកំពុងរួមស្វែងរកមធ្យោបាយថ្មីៗ ដើម្បីគាំទ្រសកម្មភាពអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាពទូទាំងតំបន់អាស៊ាន។ ដំណើរការពិគ្រោះយោបល់ថ្ងៃនេះ នឹងជួយកម្ពុជាកែលម្អក្របខ័ណ្ឌវិនិយោគអាស៊ាន ឲ្យសមស្របនឹងអាទិភាពរបស់ប្រទេស និងគាំទ្រកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញការវិនិយោគ ដោះស្រាយបញ្ហាអ័ព្ទ និងលើកកម្ពស់ភាពធន់បរិស្ថានរយៈពេលវែង»

សិក្ខាសាលានេះ ដឹកនាំដោយលោក ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថានកម្ពុជា ដោយមានការចូលរួមពីភាគីរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ តំណាងវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល។

សូមជម្រាបដែរថា សិក្ខាសាលាបានបញ្ចប់ដោយកំណត់ជំហានបន្ទាប់ រួមមាន៖ ការអនុវត្តក្របខ័ណ្ឌវិនិយោគ ការរៀបចំស្ថាប័ន និងដំណើរការតាមដាន និងផ្ទៀងផ្ទាត់។ ចំណុចសំខាន់ៗពីការពិភាក្សានឹងជួយដល់ការរៀបចំក្របខ័ណ្ឌវិនិយោគរបស់កម្ពុជា សម្រាប់ការគ្រប់គ្រងដីធ្លីប្រកបដោយចីរភាព និងគ្មានអ័ព្ទ ដែលរំពឹងថានឹងបញ្ចប់នៅឆមាសទីមួយ ឆ្នាំ ២០២៦៕