FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំនៃក្រសួងមហាផ្ទៃ បន្តពង្រឹងសមត្ថភាពឌីជីថលរបស់ក្រសួង និងដាក់ចេញនូវយុទ្ធសាស្ត្រថ្មីៗ រួមចំណែកអភិវឌ្ឍន៍វិស័យឌីជីថលនៅកម្ពុជា

27-01-2026 13:58

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ដ ប្រចាំឆ្នាំ២០២៦ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីកាក្រសួងមហាផ្ទៃ ដើម្បីបង្ហាញសមិទ្ធផលសំខាន់ៗដែលទទួលបាននាពេលកន្លងមក និងដាក់ទិសការងារ ថ្មីៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦នេះ រួមចំណែកអភិវឌ្ឍន៍វិស័យឌីជីថលទាំងក្របខណ្ឌក្រសួងមហាផ្ទៃ និងនៅកម្ពុជា។

សន្និបាតនេះ រៀបចំឡើងក្រោមវត្តមាន ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រី អគ្គនាយករង, ប្រធាននាយកដ្ឋាន-ប្រធានស្ថានីយ៍, អនុប្រធាននាយកដ្ឋាន-អនុប្រធានស្ថានីយ៍, នាយ-នាយរងការិយាល័យ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ក្រោមចំណុះអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។

ក្នុងឱកាសនេះឧត្តមសេនីយ៍ឯក ហោ សំអាត បានលើកឡើងថា អង្គសន្និបាតរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល នាពេលនេះ មិនត្រឹមតែជាវេទិកា ដើម្បីពិនិត្យលើសមិទ្ធផលដែលសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសដ៏វិសេសវិសាល ក្នុងការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្វះខាត និងការផ្លាស់ប្តូរយោបល់គ្នា ដើម្បីកំណត់នូវយុទ្ធសាស្ត្រថ្មីៗ សំដៅពង្រឹងប្រសិទ្ធភាពការងារឱ្យកាន់តែ រឹងមាំ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃសង្គមឌីជីថល។

លោកអគ្គនាយក មានប្រសាន៍បន្ដថា ឆ្នាំ២០២៥ កន្លងទៅនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបំពេញបេសកកម្មយ៉ាងសកម្ម ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ឧត្តមសេនីយ៍ឯក ហោ សំអាត បានឱ្យដឹងដែរថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលបានប្រកាន់យកផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ (២០២៣-២០២៧) និងផែនការយុទ្ធសាស្ត្រ ស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ (២០២៤-២០២៨) របស់ក្រសួងមហាផ្ទៃ ជាមូលដ្ឋានគ្រឹះ និងបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តន៍ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ជាពិសេសលើអាទិភាពគន្លឹះទី៥ គឺ«បច្ចេកវិទ្យា»

លោកឧត្តមសេនីយ៍ទោ សេង វិសិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឡើងអានសេចក្ដីព្រាងរបាយការណ៍ បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជូនគណៈអធិបតី និងពិធីទាំងមូលបានជ្រាបផងដែរ។

នាឱកាសនោះដែរ ប្រធាននាយកដ្ឋាន និងប្រធានស្ថានីយ៍ ទាំង៧ បានឡើងធ្វើបទអន្តរាគមន៍នូវការងារសម្រេចបាន ក្នុងឆ្នាំ២០២៥ និងដាក់ចេញនូវទិសដៅការងារបន្ដសម្រាប់ឆ្នាំ២០២៦នេះ។

ឧត្តមសេនីយ៍ឯក ហោ សំអាត បានបង្ហាញមោទនភាពយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ នាយកដ្ឋាន និងស្ថានីយ៍ នីមួយៗ តាមរយៈបទអន្តរាគមន៍ដ៏មានតម្លៃ ដែលបានឆ្លុះបញ្ចាំង ពីភាពចាស់ទុំ ម្ចាស់ការទទួលខុសត្រូវ និងការបោះជំហានទៅមុខឥតឈប់ឈរ នៃការវិវត្តន៍របស់អគ្គនាយកដ្ឋាន។ បទអន្តរាគមន៍ទាំង៧ របស់នាយកដ្ឋាន និងស្ថានីយ៍នីមួយៗ បានរួមចំណែកបង្កើតនូវចក្ខុវិស័យរួមមួយ ដែលផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពឌីជីថលរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលសាធារណៈទាំងមូល៕