FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ផ្ញើលិខិតអបអរសាទរលោក តូ ឡឹម ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម

24-01-2026 19:25

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បាន​សម្តែង​ទឹកព្រះទ័យអបអរសាទរជូនចំពោះលោក តូ ឡឹម ត្រូវបានបោះឆ្នោត​ជ្រើសតាំង​ជា​អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងមហាសន្និបាតតំណាង​ទូទាំង​ប្រទេសលើកទី១៤របស់គណបក្សកុម្មុយនីស្តវៀតណាម។

ទឹកព្រះទ័យអបអរសាទររបស់ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរំលេចឡើងតាមរយៈលិខិតអបអរសាទរមួយច្បាប់ផ្ញើជូនលោក តូ ឡឹម នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ។

ក្នុងលិខិតអបអរសាទរនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានគូសរំលេចថា ការដែល​លោក តូ ឡឹម ​ទទួល​បាន​ទំនុកចិត្តជាថ្មីពីមហាសន្និបាតបក្សនាពេលនេះ គឺជាសក្ខីភាព​មួយយ៉ាងច្បាស់ឆ្លុះបញ្ចាំងពីសមត្ថភាពដឹកនាំដ៏ប៉ិន​ប្រសប់ ចក្ខុវិស័យវែងឆ្ងាយ និង​ការ​លះបង់ដ៏ខ្ពង់ខ្ពស់របស់លោក តូ ឡឹម ក្នុងការដឹកនាំប្រទេសវៀត​ណាម ឱ្យសម្រេច​បាន​នូវសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ជាពិសេសការរក្សានូវស្ថិរភាពនយោបាយ និង​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរីកចម្រើនខ្លាំងក្លា។

ក្នុងសារលិខិតនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បានបង្ហាញទឹកព្រះទ័យជឿជាក់​យ៉ាង​មុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម ចំណងមិត្តភាព​ជា​ប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងបក្ស និងប្រជាជ​ន​នៃប្រទេស​ទាំងពីរកម្ពុជា-វៀតណាម នឹងបន្តត្រូវបានពង្រឹង និងពង្រីកឱ្យកាន់​តែស៊ី​ជម្រៅ​ថែមទៀត ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងលើសកលលោក៕