FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ និងសាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រកាសពីការរៀបចំកម្មវិធី R&I4E ៖ ការស្រាវជ្រាវ និងនវានុវត្តន៍ដើម្បីសហគ្រិនភាព

27-01-2026 14:55

(ភ្នំពេញ)៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង នឹងរៀបក្នុងកម្មវិធី R&I4E ៖ ការស្រាវជ្រាវនិងនវានុវត្តន៍ដើម្បីសហគ្រិនភាព Research and Innovation for Entrepreneurship ដែលនឹងផ្តល់ឱកាសដល់និស្សិតមកពីសាកលវិទ្យាល័យរដ្ឋ និងឯកជន អាចរួមគ្នាដោះស្រាយបញ្ហា និងបង្កើតវត្ថុគំរូ និងដំណោះស្រាយជាក់ស្តែង ហើយប្រែក្លាយជាសហគ្រិនភាព។

កម្មវិធី R&I4E ៖ ការស្រាវជ្រាវនិងនវានុវត្តន៍ដើម្បីសហគ្រិនភាព នឹងត្រូវប្រកាសអនុវត្តជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៨៖០០ព្រឹក ខាងមុខនេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (ជិតវត្តភ្នំ)។

កម្មវិធីប្រកាសជាផ្លូវការនេះនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជន អ្នកស្រាវជ្រាវ និងនិស្សិត។ កម្មវិធីនេះក៏សូមស្វាគមន៍ការចូលរួមនៃអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីទទួលបានព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត។

គួរបញ្ជាក់ថានវានុវត្តន៍ និងសហគ្រិនភាព ជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច និងការផ្លាស់ប្តូររូបរាងសង្គម។ នៅជុំវិញពិភពលោក និស្សិតសាកលវិទ្យាល័យត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងឡើងថា មិនត្រឹមតែជាអ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកបង្កើតថ្មី អ្នកដោះស្រាយបញ្ហា និងជាស្ថាបនិកធុរកិច្ចថ្មី (Startup) ដ៏មានសក្តានុពល។ នៅក្នុងប្រទេសកម្ពុជា ការផ្តល់ឱកាសដល់អ្នកច្នៃប្រឌិតវ័យក្មេង ជាកត្តាចាំបាច់ក្នុងការកសាងសេដ្ឋកិច្ចផ្អែកលើចំណេះដឹងដ៏រស់រវើក និងដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសង្គម បច្ចេកវិទ្យា និងបរិស្ថានដែលកំពុងមានការវិវត្តទៅមុខយ៉ាងឆាប់រហ័ស។

ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ការអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជាបានជួបប្រទះនូវការផ្លាស់ប្តូរដ៏សំខាន់ឆ្ពោះទៅរកការជំរុញនវានុវត្តន៍អនុវត្ត និងសហគ្រិនភាព។ គ្រឹះស្ថានឧត្តមសិក្សានានាបានបង្កើតឡើងនូវមជ្ឈមណ្ឌលនវានុវត្តន៍ មជ្ឈមណ្ឌលបណ្តុះធុរកិច្ច និងកម្មវិធីធុរកិច្ចអាជីវកម្ម ដែលរៀបចំឡើងដើម្បីបំពាក់បំប៉ននិស្សិតនូវជំនាញជាក់ស្តែង បន្ថែមលើកម្មវិធីសិក្សាដែលកំពុងដំណើរការ។

គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងផ្សារភ្ជាប់គម្លាតរវាងការសិក្សាបែបទ្រឹស្តី និងការដោះស្រាយបញ្ហាក្នុងពិភពជាក់ស្តែង ដែលអនុញ្ញាតឱ្យនិស្សិតបំប្លែងគំនិតទៅជាដំណោះស្រាយជាក់ស្តែង ដែលអាចបង្កើតផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គម។

គម្រោង R&I4E មានគោលបំណងគាំទ្រការចូលរួមដំណើរការ គុណភាព និងលទ្ធផលចុងក្រោយនៃនវានុវត្តន៍៖

