វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ផ្ដើមធុំក្លិនហើយឬ?
26-01-2026 20:35
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា បានឱ្យដឹងថាកងនាវាចម្បាំងមួយក្រុមរបស់សហរដ្ឋអាមេរិកកំពុងធ្វើដំណើរឆ្ពោះទៅកាន់អ៉ីរ៉ង់ ប៉ុន្តែ សង្ឃឹមថាលោកនឹងមិនមានភាពចាំបាច់ប្រើប្រាស់នាវាចម្បាំងទាំងនោះទេ ខណៈបានបញ្ជូនសារព្រមានជាថ្មីកុំឱ្យទីក្រុងតេហរ៉ង់កាប់សម្លាប់បាតុករ ឬចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
តាម Reuters ក្រុមមន្ត្រីអាមេរិកជាច្រើននាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អមដំណើរដោយនាវាពិឃាដ ប្រដាប់ដោយមីស៊ីលជាច្រើនគ្រឿងនឹងធ្វើដំណើរទៅដល់តំបន់មជ្ឈិមបូព៌ានៅប៉ុន្មានថ្ងៃខាងមុខ។ ក្នុងនោះដែរមន្ត្រីអាមេរិកម្នាក់បានឱ្យដឹងទៀតផងថាប្រព័ន្ធការពារដែនអាកាសបន្ថែមក៏នឹងត្រូវបាន បញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ា ដែលអាចនឹងត្រូវបានប្រើប្រាស់ដើម្បីទប់ទល់ប្រឆាំងនឹងការវាយប្រហារណាមួយរបស់អ៉ីរ៉ង់លើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់។
កងនាវាចម្បាំងអាមេរិកខាងលើបានរំកិលខ្លួនធ្វើដំណើរចាកចេញពីតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីសប្ដាហ៍មុន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់កើនឡើងខ្លាំង ក្រោយ ការកងកម្លាំងសន្តិសុខអ៉ីរ៉ង់បង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ លោក ត្រាំ បានគំរាមម្ដងហើយម្ដងទៀតថានឹងធ្វើអន្តរាគមន៍ប្រឆាំងអ៉ីរ៉ង់។ បាតុកម្មតវ៉ាបានថមថយចុះកាលពីសប្ដាហ៍មុន រីឯលោក ត្រាំ ក៏បានថយមួយជំហានពីវោហាសាស្ត្រគំរាមប្រើកម្លាំងយោធាដែរ ដោយអះអាងថាលោកបានបញ្ឈប់ការប្រហារជីវិតបាតុករនៅអ៉ីរ៉ង់។ ប៉ុន្តែការបញ្ជូនកងនាវាចម្បាំងអាមេរិកទៅកាន់ តំបន់ឈូងសមុទ្រពែក្សក្បែរអ៉ីរ៉ង់ គឺជាការចាប់ផ្ដើមត្រៀមលក្ខណៈវាយប្រហារលើអ៉ីរ៉ង់ឬ?
* អ្វីទៅជាជម្រើសរបស់លោក ត្រាំ?
ខណៈUSS Abraham Lincoln អមដំណើរដោយនាវាពិឃាដប្រដាប់ដោយមីស៊ីលជាច្រើនគ្រឿង កំពុងធ្វើដំំណើរចូលទៅកាន់តំបន់មជ្ឈិមបូព៌ា លោក Nate Swanson ជាអ្នកជំនាញខាង កិច្ចការតំបន់មជ្ឈិមបូព៌ាមកពីវិទ្យាស្ថាន Atlantic Council បាននិយាយថាលោក ត្រាំ ទំនងជាមានជម្រើសដូចខាងក្រោមនេះ៖
១. ការវាយប្រហារជានិមិត្តរូប៖ ការវាយប្រហារបែបនេះអាចធ្វើឡើងលើគោលដៅទូទៅ ដូចជាកម្មវិធីនយក្លេអ៊ែរ និងមីស៊ីលរបស់អ៉ីរ៉ង់។ ការវាយប្រហារបែបនេះមិនអាចជួយក្រុមបាតុករអ៉ីរ៉ង់ បានច្រើនឡើយ តែវាជាការបញ្ជូនសារមួយយ៉ាងរឹងមាំថាគ្មាននរណាម្នាក់អាចដើរឆ្លង «បន្ទាត់ក្រហម» ដែលលោកប្រធានាធិបតី ត្រាំ បានគូសនោះទេ។
២. វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់កងកម្លាំងសន្តិសុខអ៉ីរ៉ង់
