FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន តាមមន្ទីរ-អង្គភាពជុំវិញខេត្ត

15-01-2026 12:16

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង ដោយមានសម្របសម្រួលជាមួយមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ បានរៀបចំពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានតាមមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយស្មារតីសហការយ៉ាងល្អប្រសើរ។

ពិធីនេះក៏មានការអញ្ចើញចូលរួមពីសំណាក់លោក លោកស្រី ដែលជាគណៈអភិបាលរងខេត្ត អភិបាល ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ និងអ្នកពាក់ព័ន្ធ ជុំវិញខេត្តជាច្រើនរូប។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចម្បង ដើម្បីសំណេះសំណាល និងបង្ហាញការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ចំពោះអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មាន ព្រមទាំងជូនពរ ក្នុងឱកាសចូលឆ្នាំសកល ឆ្នាំ២០២៦ និងសំដៅបន្ថែមក្នុងការពង្រឹងភាពស្និទ្ធស្នាល ការយោគយល់ និងការសហការជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងសារព័ត៌មាននៅក្នុងខេត្ត ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មានឱ្យបានត្រឹមត្រូវ រហ័ស និងមានគុណភាព។

អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីសារៈសំខាន់នៃតួនាទីអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ដែលជាដៃគូសំខាន់របស់រដ្ឋបាល ក្នុងការផ្សព្វផ្សាយព័ត៌មានអំពីសភាពការណ៍ទូទៅ ការអភិវឌ្ឍ សមិទ្ធផល និងទិសដៅការងាររបស់ខេត្ត ជូនដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

អភិបាលខេត្តស្ទឹងត្រែងក៏បានជំរុញឱ្យអ្នកសារព័ត៌មានទាំងអស់ បន្តអនុវត្តវិជ្ជាជីវៈដោយមានសីលធម៌ ភាពទទួលខុសត្រូវ និងការគោរពច្បាប់ ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល។

លើសពីនេះ លោកអភិបាលខេត្តក៏បានបង្ហាញ ទិដ្ឋភាពបច្ចុប្បន្ន ទីតាំងភូមិសាស្រ្ត សក្ដានុពល និងឱកាសអភិវឌ្ឍន៍ ព្រមទាំងការអនុវត្តគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនៅអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឱ្យអ្នកសារព័ត៌មានយល់ដឹងកាន់តែច្បាស់ និងអាចផ្សព្វផ្សាយព័ត៌មានបានស្របតាមទិសដៅរួម។

គួរបញ្ជាក់ផងដែរថា ពិធីសំណេះសំណាលដ៏មានអត្ថន័យនេះគឺជាលើកដំបូងហើយ ដែលរដ្ឋបាលខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានរៀបចំឱ្យមានការជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងគោលបំណងបង្កើតទំនាក់ទំនងល្អ ប្រកបដោយភាពជឿជាក់ និងសហការរយៈពេលវែង ដើម្បីរួមចំណែកអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