មន្ត្រីអាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសមាគមអគ្គិសនីជនបទ ជំរុញសមាជិកជាអ្នកកាន់អាជ្ញាបណ្ណសេវាកម្មអគ្គិសនី ចូលរួមដោះស្រាយបញ្ហាប្រឈមឱ្យទាន់ពេលវេលាចំពោះអ្នកប្រើប្រាស់
27-01-2026 14:05
(ភ្នំពេញ)៖ លោកបណ្ឌិត ផង់ សារិន សមាជិកទី១ នៃអាជ្ញាធរអគ្គិសនីកម្ពុជា បានជំរុញឱ្យសមាគមអគ្គិសនីជនបទ ត្រូវបន្តចូលរួមសហការ ជំរុញសមាជិក សមាជិកា និងអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនី ចូលរួមសហការដោះស្រាយបញ្ហាប្រឈមរួមមានទី១៖ ការភ្ជាប់ចរន្តឱ្យអតិថិជនធុនធំ-មធ្យម (ចូលរួមបង្កើនផលិតផលក្នុងស្រុក), ២៖ ការជំរុញការប្រើប្រាស់កម្មវិធី EAC-App, ទី៣៖ ការបង្កើតហ្វេសបុក, លេខ Hotline លេខទំនាក់ទំនងអតិថិជន, ៤៖ ចំពោះសមាគម ត្រូវព្យាយាមជួយសម្របសម្រួលដោះស្រាយបញ្ហាដែលសេវាករអគ្គិសនីជួបប្រទះ។
ការជំរុញបែនេះរបស់លោកបណ្ឌិត ផង់ សារិន បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់សមាគម អគ្គិសនីជនបទ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសំណាក់លោកឧកញ៉ា អ៊ុន យុទ្ធី តំណាងសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ញ» ផ្នែករ៉ែ និងថាមពល, លោក ទ្រី ឈុនហេង ប្រធានសមាគមអគ្គិសនីជនបទ តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា, តំណាងមូលនិធិអគ្គិសនីជនបទ (REF), តំណាងក្រសួងពាណិជ្ជកម្ម, តំណាងអគ្គនាយកដ្ឋានពន្ធដារ (GDT), តំណាងនិយ័តករគណនេយ្យ និងសវនកម្ម
(ACAR), តំណាងគ្រឹស្ថានហិរញ្ញវត្ថុជាតិ និងតំណាងធនាគារពិភពលោក, អ្នកកាន់អាជ្ញាបណ្ណផ្តល់សេវាកម្មអគ្គិសនីជនបទ។
លោកបណ្ឌិតបានរម្លឹកថា លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានណែនាំជាគោលការណ៍ឱ្យអាជ្ញាធរអគ្គិសនីកម្ពុជា សហការជាមួយអគ្គិសនីកម្ពុជា សិក្សាវាយតម្លៃផលប៉ះពាល់ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃ ដើម្បីជាមូលដ្ឋានយកមកពិនិត្យ ពិចារណាដោះស្រាយ។ ក្នុងពេលបច្ចុប្បន្ននេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចុះសិក្សា និងបានស្នើសុំឱ្យសេវាករដែលរងផលប៉ះពាល់ផ្តល់របាយការណ៍អំពីការខូចខាត។ ខេត្តដែលរងផលប៉ះពាល់មានចំនួន ៦ខេត្ត បន្ទាយមានជ័យ ឧត្តមានជ័យ ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង និងកោះកុង ដែលមានអ្នកកាន់អាជ្ញាបណ្ណចំនួន២០ ។ ដូច្នេះ បញ្ហានេះ ស្ថាប័នរាជរដ្ឋាភិបាលគឺក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសកម្ពុជា កំពុងសហការគ្នា និងយកចិត្តទុកដាក់រកវិធីដោះស្រាយ។
លោកបណ្ឌិត ផង់ សារិន បានថ្លែងថា វិស័យអគ្គិសនីបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយវិស័យអគ្គិសនី ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពទាំង៥ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ ថាមពលអគ្គិសនី ជាផលិតផលមួយដែលត្រូវការចាំបាច់សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្មទេសចរណ៍ និងវិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ចជាតិទាំងមូល។
លោកបណ្ឌិត ផង់ សារិន បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជាង ២ឆ្នាំ នៃអាណត្តិទី៧ វិស័យអគ្គិសនីរបស់កម្ពុជា ត្រូវបានជំរុញឱ្យរីកចម្រើនទៅមុខយ៉ាងលឿនគួរជាទីមោទន ដែលជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិយ៉ាងមានប្រសិទ្ធភាព។
លោកបណ្ឌិត ផង់ សារិន ក៏អំពាវនាវដល់សមាគមអគ្គិសនីជនបទ និងសេវាករអគ្គិសនីទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តយុទ្ធសាស្ត្រដែលបានដាក់ចេញ និងគោលការណ៍ដែលបានដាក់ចេញដោយក្រសួងរ៉ែ និងថាមពល ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈមនានាជាដើម។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ផង់ សារិន បានវាយតម្លៃខ្ពស់ចំពោះសមាគមអគ្គិសនីជនបទ និងសេវាករអគ្គិសនីទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា ដែលធ្វើឱ្យវិស័យអគ្គិសនី មានការអភិវឌ្ឍលឿនទៅមុខលើសពីការរំពឹងទុក។ ដូច្នេះ សូមលើកទឹកចិត្តដល់សមាគមអគ្គិសនីជនបទ ព្រមទាំងសេវាករអគ្គិសនី ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់ព្រមទាំងចែករំលែកបទពិសោធឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅឆ្លើយតបទៅនឹងសំណូមពរថ្មីៗក្នុងការអភិវឌ្ឍវិស័យអគ្គិសនី៕


















