រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ ការបង្កើតមជ្ឈមណ្ឌលជាតិ គ្រប់គ្រងទិន្នន័យធនធានទឹក ជាការបោះជំហានដ៏សំខាន់មួយ របស់រាជរដ្ឋាភិបាល
26-01-2026 14:54
(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបង្កើនការយល់ដឹងអំពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ប្រព័ន្ធព័ត៌មានធនធានទឹក និងប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ នៅសាលប្រជុំ នៃសណ្ឋាគារសាន់&មូន រាជធានីភ្នំពេញ។
សិក្ខាសាលានេះ ដោយមានវត្តមានចូលរួមពីលោកស្រី Yasmin Siddiqi នាយិកាប្រតិបត្តិធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក លោកស្រី ជាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងនាយកដ្ឋានទាំងអស់ក្រោមឱវាទក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត សរុបប្រមាណ ១៥០នាក់។
ថ្លែងក្នុងឱកាសបើកសិក្ខាសាលា លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានឱ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក ជាការបោះជំហានដ៏សំខាន់មួយ របស់ក្រសួងធនធានទឹក និងឧតុនិយម និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដើរឱ្យទាន់នូវយុគសម័យរាជរដ្ឋាភិបាលឌីជីថល និងបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មានតួនាទីជាស្នាក់ការ កណ្តាលសម្រាប់បញ្ជា គ្រប់គ្រងរក្សាវិភាគ និងចែកចាយទិន្នន័យព័ត៌មាន ទាក់ទងនឹងធនធានទឹក ឧតុនិយម និងការស្រោចស្រព ព្រមទាំងចូលរួមចំណែកក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយគ្រោះមហន្តរាយពីធម្មជាតិប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិស្តីពីជលវិទ្យា ឧតុនិយម និងអាកាសធាតុ។
លោករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធទាំងនេះ នឹងរួមចំណែកក្នុងការពង្រឹងសមត្ថភាពស្ថាប័នជាតិ ក្នុងការគ្រប់គ្រងធនធានទឹក ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព។
សូមបញ្ជាក់ថា សិក្ខាសាលារយៈពេល៥ថ្ងៃ គឺថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ មានគោលបំណងដើម្បី៖
ទី១៖ ណែនាំនិងបង្កើនការយល់ដឹងពីមុខងារ និងការទទួលខុសត្រូវរបស់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធនទឹក
ទី២៖ បង្ហាញពីស្ថាបត្យកម្ម ប្រតិបត្តិការរបស់ប្រព័ន្ធព័ត៌មានធនធានទឹកនិងការអនុវត្តក្នុងវិស័យផ្សេងទៀត
ទី៣៖ ណែនាំពីប្រព័ន្ធគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងការកសាងសមត្ថភាពអ្នកចូលរួម ក្នុងការប្រើប្រាស់ឧបករណ៍ ប្រកបដោយប្រសិទ្ធភាពសម្រាប់ការបញ្ចូលទិន្នន័យ ការធ្វើបច្ចុប្បន្នភាព និងការរាយការណ៍អំពីហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ
និងទី៤៖ ការអនុវត្តប្រើប្រាស់ប្រព័ន្ធជាក់ស្តែង ដើម្បីឱ្យសិក្ខាកាមទាំងអស់មានទំនុកចិត្ត នៅក្នុងការប្រតិបត្តិការងារប្រចាំថ្ងៃ៕





























