លោក ត្រាំ ទំនងជាទទួលបានព័ត៌មានចារកម្មអំពីហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលដែលមានជាប់ពាក់ព័ន្ធនឹងកងកម្លាំងរបស់ឆ្មាំបដិវត្តនអ៉ីរ៉ង់ កងកម្លាំងសន្តិសុខ និងទាហានប៉ារ៉ា Basij ដែលបាន ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ក្រាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករ។ ក្រៅពីនេះការវាយប្រហារសាយប័រក៏អាចស្ថិតនៅក្នុងសេណារីយ៉ូនេះផងដែរ។ ប៉ុន្តែវាមិនច្បាស់ថាតើការវាយប្រហារអាចនឹង បង្កផលវិបាកកម្រិតណាដល់របបដឹកនាំអ៉ីរ៉ង់ទេ? អ៉ីរ៉ង់ត្រូវបានរាយការណ៍ថាមានកងកម្លាំងសន្តិសុខរាប់សែននាក់។ ដូច្នេះការវាយប្រហារតែមួយលើក ទំនងជានឹងមិនអាចកែប្រែការគិតរបស់ របបដឹកនាំអ៉ីរ៉ង់អំពីការសម្លាប់ក្រុមបាតុករបានទេ។ យុទ្ធនាការជាប់លាប់មួយប្រឆាំងនឹងកងកម្លាំងសន្តិសុខអ៉ីរ៉ង់មើលទៅទំនងជាងគេ ប៉ុន្តែវាតម្រូវឱ្យមានការប្ដេជ្ញាចិត្តយ៉ាងជាប់លាប់ផងដែរ ខណៈ រដ្ឋបាល លោក ត្រាំមកទល់នឹងពេលនេះនៅតែមានការប្រុងប្រយ័ត្នច្រើននៅពេលនិយាយដល់ជម្រើសប្រើកម្លាំងយោធាប្រឆាំងអ៉ីរ៉ង់
៣. កំណត់គោលដៅលើសេដ្ឋកិច្ច៖ អំឡុងការប្រឈមមុខដាក់គ្នារវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលកាលពីឆ្នាំ២០២៥ មានការសង្ស័យជាច្រើនថាអ៉ីស្រាអែលអាចនឹងវាយប្រហារលើគោលដៅសេដ្ឋកិច្ចរបស់ អ៉ីរ៉ង់។ គោលដៅទាំងនោះរួមមានស្ថានីយ ឬកំពង់ផែនាំចេញប្រេង ដូចជាស្ថានីយ Kharg Island ក្នុងតំបន់ឈូងសមុទ្រពែក្ស ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធឧស្ម័នធម្មជាតិសំខាន់ៗផ្សេងទៀត របស់អ៉ីរ៉ង់។ ការធ្វើប្រតិបត្តិការរបៀបនេះអាចនឹងប្រថុយគ្រោះថ្នាក់ ឬធ្វើឱ្យរង្គោះរង្គើរដល់ទីផ្សារថាមពល។ តែវានឹងក្លាយជាការដាក់សម្ពាធមួយយ៉ាងខ្លាំងលើរដ្ឋាភិបាលតេហេរ៉ង់ដែលកំពុងប្រឈមមុខ នឹងវិបត្តិសេដ្ឋកិច្ចស្រាប់។
៤. សម្លាប់ ឬចាប់ខ្លួនមេដឹកនាំកំពូលអ៉ីរ៉ង់៖ ក្រុមបាតុករនៅអ៉ីរ៉ង់មួយចំនួន និងជាពិសេសនៅក្រៅស្រុក បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបើកការវាយប្រហារមួយដែលនាំទៅរកការបណ្ដេញ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ចេញពីអំណាច។ គេមិនទាន់ដឹងច្បាស់ថាការវាយប្រហាររបៀបនេះអាចនឹងកើតឡើងពិតមែនឬក៏យ៉ាងណាទេ? តែប្រសិនបើ វាកើតឡើងពិតមែន នោះស្ថានការណ៍នៅអ៉ីរ៉ង់ និងមជ្ឈិមបូព៌ានឹងប្រែប្រួលយ៉ាងខ្លាំង។ មេដឹកនាំកំពូលជាតំណែងខ្ពស់ជាងគេទាំងខាងនយោបាយ និងសាសនានៅអ៉ីរ៉ង់។ ចាប់តាំងពី សាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៩មក អ៉ីរ៉ង់មានមេដឹកនាំកំពូលតែ២នាក់គត់ គឺ Ruhollah Khomeini និង Ayatollah Ali Khamenei ហើយបច្ចុប្បន្នអ៉ីរ៉ង់ មិនទាន់មានការឯកភាពគ្នាកុងសង់ស៊ីសលើការតែងតាំងអ្នកបន្តវេនពីលោក Ali Khamenei បាននៅឡើយទេ។ បានន័យថាការទម្លាក់លោក Ali Khamenei ចេញពីអំណាចអាចនឹងបង្កទៅជា វិបត្តិគ្មានមេដឹកនាំមិនធ្លាប់មានដែលគេពិបាកនឹងព្យាករថាតើទៅមុខទៀតនឹងវារឿងអ្វីកើតឡើង?
