សប្បុរសជនជាជនជាតិខ្មែរ និងបរទេសរួមគ្នានាំអំណោយ និងថវិកាប្រគល់ជូនវីរកងទ័ព និងវីរនគរបាលជួរមុខឈរជើងនៅទិសប្រាសាទតាក្របី ប្រាសាទតាមាន់
21-01-2026 08:05
(ឧត្តរមានជ័យ)៖ លោក ឈន លឹមហុង, Mr. Ratanaak Roth Oeurn Kent និងលោក Dr. Rajiv Raj Jagasia ជាម្ចាស់ជំនួយ (Founder of Diplomacy For Good Foundation) នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦នេះ បាននាំយកអំណោយរួមមាន៖ អង្ករចំនួន ២តោន មីជាតិចំនួន ៤០កេស ទឹកសុទ្ធ៣០០យួរ ទឹកត្រី ៤០យួរ ព្រមទាំងសម្ភារៈគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគល់ជូនដល់វីរកងទ័ព និងវីរនគរជួរមុខ ដែលកំពុងឈរជើងការពារទឹកដីនៅទិសប្រាសាទតាក្របី ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
ពិធីនេះមានការអញ្ជេីញចូលរួមដោយលោក ប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោង តំណាងលោកអភិបាលក្រុង ព្រមទាំងមន្រ្តីតំណាងមន្ទីរអប់រំយុវជន កីឡាខេត្តឧត្តរមានជ័យជាដើម។ ទីតាំងប្រគល់ទទួល នៅសួនច្បារវិមានឯករាជ្យខេត្តឧត្តរមានជ័យ។
ការនាំអំណោយនេះរបស់លោក ឈន លឹមហុង និងជនជាតិបរទេស ដើម្បីលើកទឹកចិត្ត និងការគោរពនូវគំរូវីរភាពរបស់វីរកងទ័ព និងវីរនគរបាលកម្ពុជា ដ៏អង់អាចក្លាហាន ហ៊ានបូជាជីវិតការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកកម្ពុជា។ សកម្មភាពនេះបានបង្ហាញនូវទឹកចិត្តដ៏ធំធេង ការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិ និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ៕








