លោក គង់ វិបុល និងទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ពិភាក្សាគ្នាអំពីការអនុវត្តគម្រោងគាំទ្រការងារកែទម្រង់ពន្ធដារ «Twinning» ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង
15-01-2026 11:59
(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក IGOR DRIESMANS ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានជួបពិភាក្សាអំពីការអនុវត្តគម្រោងគាំទ្រការងារកែទម្រង់ពន្ធដារ «Twinning» ក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាង រាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប (EU) ដើម្បីគាំទ្រកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដំណាក់កាលទី៤។
គម្រោង «Twinning» គឺជាគម្រោងនៃកិច្ចសហការបច្ចេកទេស និងលើកកម្ពស់សមត្ថភាពស្ថាប័ន សម្រាប់រយៈពេលមធ្យម និងវែង ដែលត្រូវបានអភិវឌ្ឍឡើងដោយសហភាពអឺរ៉ុប (EU) ដើម្បីគាំទ្រប្រទេសដៃគូក្នុងការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈ។ ជំនួបនេះ បានរៀបចំធ្វើឡើង នារសៀលថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានពន្ធដារ។
ការអនុវត្តគម្រោងនេះ គឺផ្អែកលើគោលការណ៍ «Peer-to-Peer Administrative Cooperation» ពោលគឺស្ថាប័នរដ្ឋបាលសាធារណៈរបស់ប្រទេសដៃគូ (Partner Countries) នឹងសហការជាមួយស្ថាប័នរដ្ឋបាលសាធារណៈរបស់ប្រទេសសមាជិកសហភាពអឺរ៉ុប (EU) តាមរយៈការផ្លាស់ប្តូរ ចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស។
ក្នុងជំនួបពិភាក្សានេះ លោក គង់ វិបុល បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប (EU) ដែលបាននិង កំពុងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ជាពិសេសការគាំទ្រផ្នែកបច្ចេកទេសតាមរយៈ ការអនុវត្តគម្រោង «Twinning» នៅអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួម ពីអគ្គនាយកដ្ឋានហិរញ្ញវត្ថុសាធារណៈ (General Directorate of Public Finance - DGFIP) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋបារាំង និងវិទ្យាស្ថានគ្រប់គ្រងសាធារណៈហ្វាំងឡង់ (HAUS) នៃសាធារណរដ្ឋហ្វាំងឡង់។
បន្ថែមពីនេះ លោករដ្ឋមន្រ្តីប្រតិភូ បានលើកឡើងអំពីកិច្ចការងារកែទម្រង់កន្លងមករបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីពង្រឹងការងារគ្រប់គ្រង និងប្រមូលចំណូលពន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព ដោយបន្តធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ បន្តអភិវឌ្ឍ មូលធនមនុស្សជាប់ជាប្រចាំ ក៏ដូចជាបង្កើនអនុលោមភាពសារពើពន្ធ តាមរយៈការផ្តល់សេវាប្រកបដោយគុណភាព ភាពច្បាស់លាស់ តម្លាភាព និងគណនេយ្យភាព ក្នុងគោលដៅលើកកម្ពស់វប្បធម៌បង់ពន្ធ និងលើកកម្ពស់ការប្រកួតប្រជែង ដោយស្មើភាពជូនវិស័យឯកជន៕