៥. ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធការទូត៖ សហរដ្ឋអាមេរិកមានជម្រើសជាច្រើនផ្សេងទៀតក្រៅពីប្រើកម្លាំងបាយ នោះគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធការទូតបន្ថែម។ ទណ្ឌកម្ម និងសម្ពាធការទូតទំនងជានឹងមិនអាចផ្លាស់ប្ដូរទិសដៅនៃបាតុកម្មតវ៉ានោះទេ តែវាគឺជាការត្រៀមរៀបចំសម្រាប់ការធ្វើបាតុកម្មនៅជុំបន្ទាប់ និងធានាថាក្រុមបាតុករមានលទ្ធភាពដើម្បីធ្វើការសម្រេចចិត្ត ដោយខ្លួនឯងអំពីអនាគតរបស់អ៉ីរ៉ង់។
* តើអ៉ីរ៉ង់អាចនឹងធ្វើការឆ្លើយតបបែបណា?
វត្តមានរបស់នាវាផ្ទុកយន្ដហោះចម្បាំង USS Abraham Lincoln ឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ាក្បែរអ៉ីរ៉ង់បានបញ្ជូនសារ២ ទៅកាន់អ៉ីរ៉ង់។ ទីមួយ សហរដ្ឋអាមេរិកមានភាពងាយស្រួលជាងមុន នៅក្នុងការការពារខ្លួនប្រឆាំងនឹងការសងសឹកណាមួយពីអ៉ីរ៉ង់ផង ហើយក៏ងាយស្រួលក្នុងការដឹកនាំការវាយប្រហារតាមផ្លូវអាកាសផង។ មិនតែប៉ុណ្ណោះ វត្តមាន Abraham Lincoln ក៏ធ្វើឱ្យសហរដ្ឋអាមេរិកមានប្រៀបខាងសង្រ្គាមចិត្តសាស្ត្រផងដែរ។ ពីព្រោះវាបានធ្វើឱ្យអ៉ីរ៉ង់ដឹងច្បាស់ថាសកម្មភាពណាមួយដែលខ្លួនត្រូវធ្វើនៅក្នុងការឆ្លើយតប ឬសងសឹកទៅនឹងសហរដ្ឋអាមេរិក នឹងត្រូវប្រឈមមុខនឹងការសងសឹងវិញយ៉ាងចាស់ដៃពីយោធាអាមេរិក។ ក្នុងន័យនេះវត្តមានរបស់ Abraham Lincoln នឹងក្លាយជាការកំញើញមួយកុំឱ្យអ៉ីរ៉ង់ធ្វើសកម្មភាពដែលនាំទៅរកការបង្កើន ជម្លោះ។ អ៉ីរ៉ង់អាចនឹងធ្វើការឆ្លើយតបឱ្យសមាមាត្រគ្នាទៅនឹងសកម្មភាពណាមួយរបស់សហរដ្ឋអាមេរិក។ ជាឧទាហរណ៍៖ ប្រសិនបើសហរដ្ឋអាមេរិកបើកវាយប្រហារលើអ៉ីរ៉ង់ ត្រឹមតែជានិមិត្តរូប នោះអ៉ីរ៉ង់ទំនងជានឹងឆ្លើយតបទៅវិញដូចជានិមិត្តរូបដែរ។ ការវាយប្រហាររបស់អ៉ីរ៉ង់លើកងកម្លាំងអាមេរិកក្នុងប្រទេសកាតា កាលពីខែមិថុនា ឆ្នាំ២០២៥ អាចយកមកធ្វើជាឧទាហរណ៍បាន ហើយសេរីណារីយ៉ូបែបនេះនឹងទុកផ្លូវឱ្យភាគីទាំងសងខាងអះអាងពីជ័យជម្នះ និងបន្ធូរបន្ថយជម្លោះ។
ផ្ទុយទៅវិញ ពាក់ព័ន្ធនឹងជម្រើសវាយប្រហារលើមេដឹកនាំកំពូលអ៉ីរ៉ង់ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថាកាលពីដើមខែមករាថា «ការវាយប្រហារណាមួយលើមេដឹកនាំ ដ៏អស្ចារ្យរបស់យើង គឺប្រៀបបានទៅនឹងការប្រកាសសង្រ្គាមលើប្រជាជាតិអ៉ីរ៉ង់ទាំងមូល»។ ថាតើសេណារីយ៉ូនេះនឹងកើតឡើងយ៉ាងដូចម្ដេច គេមិនអាចព្យាករបានទេ ប៉ុន្តែសហរដ្ឋអាមេរិក ក្នុងពេលនេះ ហាក់ដូចជាបានត្រៀមលក្ខណៈបានយ៉ាងល្អប្រសើរដើម្បីឆ្លើយតបទៅនឹងសេណារីយ៉ូបែបនេះ៕






