FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំ យកចិត្តទុកដាក់ដល់ពលរដ្ឋ ដែលមានពិការភាព និងងាយរកហានិភ័យ

26-01-2026 18:14

(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានណែនាំអាជ្ញាធរឃុំ ត្រូវបង្កើនការយកចិត្តទុកដាក់ ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋ ដែលមានពិការភាព និងងាយរកហានិភ័យ។

ការណែនាំបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោក ថោ ជេដ្ឋា ប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង ទៅចែកជូនពេលពលរដ្ឋមានពិការភាព និងងាយរងហានិភ័យ នៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។

ទន្ទឹមនឹងនេះ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់លោក ថោ ជេដ្ឋា ព្រមទាំងសហការី ដែលបានឧបត្ថម្ភគាំទ្រ នូវគ្រឿងឧបភោគបរិភោគយ៉ាងច្រើន ដល់អាជ្ញាធរស្រុកស្ទោង សម្រាប់ចែកជូនបន្ត ដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនជនភៀសសឹក គ្រួសារវីរៈកងទ័ព ពលរដ្ឋងាយរងហានិភ័យ និងប្រជាពលរដ្ឋដែលមានពិការភាពកន្លងមក និងដូចក្នុងឱកាសនេះជាតឹកតាងស្រាប់។

ជាមួយគ្នានេះផងដែរ លោក សាយ គឹមឡម បានអំពាវនាវពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ថែរក្សាសុខភាពឱ្យបានខ្ជាប់ខ្ជួន ធ្វើលំហាត់ប្រាណ ឱ្យបានទៀងទាត់ ជាប្រចាំ ជាពិសេសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិមច្ឆជាតិ និងជៀសឱ្យផុតពីការនេសាទខុសច្បាប់គ្រប់រូបភាពទាំងអស់ ដើម្បីសុខសុវត្ថិភាព និងចាកឆ្ងាយពីទោសទ័ណ្ឌច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានអំណោយ នៅក្នុងឱកាសនេះ មានចំនួន២០គ្រួសារ ដែលក្នុង១គ្រួសារៗ ទទួលបាននូវអង្ករ១បេ, គ្រឿងឧបភោគបរិភោគ ព្រមទាំងសំលៀកបំពាក់មួយចំនួនផងដែរ ពិសេសមានការចែកអំណោយជាសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគ ដល់កុមារនៅក្នុងឃុំថែមទៀត៕