* ទី១៖ ធានាការអនុវត្តទៅតាមដំណើរការ និងវិធីសាស្ត្រនវានុវត្តន៍៖ កសាងសមត្ថភាពនិស្សិតតាមរយៈវិធីសាស្ត្រ Design Thinking
* ទី២៖ បណ្តុះដំណោះស្រាយនវានុវត្តន៍ដែលមានគុណភាព និងជោគជ័យក្នុងទីផ្សារ៖ បង្កើតវត្ថុគំរូដែលមានភាពច្នៃប្រឌិត និងសក្តានុពលសម្រាប់ការអនុវត្ត
* ទី៣៖ អភិវឌ្ឍជំនាញវិជ្ជាជីវៈសំខាន់ៗផ្នែកនវានុវត្តន៍ និងសហគ្រិនភាព៖ ពង្រឹងសមត្ថភាពក្នុងការឈ្វេងយល់ពីតម្រូវការអ្នកប្រើប្រាស់ ការដោះស្រាយបញ្ហា ការបង្កើតវត្ថុគំរូដោយរហ័ស និងការគិតបែបវិភាគ
* ទី៤៖ ផ្លាស់ប្តូរគំនិតនវានុវត្តន៍ឱ្យទៅជាសហគ្រាសដែលអាចបន្តការបណ្តុះធុរកិច្ចបាន៖ ជ្រើសរើស និងរៀបចំក្រុមដែលមានសមត្ថភាពខ្ពស់សម្រាប់ការរីកចម្រើនក្រោយបញ្ចប់កម្មវិធី

កម្មវិធី R&I4E តម្រូវឱ្យក្រុមការងាររួមបញ្ចូលនូវជំនាញជាក់លាក់ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការអភិវឌ្ឍគម្រោងគ្រប់ជ្រុងជ្រោយ ចាប់ពីចំណេះដឹងបច្ចេកទេសស៊ីជម្រៅ ការអនុវត្តឌីជីថល ការបង្កើតគំរូផលិតផលជាក់ស្តែង និងលទ្ធភាពជោគជ័យលើទីផ្សារ ៖

• អ្នកឯកទេសជំនាញរឹង (អ្នកជំនាញវិស័យ): និស្សិតទាំងនេះមកពីជំនាញដូចជា វិស្វកម្ម កសិកម្ម ឬ
វេជ្ជសាស្ត្រ ដែលផ្តល់ចំណេះដឹងផ្នែកវិស័យជំនាញ។

• អ្នកជំរុញផ្នែក ICT និងឌីជីថល (អ្នកអភិវឌ្ឍន៍បច្ចេកទេស): និស្សិតដែលមានជំនាញផ្នែក ICT ការសរសេរកូដ សូហ្វវែរ និងការរៀបចំកម្មវិធី ដើម្បីអនុវត្តសមាសភាគឌីជីថលនៃដំណោះស្រាយ។

• អ្នកច្នៃប្រឌិតបង្កើតគំរូផលិតផល: និស្សិតទាំងនេះមានជំនាញក្នុងការរចនា ការផលិត និងការដំឡើងផ្ទាល់ដៃ។ ពួកគេរួមមានជាងមេកានិក ជាងអគ្គិសនី ជាងផ្សារ និងអ្នកឯកទេសបោះពុម្ព 3D។

• អ្នកយុទ្ធសាស្ត្រធុរកិច្ច និងទីផ្សារ (អ្នកជំនាញលទ្ធភាពជោគជ័យ): និស្សិតមកពីកម្មវិធីធុរកិច្ច ឬសហគ្រិន
ភាព ដែលផ្តោតលើទិដ្ឋភាពពាណិជ្ជកម្ម និងប្រតិបត្តិការ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួមក្នុងកម្មវិធីនេះ សូមជូលទស្សនាវេបសាយកម្មវិធី ៖ https://ri4e.duraseksa.gov.kh/